កីឡាអន្តរជាតិ
អន្តរជាតិ
Alvaro ថា មិនបាន​រើសអើង​ពូជសាសន៍​អ្វី​ទេ និង​ផ្តាំ Neymar ឲ្យ​រៀន​ពី​បរាជ័យ​ផង​
14, Sep 2020 , 10:19 pm        
រូបភាព
Alvaro Gonzalez ខ្សែការពារ​ក្រុម Marseille បាន​ឆ្លើយតប​ភ្លាមៗ​ទៅកាន់ Neymar ថា ខ្លួន​មិនបាន​រើសអើង​ពូជសាសន៍​ដូច​ការ​ចោទ​របស់​ខ្សែបម្រើ​ក្រុម Paris Saint-Germain រូបនេះ​ឡើយ​។ Gonzalez ថែមទាំង​ប្រាប់ Neymar ឲ្យ​រៀន​ស្គាល់​ពី​បរាជ័យ​ទៀតផង​។​


​ខ្សែការពារ​សញ្ជាតិ​អេ​ស្ប៉ា​ញ Alvaro Gonzalez តាមរយៈ​បណ្តាញ​សង្គម Twitter ផ្ទាល់​របស់ខ្លួន​បាន​សរសេរ​បដិសេធ​ការចោទប្រកាន់​របស់ Neymar ជុំវិញ​ការរើសអើង​ជាតិ​សាសន៍ ដោយ​ចាត់ទុកជា​រឿង​មិន​ពិត​។ Gonzalez បន្ថែមថា ខ្លួន​គ្មាន​កន្លែង​ណា​សម្រាប់​ដាក់​ការរើសអើង​នោះទេ​។​

 
​តារា​ឆ្នើម Neymar ស្ថិតក្នុង​ចំណោម​កីឡាករ​៣​នាក់​របស់ PSG ដែល​ទទួលបាន​កាត​ក្រហម​ក្នុងជំនួប Le Classique ដែល​បញ្ចប់ទៅ​យ៉ាង​ច្របូកច្របល់​ក្នុង​កីឡដ្ឋាន Parc des Princes នៅ​យប់​ថ្ងៃទី​១៣ ខែកញ្ញា​។ Marseille ដែល​ទទួលបាន​ជ័យជម្នះ ១-០ ក៏មាន​កីឡាករ​២​នាក់ ត្រូវ​បណ្តេញចេញ នៅ​ចុង​ម៉ោង​ផងដែរ​។ អតីត​សមាជិក Barcelona ត្រូវ​បណ្តេញចេញ ក្រោយ​អាជ្ញាកណ្តាល​ពិនិត្យមើល VAR ឃើញថា រូបគេ​បាន​យកដៃ​វាយ​ក្បាល Gonzalez ពីក្រោយ​អំឡុង​មាន​ជម្លោះ​រវាង​ក្រុម​ទាំងពីរ​។​
 
​ក្រោយមក​តារា​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ចោទ Gonzalez ថា​បានបង្ហាញ​ការរើសអើង​ជាតិ​សាសន៍​លើ​ខ្លួន និង​ថែមទាំង​សរសេរ​សារ​លើ Twitter ថា​រូបគេ​ស្តាយ​ណាស់​ដែល​មិនបាន​ដាល់​មុខ Gonzalez ទៀតផង​។​
 
​យ៉ាងណាក៏ដោយ ខ្សែការពារ​ក្រុម Marseille វ័យ​៣០​ឆ្នាំ​រូបនេះ បាន​ច្រានចោល​ការចោទប្រកាន់​នេះ​។ កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ថែមទាំង​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន ដោយ​រៀបរាប់​ពី​ការប្រព្រឹត្តិ​ល្អជា​មួយក្រុម​ការងារ និង​កីឡាករ​ក្នុង​ក្រុម​របស់ខ្លួន​។​
 
​មិន​ត្រឹមតែ​បដិសេធ​ប៉ុណ្ណោះ​ទេ Gonzalez ឆ្លៀត​បញ្ចើចបញ្ចើរ​ទៅ Neymar ឲ្យ​ចេះ​ទទួលស្គាល់​បរាជ័យ​ទៀតផង​។ «​ពេលខ្លះ​អ្នក​ត្រូវ​រៀន​ពី​ការ​ចាញ់ និង​ទទួលយក​វា​នៅលើ​ទីលាន​»​។ នេះ​ជាការ​បន្ថែម​របស់ Alvaro Gonzalez​។​
 
​នេះ​ជា​បរាជ័យ​លើក​ទី​ពីរ​របស់​ក្រុម​ម្ចាស់​ការពារ​ជើងឯក Ligue 1 សម្រាប់​រដូវ​កាល​ថ្មី ២០២០-២១ នេះ ខណៈ Marseille រកបាន​៦​ពិន្ទុ​ពេញ​ពី​ការប្រកួត​២​លើក​ដូចគ្នា​៕

Tag:
 Alvaro Gonzalez
  Neymar
© រក្សាសិទ្ធិដោយ thmeythmey.com