COVID-19
ជាតិ
សង្គមជាតិ
ក្រសួង​ការងារ អនុញ្ញាត​ឲ្យ​បើក​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឡើងវិញ នៅ​ថ្ងៃទី​២១​កញ្ញា​
14, Sep 2020 , 11:19 pm        
រូបភាព
​សកម្មភាពនិស្សិត​រៀនជំនាញ​​ផ្នែកមេកានិច​កំពុងតែ​ប្រើប្រាស់ឧបករណ៍ មុន​ដែល​មិនទាន់​មានជំងឺកូវីដ-១៩​
​សកម្មភាពនិស្សិត​រៀនជំនាញ​​ផ្នែកមេកានិច​កំពុងតែ​ប្រើប្រាស់ឧបករណ៍ មុន​ដែល​មិនទាន់​មានជំងឺកូវីដ-១៩​
ដោយ:
​​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានអនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង វិជ្ជាជីវៈ បើក​ដំណើរការ​ឡើងវិញ ចាប់ពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០​ទៅ ដោយ​ត្រូវគោរព​តាម​លក្ខខណ្ឌ​ស្តង់ដា​ធានា​សុវត្ថិភាព​ខ្ពស់​នៃ​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។

 
​តាមរយៈ​សេចក្តីណែនាំ នៅ​ថ្ងៃទី​១៤ ខែកញ្ញា​នេះ ក្រសួង​ការងារ បាន​បញ្ជាក់ថា មុននឹង​អាច​ឲ្យ​គ្រឹះស្ថាន​អប់រំ​នីមួយៗ ទទួល​ការបណ្តុះបណ្តាល​លើ​ជំនាញ វិជ្ជាជីវៈ​ដល់​និស្សិត​បាន គឺ​តម្រូវ​ឲ្យ​បោសសម្អាត​អនាម័យ​តាម​បន្ទប់រៀន សាលប្រជុំ បណ្ណាល័យ អន្តេវាសិកដ្ឋាន រោង​ជាង បន្ទប់ពិសោធន៍ អាហា​រដ្ឋា​ន បង្គន់​អនាម័យ សួន​កម្សាន្ត ទីលានកីឡា សម្ភារ​ប្រើប្រាស់ និង ទុកដាក់​សំរាម​ឲ្យ​មាន​សណ្តាប់ធ្នាប់ រួមទាំង​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​បរិវេណ​សាលា​ផងដែរ​។ 
 
​ក្រសួង​ការងារ ណែនាំ​បន្តថា គ្រឹះស្ថាន​អប់រំ ត្រូវ​រៀបចំ​កៅអីអង្គុយ​ឲ្យ​មាន​គម្លាត​ពីគ្នា​យ៉ាងតិច ១,៥​ម៉ែត្រ ត្រូវដាក់​និស្សិត​ឲ្យ​ត្រូវ​តាម​ទំហំ​បន្ទប់ ហើយ​នៅពេល​ចូលរៀន​វិញ ទាំង​គ្រូ និស្សិត បុគ្គលិក មន្ត្រីរាជការ សិក្ខាកាម ត្រូវតែ​ពាក់​ម៉ាស់​ទាំងអស់គ្នា​។ ក្រសួង​ការងារ បន្ថែមថា គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេក​ទេស​និង​វិជ្ជាជីវៈ​ទាំងអស់ ត្រូវតែ​រៀបចំ​នូវ​កន្លែង​លាងដៃ និង​ចាត់ចែង​ឲ្យ​មាន​អ្នក​វាស់​កម្តៅ និង​លាងដៃ​នៅ​គ្រប់​ច្រកចេញចូល​។ 
 
​លើសពីនេះ ក្រសួង​ការងារ បាន​ណែនាំ​ឲ្យ​និស្សិត គ្រូ បុគ្គលិក ត្រូវយក​ទឹក​មកពី​ផ្ទះ​សម្រាប់​ទទួលទាន​នៅ​សាលា​។  ក្រសួង​ការងារ ក៏​ប្រាប់​គ្រឹះស្ថាន​ទាំងនោះ ឲ្យ​រាយការណ៍​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក បើ​មាន​ករណី​សង្ស័យ​ពី​ជំងឺ​កូ​វីដ​-១៩​។ 
 
​សូមបញ្ជាក់ថា គ្រប់​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ ត្រូវបាន​ផ្អាក​ដំណើរការ​អស់​រយៈពេល​៦​ខែ​មកហើយ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ 
 
​កាលពី​ថ្ងៃទី​៧ ខែកញ្ញា គ្រឹះស្ថានសិក្សា​ពី​ថ្នាក់​មេ​ត្ត​យ្យ ដល់​ថ្នាក់មធ្យមសិក្សា ទាំង​ឯកជន និង​រដ្ឋ បាន​បើក​ដំណើរការ​ឡើងវិញ​៕ 
 

Tag:
 ​គ្រឹះស្ថានសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com