ទីក្រុងហ្សាការតា ឥណ្ឌូណេស៊ី នៅថ្ងៃទី១៤ ខែកញ្ញា ត្រូវបានបិទជាលើកទីពីរ បន្ទាប់ពីករណីឆ្លងCOVID-19 បានកើនឡើងជាថ្មី។ ប៉ុន្តែការបិទក្រុងដែលមានរយៈពេល ២សប្តាហ៍នេះ គឺមានកម្រិតស្រាលជាង ការបិទក្រុងកាលពីលើកទី១ ដែលបានចាប់ផ្តើមកាលពីខែមេសាកន្លងទៅ។
ឥណ្ឌូណេស៊ី បានរាយការណ៍ថា មានករណីឆ្លងCOVID-19 កើនលើស ៣ពាន់ករណីក្នុងរយៈពេល ៦ថ្ងៃជាប់គ្នា។ នៅថ្ងៃទី១៣ ខែកញ្ញា ឥណ្ឌូណេស៊ីមានករណីឆ្លងចំនួន ៣៦៣៦ករណី និងអ្នកស្លាប់ចំនួន ៧៣នាក់។ ដើម្បីទប់ស្កាត់ការកើនឡើងករណីឆ្លងកូរ៉ូណាវីរុសថ្មីនេះ ឥណ្ឌូណេស៊ី ត្រូវតែរឹតត្បិតនៅក្នុងទីក្រុងជាលើកទី២។
បើតាមការប្រកាសរបស់អភិបាលក្រុងនៅថ្ងៃទី១៣ ខែកញ្ញាកន្លងទៅ ទីក្រុងហ្សាការតា ចាំបាច់ត្រូវតែដាក់ការរឹតត្បិត ដើម្បីទប់ស្កាត់ការកើនឡើងករណីឆ្លង។ ដោយមានការត្អូញត្អែរ និងពាក្យរិះគន់ជុំវិញការរឹតត្បិតកន្លងមក ដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចខ្លាំង ទីក្រុងហ្សាការតា បានសម្រេចបន្ធូរបន្ថយខ្លះ ក្នុងការរឹតត្បិតលើកទីពីរនេះ។
ការរឹតត្បិតក្នុងទីក្រុងហ្សាការតា ត្រូវបានធ្វើឡើងជាថ្មី ដោយចាប់ផ្តើមពីថ្ងៃទី១៤ ខែកញ្ញា និងមានរយៈពេលពីរសប្តាហ៍។ ប៉ុន្តែការរឹតត្បិតថ្មីនេះ គឺស្រាលជាងមុន បើធៀបនឹងការរឹតត្បិតក្នុងទីក្រុងកាលពីខែមេសាកន្លងទៅ។ តាមរយៈវិធានការថ្មី និងដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច ដែលកំពុងរងគ្រោះផងនោះ អាជ្ញាធរអនុញ្ញាតឲ្យក្រុមហ៊ុន ឬជំនួញ ដែលមិនសូវសំខាន់ ដំណើរការដដែល ប៉ុន្តែបុគ្គលិកចំនួន ២៥ភាគរយ ត្រូវធ្វើការពីផ្ទះ។
លើសពីនេះ ទីកន្លែងសាសនា ដែលស្ថិតនៅក្នុងតំបន់មានកម្រិតគ្រោះថ្នាក់ទាប អាចបើកដំណើរការបានប៉ុន្តែអនុញ្ញាតឲ្យមនុស្សចូលរួមតែ ៥០ភាគរយប៉ុណ្ណោះ ស្របពេលផ្សារទំនើប ផ្សារលក់ទំនិញ អាចបន្តបើកដដែល ដោយគោរពតាមវិធានសុខាភិបាល។ ចំណែករថយន្តតាក់ស៊ី ក៏អាចបន្តដឹកភ្ញៀវបានដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានStraits Times។
ដោយឡែកអាហារដ្ឋាន នៅតែមិនអនុញ្ញាតឲ្យភ្ញៀវបរិភោគនៅក្នុងហាងឡើយ ខណៈរោងភាពយន្តនៅតែបន្តបិទដដែល។ ពិធីរៀបការតូចៗ ដែលមានមនុស្សចូលរួមតិច ត្រូវអនុញ្ញាត។ សាលារៀន កន្លែងលេងកីឡា កន្លែងកម្សាន្ត ក៏បិទ។ រីឯសេវាដឹកជញ្ជូនសាធារណអាចបើកបាន ប៉ុន្តែតម្រូវឲ្យដឹកមនុស្សតែ ៥០ភាគរយប៉ុណ្ណោះ។
តាមពិតទៅ ការកើនឡើងករណីឆ្លងCOVID-19 តំបន់នានានៅឥណ្ឌូណេស៊ី ក៏ដូចជាក្នុងទីក្រុងហ្សាការតា គឺដោយសារមិនមានការចូលរួមពីប្រជាជន ដូចជាការមិនពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាពជាដើម។ សម្រាប់ប្រជាជនរស់នៅក្នុងទីក្រុងហ្សាការតា អ្នកដែលមិនពាក់ម៉ាស់ នឹងរងពិន័យប្រមាណ ១៦ដុល្លារ ហើយនឹងត្រូវពិន័យទ្វេដង ប្រសិនបើនៅតែប្រព្រឹត្តកំហុសដដែលៗ។ បន្ថែមពីលើនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានព្រមានពីការប្រើប្រាស់កម្លាំងទ័ពនិងប៉ូលិសដើម្បីបង្ខំប្រជាជនឲ្យគោរពផងដែរ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៤ ខែមិថុនាកន្លងមក ទីក្រុងហ្សាការតា បានបន្ធូរបន្ថយការរឹតត្បិតម្តងហើយ បន្ទាប់ពីករណីឆ្លងធ្លាក់ចុះ និងដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចក្នុងទីក្រុង។ ករណីសរុបCOVID-19 របស់ឥណ្ឌូណេស៊ី មានចំនួន ២១៨៣៨២ករណី និងអ្នកស្លាប់ ៨៧២៣នាក់។ ខណៈអ្នកជាសះស្បើយមានចំនួន ១៥៥០១០៕