កីឡាជាតិ
ជាតិ
កញ្ញា ហែមថុន វិទិនី ចាត់ទុកកីឡាហែលទឹកជាថ្នាំពេទ្យទីពីរ ក្នុងការជួយកាត់បន្ថយជំងឺ
18, Sep 2020 , 4:24 pm        
រូបភាព
កញ្ញា ហែមថុន វិទីនី ពេលចូលរួមក្នុងកម្មវិធីជួបសំណេះសំណាលជាមួយសម្តេច ហ៊ុន សែន កាលពីពេលកន្លងទៅ
កញ្ញា ហែមថុន វិទីនី ពេលចូលរួមក្នុងកម្មវិធីជួបសំណេះសំណាលជាមួយសម្តេច ហ៊ុន សែន កាលពីពេលកន្លងទៅ
ដោយ:
កីឡាហែលទឹកជាលំហាត់ប្រាណមួយ ដែលផ្តល់អត្ថប្រយោជន៍ខ្ពស់សម្រាប់សុខភាព និងសម្រស់ ដូចកីឡាលើគោកមួយចំនួនដែរ។ មិនត្រឹមតែធ្វើឲ្យរាងកាយមានភាពរឹងមាំ និងអាចគ្រប់គ្រងទម្ងន់បានល្អនោះទេ កីឡាហែលទឹក ត្រូវបានគេប្រើប្រាស់ក្នុងការព្យាបាលជំងឺមួយចំនួនពាក់ព័ន្ធសាច់ដុំ សរសៃ និងសន្លាក់។ អតីតកីឡាការិនីហែលទឹក ហែមថុន វិទិនី បានចាត់ទុកកីឡាហែលទឹកប្រៀបបានថ្នាំពេទ្យទីពីរ បន្ទាប់ពីថ្នាំពេទ្យដែលយើងលេប ដើម្បីព្យាបាលជំងឺ។

   
 
កញ្ញា ហែមថុន វិទិនី អតីតកីឡាការិនីហែលទឹកជម្រើសជាតិ បានបង្ហាញពីអត្ថប្រយោជន៍របស់កីឡាហែលទឹកចំពោះសុខភាព និងសម្រស់។ សម្រាប់ នាង កីឡានេះមិនត្រឹមតែធ្វើឲ្យមនុស្សមានសុខភាពល្អ រាងកាយមាំមួន និងស្មារតីរហ័សរហួនប៉ុណ្ណោះទេ ថែមទាំងមានរាងស្រឡូនស្អាត និងជួយកាត់បន្ថយកាល់ឡូរី និងភាពតានតឹងទៀតផង។


 
ទោះបីគ្មានឯកសារជាក់លាក់បង្ហាញពីអត្ថប្រយោជន៍របស់កីឡាហែលទឹកអាចព្យាបាលជំងឺអ្វីខ្លះក៏ដោយ តែយើងសង្កេតឃើញថា កីឡានេះត្រូវបានវេជ្ជបណ្ឌិតជំនាញមួយចំនួន ណែនាំឲ្យអ្នកជំងឺដែលមានបញ្ហាសរសៃ សន្លាក់ និងសាច់ដុំជាដើម ប្រើប្រាស់ ដើម្បីរួមចំណែកជាមួយថ្នាំពេទ្យក្នុងកាព្យាបាលជំងឺរបស់ពួកគេ។ 
 
ជាមួយគ្នានេះ កញ្ញា ហែមថុន វិទិនី ដែលមានបទពិសោធជាមួយកីឡាហែលទឹកជាង២០ឆ្នាំ បានចាត់ទុកកីឡានេះ ជាថ្នាំពេទ្យទីពីរ។ នាង បានបញ្ជាក់ដូច្នេះថា៖«កីឡាហែលទឹកជាថ្នាំពេទ្យទីពីរសម្រាប់មនុស្សយើង បន្ទាប់ពីថ្នាំពេទ្យ ដែលយើងប្រើជំនួយ(ក្នុងការព្យាបាលជំងឺ) គេចូលចិត្តយកកីឡាមួយនេះក្នុងការព្យាបាលសន្លាក់ឆ្អឹង អ្នកកើតហឹត ក៏ត្រូវជាមួយទឹក អ្នកកើតទាចទឹក ក៏ត្រូវការហាត់ជាមួយទឹក ដើម្បីសម្រួលចលនា ដែលគាត់ឈឺ ឲ្យត្រឡប់មកធម្មតាវិញ»។  
 
លើសពីនេះ កីឡាហែលទឹក ត្រូវបានគេចាត់ទុកជាកីឡាសង្គ្រោះអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រសិនបើមានករណីលង់ទឹក ឬមានឧបទ្ទហេតុពេលធ្វើដំណើរតាមផ្លូវទឹក។ នេះបើតាមការបញ្ជាក់របស់អតីតកីឡាការិនីវ័យ២៧ឆ្នាំខាងលើ។  
 
នាង បានបន្ថែមថា៖«វាជាធម្មតាសម្រាប់កីឡាករ មុនចូលក្នុងកីឡាអ្វីមួយ យើងត្រូវដឹងថា យើងត្រូវចំណាយពេល លះបង់ និងប្រឈមបញ្ហាអ្វីខ្លះ។ សម្រាប់ការហែលទឹកវាផ្តល់ផលប៉ះពាល់តិចតួចបំផុត ហើយសម្រាប់រូបរាង ខ្ញុំគិតថា វាមិនជាអាក្រក់នោះទេ សម្រាប់ស្ត្រីយើង ដែលមានស្មាបើក ព្រោះហែលទឹកជាសាច់ដុំទន់ មិនដូចសាច់ដុំអ្នកលើកដុំដែកនោះទេ វាគ្រាន់តែជាផ្នែកមួយធ្វើឲ្យស្ត្រីមើលទៅមានរាងកាយរឹងមាំ និងមានរាងស្រឡូនស្អាត»។
 
បើតាមការចុះផ្សាយរបស់សារព័ត៌មានសុខភាព(health.com.kh)កីឡាហែលទឹកបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះរាងកាយនិងសុខភាព ដូចជាជួយសម្រកទម្ងន់តាមការរយៈការកាត់បន្ថយជាតិខ្លាញ់ និងកាឡូរី, កាត់បន្ថយស្ត្រេស, ធ្វើឲ្យគេងលក់ស្រួល, ជួយបង្កើននិងពង្រឹងដល់សាច់ដុំរាងកាយ និងជាកីឡាដែលមានផល់ប៉ះពាល់តិចតួចបំផុត។
 
លើសពីនេះ វាកាត់បន្ថយការប្រឈមនឹងជំងឺផ្សេងៗរួមមានជួយសម្រួលកម្រិតកូឡេស្តេរ៉ុលក្នុងឈាម បន្ថយជាតិស្ករក្នុងឈាម និងបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាម។ ជាពិសេសអ្នកហែលទឹកអាចជៀសផុតពីជំងឺបេះដូង ឡើងសម្ពាធក្នុងឈាម ទឹកនោមផ្អែម និងដាល់សរសៃឈាមក្នុងខួរក្បាលជាដើម។ 
 
កញ្ញា វិទិនី បានចូលប្រឡូកក្នុងវិស័យកីឡាហែលទឹកតាំងវ័យ៥ឆ្នាំ និងបានក្លាយជាសមាជិកក្រុមជម្រើសជាតិនៅឆ្នាំ២០០៣។ ក្រោយប្រឡូកក្នុងវិស័យនេះជាង១០ឆ្នាំ នាង ធ្លាប់ដណ្តើមបានមេដាយមាសថ្នាក់ជាតិជាច្រើន និងអាចកំណត់ត្រាកីឡាករជើងចាស់ឆ្នើមៗកម្ពុជាទាំងអស់។ ហើយមកទល់បច្ចុប្បន្នពុំទាន់មានកីឡាការិនីកម្ពុជាណាម្នាក់អាចបំបែកកំណត់ត្រាបាននៅឡើយទេ។ កំណត់ត្រាខ្ពស់បំផុតលើវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្ររបស់ វិទិនី គឺ ២៩.៣៧វិនាទី។ 
 
គ្រូអប់រំកាយនិងកីឡារូបនេះ ត្រូវបានសហព័ន្ធខ្មែរកីឡាហែលទឹកបញ្ជូនទៅចូលរួមការប្រកួតនៅលើឆាកអន្តរជាតិជាបន្តបន្ទាប់។ ការចូលរួមប្រកួតអន្តរជាតិខ្ពស់បំផុតរបស់ នាង គឺការប្រកួតកីឡាអូឡាំពិកនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល កាលពីឆ្នាំ២០១៦។ ប៉ុន្តែយើងសង្កេតកីឡាការិនីរូបនេះ ពុំទាន់ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់នៅលើឆាកអន្តរជាតិនោះទេ ពោលគឺបានត្រឹមអាចបំបែកកំណត់ត្រារបស់ខ្លួន និងកីឡាករជើងចាស់ឆ្នើមៗនាទស្សវត្សរ៍៦០តែប៉ុណ្ណោះ។ 
 
គួរឲ្យសោកស្តាយ ដោយសារមានបញ្ហាក្រមុះបានបង្ខំឲ្យកីឡាការិនីមានរូបសម្រស់ស្រស់ស្អាតមិនចាញ់តារារូបនេះ បង្ខំចិត្តចូលនិវត្តន៍ពីអាជីពជាកីឡាការិនីនៅត្រឹមវ័យ២៦ឆ្នាំកាលពីដើមឆ្នាំ២០១៩។ កីឡាការិនីសម្បុរសរូបនេះអះអាងថាខ្លួនមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះការបញ្ចប់អាជីពទាំងពាក់កណ្តាលទី ទាំងមិនអាចសម្រេចគោលបំណងធំរបស់ខ្លួន ដែលចង់យកមេដាយលើឆាកអន្តរជាតិជូនជាតិមាតុភូមិ។  
 
តែយ៉ាងណា រូបគេរំពឹងថា កីឡាការិនីជំនាន់ក្រោយនឹងអាចស្នងតំណែងរបស់នាង ខណៈបច្ចុប្បន្ន នាង អះអាងថា ខ្លួនសង្កេតឃើញមានកីឡាការិនីវ័យក្មេងជាច្រើនរូប ដែលអាចមានសក្តានុពលក្នុងការបំបែកកំណត់ត្រាខ្លួន និងអាចដណ្តើមយកមេដាយជូនជាតិ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣៕  
 
  
 
 
 

Tag:
 ហែលទឹក
  ហែមថុន វិទិនី
© រក្សាសិទ្ធិដោយ thmeythmey.com