COVID-19
ជាតិ
កងទ័ពមួកខៀវកម្ពុជា១៣៩នាក់ ត្រឡប់មកពីម៉ាលី កងទ័ពមួកខៀវកម្ពុជា ត្រឡប់មកពីប្រទេសម៉ាលីមកដល់កម្ពុជាកាលពីយប់ថ្ងៃទី១៣កញ្ញា ២០២០។ (រូបពីទំព័រហ្វេសប៊ុករបស់ ព័ត៌មានកងកម្លាំងរក្សាសន្តិភាព)
× ភ្នំពេញ៖ កងទ័ពមួកខៀវកម្ពុជា១៣៩នាក់ ក្នុងនោះមានស្រី១១នាក់ បានមកដល់កម្ពុជាវិញ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីបញ្ចប់បេសកកម្មរយៈពេលមួយឆ្នាំ ក្នុងការរក្សាសន្តិភាពនៅប្រទេសម៉ាលី ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
លោកស្រី កុសល ម៉ាលីនដា ជាអ្នកនាំពាក្យនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៤កញ្ញានេះថា កងទ័ពមួកខៀវទាំង១៣៩នាក់ ត្រូវធ្វើតេស្តរកកូវីដ-១៩ភ្លាមៗ បន្ទាប់ពីចុះពីលើយន្តហោះ ហើយត្រូវបានបញ្ជូនទៅដាក់ចត្តាឡីស័ក។ លោកស្រី បន្តថា ក្នុងចំណោមទ័ពមួកខៀវទាំង១៣៩នាក់នោះ ៤៥នាក់ ត្រូវបានដាក់ចត្តាឡីស័កនៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព បណ្តុះបណ្តាលបោសសំអាតមីន និង កាកសំណល់សង្គ្រាម ក្នុងស្រុកឧដុង្គ និង៩៤នាក់ នៅសាលាហ្វឹកហ្វឺនកងកម្លាំងពហុសាន៍ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកស្រី បញ្ជាក់ថា៖«មកដល់ពេល យើងមិនទាន់ទទួលព័ត៌មានថាមាននរណាម្នាក់មានជំងឺកូវីដ-១៩ទេ ប៉ុន្តែនឹងតាមដាននិងធ្វើចត្តាឡី១៤ថ្ងៃដដែល ដើម្បីសុវត្ថិភាព»។
កាលពីថ្ងៃទី១១ ខែកញ្ញានេះ មានកងទ័ពមួកខៀវកម្ពុជា២១៨នាក់ ត្រូវបានបញ្ជូនទៅប្រទេសម៉ាលី ដើម្បីរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ អ្នកនាំពាក្យនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងសន្តិភាព អះអាងថា កងទ័ពដែលបញ្ជូនទៅ គឺសុទ្ធតែបានពិនិត្យសុខភាពនិងហ្វឹកហាត់វិធានការពារកូវីដ-១៩ទាំងអស់៕
Tag:
កងទ័ពមួយខៀវ
ចត្តាឡីស័ក
© រក្សាសិទ្ធិដោយ thmeythmey.com