អន្តរជាតិ
នយោបាយអន្តរជាតិ
មហាសេដ្ឋី ប្លុមប៊ើគ បរិច្ចាគលុយ១០០លានដុល្លារឲ្យលោក បៃឌិន ធ្វើយុទ្ធនាការបោះឆ្នោត លោក ម៉ៃឃើល ប្លុមប៊ើគ (ឆ្វេង) ថតជាមួយលោក ចូ បៃឌិន នៅការតស៊ូមតិបឋមក្នុងចំណោមបក្សប្រជាធិបតេយ្យក្នុងឆ្នាំ២០២០ (AFP)
× មហាសេដ្ឋីអាមេរិក លោក ម៉ៃឃើល ប្លុមប៊ើគ បានសន្យាផ្ដល់លុយយ៉ាងតិច ១០០លានដុល្លារឲ្យបេក្ខជនប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោក ចូ បៃឌិន ដើម្បីធ្វើយុទ្ធនាការរកសំឡេងឆ្នោត ក្នុងរដ្ឋ Florida ។ រដ្ឋភាគខាងអាគ្នេយ៍សហរដ្ឋអាមេរិកនេះ គឺជាសមរភូមិនយោបាយក្តៅគគុកមួយដែលមានចំណែកធំក្នុងការជួយឲ្យអ្នកឈ្នះរដ្ឋនេះអាចឈោងចាប់តំណែងប្រធានាធិបតីអាមេរិកបាន។
ក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters លោក Kevin Sheekey ទីប្រឹក្សាម្នាក់របស់ ប្លុមប៊ើគ បានអះអាងដូច្នេះថា៖«លោក ម៉ៃឃើល ប្លុមប៊ើគ តាំងចិត្តមុតមាំក្នុងការជួយ [លោក បៃឌិន] បង្ក្រាបលោក ត្រាំ ហើយនេះ នឹងកើតឡើងក្នុងរដ្ឋដែលជាសមរភូមិនយោបាយមួយនេះ»។ ត្រង់នេះ លោកចង់សំដៅលើរដ្ឋ Florida ។
បើតាមលោក Sheekey ការផ្ដល់ប្រាក់១០០លានដុល្លារសម្រាប់ផ្គត់ផ្គង់យុទ្ធនាការបោះឆ្នោតនៅរដ្ឋ Florida នេះ នឹងជួយឲ្យក្រុមធ្វើយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក បៃឌិន អាចមានលទ្ធផលប្រើលុយកាន់តែច្រើនថែមទៀតក្នុងរដ្ឋសំខាន់ៗដទៃ ដូចជា រដ្ឋ Pennsylvania ជាដើម ដែលដើរតួសំខាន់សម្រាប់ជោគជ័យរបស់លោក បៃឌិន ក្នុងដំណើរទៅកាន់សេតវិមាន។
ទោះបីមុនការជួយឧបត្ថម្ភរបស់លោក ប្លុមប៊ើគ ក្រុមធ្វើយុទ្ធនាការបោះឆ្នោតទាំងបក្សសាធារណរដ្ឋនិងបក្សប្រជាធិបតេយ្យ បានរំពឹងទុកថា រដ្ឋ Florida នេះ គឺជារដ្ឋដែលត្រូវចំណាយលុយច្រើនសន្ធឹកសន្ធាប់បំផុតសម្រាប់ការធ្វើយុទ្ធនាការរកសំឡេងឆ្នោត។
រដ្ឋដែលមានប្រជាជនរស់នៅជាង២១លាននាក់នេះ នឹងក្លាយជាកន្លែងប្រជែងដ៏ស្វិតស្វាញចំណោមរដ្ឋសំខាន់ៗដទៃទៀតក្នុងថ្ងៃបោះឆ្នោត ពោលគឺរដ្ឋនេះ មានប្រតិភូរហូតដល់ ២៧នាក់ឯណោះ ដែលចំនួននេះ ពិតជាសំខាន់សម្រាប់បេក្ខជនប្រធានាធិបតីអាមេរិក ក្នុងការប្រមូលសំឡេងប្រតិភូឲ្យ ២៧០នាក់ដើម្បីឈ្នះ។
ទាក់ទិននឹងដំណឹងនេះ លោក ដូណាល់ ត្រាំ បានប្រើបណ្ដាញសង្គម Twitter រិះគន់លោកមហាសេដ្ឋី ប្លុមប៊ើគ ដែលបានចាយលុយ១ពាន់លានដុល្លាររួចហើយសម្រាប់ឈោងចាប់តំណែងបេក្ខជនប្រធានាធិបតីក្នុងចំណោមបេក្ខជនបក្សប្រជាធិបតេយ្យ តែក៏បរាជ័យ។ ក្នុងន័យបែបចំអក លោកបញ្ជាក់ថា លោក ប្លុមប៊ើគ បានបញ្ចប់ការធ្វើនយោបាយជាមួយបក្សប្រជាធិបតេយ្យហើយ ក្រោយចាយលុយជិត២ពាន់លានដុល្លារ ។
ក្រុមធ្វើយុទ្ធនាការបោះឆ្នោតលោកត្រាំ កាលពីសប្តាហ៍មុន បានបញ្ជាក់ថា ពួកគេរៃអង្គាសបានលុយសរុប ២១០លានដុល្លារក្នុងខែសីហា ។ ចំនួននេះ គឺទាបឆ្ងាយពីក្រុមរបស់លោក បៃឌិន ដែលរកបាន ៣៦៤,៥លានដុល្លារសម្រាប់ខែសីហាដូចគ្នា ។
យ៉ាងណាមិញ ប្រធានាធិបតី ត្រាំ បានប្រាប់អ្នកកាសែតកាលពីសប្ដាហ៍មុនថា លោកនឹងចំណាយលុយផ្ទៃខ្លួនផ្គត់ផ្គង់ការធ្វើយុទ្ធនាការនេះ ប្រសិនបើចាំបាច់។ កាលពីការបោះឆ្នោតឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ យកជ័យជម្នះក្នុងរដ្ឋ Florida៕
Tag:
សហរដ្ឋអាមេរិក
ការបោះឆ្នោតអាមេរិក
Michael Bloomberg
© រក្សាសិទ្ធិដោយ thmeythmey.com