ជាតិ
សិល្បះ
លោក ខៀវ បញ្ញាវឌ្ឍន៍ ជំរុញឱ្យកូនស្រីបញ្ជ្រាបសិល្បៈចាប៉ីដងវែង ចូលក្នុងត្រកូលអភិជន
19, Sep 2020 , 7:59 am        
រូបភាព
ដោយ៖ ប៉ូ សុភា 

មានវ័យ១១ឆ្នាំ កុមារី ខៀវ វិស្សុតវិជិតា កំពុងអភិវឌ្ឍន៍ខ្លួន នៅក្នុងសិល្បៈបុរាណតាមរយៈការលេងចាប៉ីដងវែង។ កុមារីរូបនេះ ធ្លាប់ចេញសម្ដែងចាប៉ី ជាមួយសិល្បករ និងចាស់ព្រឹទ្ធាចារ្យចាប៉ីដងវែងនៅក្នុងកម្មវិធីជាច្រើនរួចមកហើយ មិនថានៅលើឆាកឬនៅតាមវត្តអារ៉ាមនានាឡើយ។ វិស្សុតវិជ្តា ក៏ទទួលបានលើកទឹកចិត្តខ្ពស់ពីសំណាក់ឪពុក និងក្រុមគ្រួសារ ដែលជំរុញឱ្យនាងបញ្ជ្រាបសិល្បៈចាប៉ីដងវែង ចូលក្នុងត្រកូលអភិជនដែរ។


 
រយៈពេលជិត៤ខែហើយ ដែលកុមារី  ខៀវ វិស្សុតវិជិតា រៀនចាប៉ីដងវែងជាមួយសមាគមន៍ចាប៉ីអមតៈ។ អំឡុងពេលកំពុងហាត់រៀន កុមារីរូបនេះ ក៏បានចេញសម្ដែងនៅតាមកម្មវិធីនានា ជាមួយព្រឹទ្ធាចារ្យចាប៉ីដងវែងផងដែរ។
 
ក្នុងកម្មវីធីរំឭកគុណគ្រូ និងបង្សុកូលជូនព្រឹទ្ធាចារ្យចាប៉ីដងវែងគ្រប់ជំនាន់នៅវត្តនាគវ័ន្ត កាលពីថ្ងៃទី៣ កញ្ញា កុមារី វិស្សុតវិជិតា ក៏បានសម្ដែងចាប៉ីជាច្រើនបទ ដោយមានការច្រៀងអមពីសំណាក់កុមារដទៃទៀតផង។ ពលរដ្ឋដែលនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃគង់នៅវត្តនាគវ័ន្ត បានចោលភ្នែកមើលការសម្ដែងចាប៉ីរបស់កុមារី វិស្សុតវិជិតា គ្រប់គ្នា ដោយមិនអាចរំលងបានឡើយ។
 
ក្រោយសម្ដែងចប់ កុមារីវ័យ១១ឆ្នាំរូបនេះ ឆ្លៀតប្រាប់សារព័ត៌មានថ្មីៗថា រូបនាងមិនចង់ឱ្យសិល្បៈបុរាណខ្មែរ ដូចជាចាប៉ីដងវែងនេះ បាត់បង់ឡើយ។ ដោយសារចិត្តចង់អភិរក្សសិល្បៈចាប៉ីដងវែងនេះ ទើបកុមារីវិស្សុតវិជិតា ចូលរៀនចាប៉ីជាមួយសមាគមន៍ចាប៉ីអមតៈ ដោយមានការជួយជ្រោមជ្រែងពីឪពុកម្ដាយ។


 
« នាងខ្ញុំពិតជាស្រលាញ់ និងចង់ថែរក្សាចាប៉ីដងវែងរបស់ខ្មែរឱ្យនៅគង់វង្សតទៅ ដោយការលេងចាប៉ីដងវែងជាទម្រង់សិល្បៈមួយបែប ដែលអាចបញ្ជាក់ពីអត្តសញ្ញាណសិល្បៈបុរាណរបស់មនុស្សជាតិ ដែលបន្សល់ដោយបុព្វការីជនជំនាន់ដើម »។ នេះជាការលើកឡើងរបស់កុមារី វិស្សុតវិជិតា ដែលចង់ឃើញប្រជាជនខ្មែរ រួមគ្នាថែរក្សាអភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌បុរាណខ្មែរទាំងអស់គ្នា។
 
ដ្បិតទើបរៀន និងអនុវត្តចាប៉ីដងវែង ទើបតែបានរយៈពេលជិត៤ខែមែន ប៉ុន្តែសមត្ថភាពកុមារី វិស្សុតវិជិតា មានភាពលេចធ្លោជាងកុមារដទៃទៀត។ នេះជាការមើលឃើញរបស់លោក ពេជ សារ៉ាត ប្រធានសមាគមន៍ចាប៉ីអមតៈ។
 
លោក ពេជ សារ៉ាត លើកឡើកដូច្នេះថា៖ « កុមារី ខៀវ វិស្សុតវិជិតាជាក្មេងស្រីម្នាក់ដែលមានទេពកុសលខាងសិល្បៈចាប៉ីជាងក្មេងស្រីដទៃទៀត ដោយសារកុមារីនេះចូលរៀនជាមួយសមាគមន៍បានប្រមាណជាង៣ខែប៉ុណ្ណោះ នាងអាចចាប់ចាប៉ីលេងជាបទខ្លះតាមរៀមច្បងបាន »។
 
ដំបូងឡើងកុមារី វិស្សុតវិជិតា ចាប់យកជំនាញលេងតន្ត្រីផ្សេងៗ ដោយមិនទាន់ចាប់អារម្មណ៍លើចាប៉ីដងវែងឡើយ។ ប៉ុន្តែក្រោយពីលោក ខៀវ បញ្ញាវឌ្ឍន៍ ដែលជាឪពុកខ្លួន ទិញចាប៉ីដងវែងយកមកហាត់រៀននៅផ្ទះនោះ បានធ្វើឱ្យកុមារីវ័យ១១ឆ្នាំរូបនេះ ចាប់ផ្ដើមស្រលាញ់នឹងចូលចិត្តចាប៉ីដងវែងនេះតែម្ដង។
 
លោក ខៀវ បញ្ញាវឌ្ឍន៍ ដែលជាមន្ត្រីបម្រើការងារក្នុងក្រសួងពាណិជ្ជកម្ម ហើយក៏ជាអ្នកចូលចិត្តសិល្បៈចាប៉ីដងវែងផងនោះ មិនរារាំងបំណងកូនស្រីខ្លួនឡើយ។ មិនតែប៉ុណ្ណោះលោក ក៏លើកទឹកចិត្តកូនស្រី ខៀវ វិស្សុតវិជិតា ដែលមានទេពកោសល្យសិល្បៈនេះ ធ្វើយ៉ាងណាឱ្យក្លាយទៅជាធនធាន អ្នកលេងចាប៉ីដងវែងមួយរូប ដែលអាចយកចាប៉ីលេងគួបផ្សំជាមួយឧបករណ៍ភ្លេងដទៃទៀតបាន មិនថាក្រុមភ្លេងជាតិ និងភ្លេងអន្តជាតិ។


 
ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាអំឡុងកិច្ចប្រជុំនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា នេះ។ ឧបករណ៍ភ្លេងបុរាណខ្មែរមួយនេះ ស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបីដែលត្រូវការសង្គ្រោះបន្ទាន់។
 
ទោះជាចាប៉ីដងវែងបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិក្តី ក៏ប្រជាពលរដ្ឋខ្មែរភាគច្រើននូវមិនទាន់ឱ្យតម្លៃ និងនូវតែគិតថាចាប៉ីជាឧបករណ៍ភ្លេងសាមញ្ញក្នុងសង្គម។ ជាពិសេសគិតថា ការលេងចាប៉ីដងវែងគ្រាន់ជាអាជីពរបស់សិល្បៈករពិការ និងចាស់ៗមួយចំនួន ដើម្បីជួយជីវភាពតែប៉ុណ្ណោះ ។ សម្រាប់លោក ខៀវ បញ្ញាវឌ្ឍន៍ ការគិតបែបនេះ មិនត្រឹមត្រូវឡើយ។
 
ដោយមើលឃើញពីបញ្ហានេះ លោក ខៀវ បញ្ញាវឌ្ឍន៍ រឹតតែមានបំណងជំរុញឱ្យកូនស្រី ក្លាយជាអ្នកអភិរក្សសិល្បៈបុរាណ និងជួយបញ្ជ្រាបសិល្បៈប្រភេទនេះ ចូលទៅក្នុងជួរបញ្ញវន្ដ និងត្រកូលអភិជនទៀតផង។« ខ្ញុំមានបំណងបង្ហាត់បង្រៀនកូនស្រីធ្វើយ៉ាងណាអាចយកចាប៉ីដងវែង ដែលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះ ទៅលេងក្នុងជួរបញ្ញវន្ត ដែលស្ថិតក្នុងត្រកូលអភិជន និងអាចប្រគុំជាមួយនឹងក្រុមភ្លេងអន្តរជាតិបាន »។ នេះជាការបញ្ជាក់របស់អ្នកស្រលាញ់សិល្បៈចាប៉ីដងវែង។
 
ក្រៅពីចាប៉ីដងវែង កុមារី ខៀវ វិស្សុតវិជិតា ក៏មានទេពកុសល្យសិល្បៈ ដោយចេះលេងឧបករណ៍តន្ត្រីដូចជា ព្យាណូ ហ្គីតា រនាត និងឧបករណ៍មួយចំនួនទៀត។ នេះជាបញ្ជាក់របស់លោក ខៀវ បញ្ញាវឌ្ឍន៍ ដែលគិតទុកមុនថា កូនស្រីរបស់លោក អាចជាទំពាំងដែលមានសមត្ថភាពបញ្ជ្រាបសិល្បៈតន្ត្រីបុរាណនេះ ទៅគ្រប់ស្រទាប់វណ្ណៈ ឱ្យទទួលស្គាល់ពីតម្លៃរបស់ចាប៉ីដងវែងេរបស់ខ្មែរ។
 
« គ្រប់យ៉ាងកើតចេញពីយើងទាំងអស់គ្នា វប្បធម៌សិល្បៈដូនតារបស់យើងបើមិនជួយថែរក្សា មានជាតិសាសន៍ណាមកស្រលាញ់ ជួយថែរក្សាជំនួសយើងទេ ដូច្នេះខ្ញុំផ្តើមចេញពីខ្លួនឯងនឹងបន្តជំរុញទៅកូនស្រីរបស់ខ្ញុំ។ ចុះអ្នកវិញ »។ នេះជាការបញ្ជាក់របស់លោក ខៀវ បញ្ញាវឌ្ឍន៍៕


 

កុមារី ខៀវ វិស្សុតវិជិតា ដែលកំពុងហាត់រៀនចាប៉ីដងវែង


លោក ខៀវ បញ្ញាវឌ្ឍន៍ ជាឪពុករបស់កុមារី ខៀវ វិស្សុតវិជិ្ជតា


លោកពេជ សារ៉ាត ជាប្រធានសមាគមន៍ចាប៉ីអមតៈ


Tag:
 ចាប៉ីដងវែង
  តន្ត្រីបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com