តើនរណាជាអ្នកបង្កើតផែនទីពិភពលោកដំបូងគេឡើងមក?
អន្តរជាតិ
តើនរណាជាអ្នកបង្កើតផែនទីពិភពលោកដំបូងគេឡើងមក?
19, Sep 2020 , 11:19 am        
រូបភាព
ផែនទី ជាឧបករណ៍មួយយ៉ាងសំខាន់ខ្លាំងណាស់នៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សតាំងពីពេលវេលានៃសម័យបុរេប្រវត្តិមក។ ផែនទីជាទិន្នន័យមួយដែលជួយមនុស្សក្នុងការធ្វើកំណត់ចំណាំជាមួយនឹងកន្លែងនានាសម្រាប់ពួកគេ ជាពិសេសក្នុងហេតុផលនៃការធ្វើដំណើរ។ ដោយសារតែរឿងនេះ មនុស្សនៅក្នុងសម័យអតីតកាលជាច្រើនបានប្រើប្រាស់ចំណេះដឹង សិល្បៈ និងភាពច្នៃប្រឌិតរបស់ខ្លួនក្នុងការផលិតផែនទីមួយដែលមានភាពច្បាស់លាស់ ហើយងាយស្រួលប្រើប្រាស់។

 
ផែនទីត្រូវបានគេចែកចេញជាច្រើនប្រភេទ ដែលក្នុងនោះមានដូចជាផែនទីភូមិសាស្រ្តនយោបាយ សណ្ឋានដី ប្រជាសាស្រ្ត សណ្ឋានសមុទ្រ ដែនអាកាស ឬដែនសមុទ្រជាដើម។ ចុះតើភាពច្នៃប្រឌិតរបស់មនុស្សមួយនេះមានដើមកំណើតតាំងពីពេលណាមក? វាទទួលរងភាពផ្លាស់ប្តូរដូចម្តេចខ្លះ?
 
ផែនទីចំណាស់ៗមួយចំនួនដែលអ្នកស្រាវជ្រាវបានរកឃើញអាចមានអាយុកាលតាំងពី ១៦៥០០ឆ្នាំមុនគ្រឹស្តសករាជ។ ក្នុងនោះបុព្វបុរសបានគូរផែនទីឡើងនៅលើថ្ម ដែលបានបង្ហាញពីទិដ្ឋភាពនានានៅលើមេឃ (ដូចជាផ្កាយ) និងសណ្ឋានដីមួយចំនួនដូចជាភ្នំជាដើម។ អ្នកកំណាយសន្មត់ថា ទាំងនេះគឺជាការបង្ហាញពីរឿងរ៉ាវនៃធ្វើដំណើរបស់គេនៅក្នុងតំបន់ទាំងនោះ និងដើម្បីកំណត់ចំណាំ។ អំឡុងឆ្នាំ៦០០មុនគ្រឹស្តសករាជ គេក៏បានរកឃើញផែនទីខ្លះៗដែរ ដែលបង្កើតឡើងពីដីឥដ្ឋ ដោយមនុស្សនៃអរិយធម៌បាប៊ីឡូន (Babylonia) ដែលជាអរិយធម៌មួយដែលធ្លាប់រុងរឿងខ្លាំង។
 
ផែនដីរបស់បាប៊ីឡូនត្រូវបានបង្កើតឡើងជាមួយនឹងភាពផ្ចិតផ្ចង់ ដោយសារតែវាមានការឲ្យឈ្មោះរបស់ទីតាំងនីមួយៗបានច្បាស់លាស់។ លោក Anaximander ដែលជាអ្នកប្រាជ្ញជនជាតិក្រិកមួយរូប ដែលបានបង្កើតផែនទីពិភពលោក (មិនទាន់ជាពិភពលោកទាំងមូលដូចសព្វថ្ងៃនោះទេ) នៅលើសន្លឹកក្រដាសមុនគេ។ មានអ្នកប្រាជ្ញក្រិកជាច្រើនអ្នកទៀតដែលបានបន្តកែច្នៃផែនទីឲ្យកាន់តែល្អទៅៗ ជាមួយនឹងធរណីមាត្រ និងរូបមន្តគណិតនានា។ អ្នកទាំងនោះបានគូសប្រទេសក្រិកនៅចំណុចកណ្តាលនៃផែនទី និងព័ទ្ធជុំវិញដោយសមុទ្រ។
 
គេក៏បានចែកពិភពលោកជាពីរទ្វីបផងដែរ គឺទ្វីបអឺរ៉ុប និងអាស៊ី។ ដោយសារតែគេដឹងថាផែនដីមានរាងមូល គេក៏បានបង្កើតខ្សែបណ្តោយ និងខ្សែទទឹងក្នុងការកំណត់តំបន់នៅលើផែនទីឲ្យបានកាន់ច្បាស់លាស់ផងដែរ។ ចំណែកឯប្រទេសចិនវិញ នៅក្នុងសតវត្សរ៍ទី៤មុនគ្រឹស្តសករាជ គេក៏ឃើញមានផែនដីក្នុងតំបន់មួយចំនួនផងដែរ។ ក្នុងនោះមានដូចជាផែនទីដែលបង្កើតឡើងនៅលើបន្ទះក្តារឈើ ឬពីក្រណាត់សូត្រ ដែលបង្ហាញពីដែនដីនៃរដ្ឋ Qin អំពីព្រំដែននយោបាយ ទន្លេ សណ្ឋានដី និងផ្លូវគមនាគមន៍នានា។
 
ចំណែកទ្វីបអឺរ៉ុប ការបង្កើតផែនទីឲ្យកាន់តែល្អថែមទៀត ក៏បាននឹក។ ជាមួយនឹងមហាអំណាចថ្មីៗដែលងើបឡើងនៅក្នុងឆាកនៃវិស័យនាវាចរណ៍ មានដូចជាព័រទុយហ្កាល់ និងអេស្ប៉ាញ បារាំង និងចក្រភពអង់គ្លេស ដំណើររុករកតាមមហាសមុទ្របានពង្រឹកវិសាលភាពរបស់ពួកគេអំពីចំណេះដឹងនៃសណ្ឋានដី និងសណ្ឋានសមុទ្រជាច្រើន។ នៅអំឡុងឆ្នាំ១៥០០ ផែនទីនៃទ្វីបអាមេរិកត្រូវបានអេស្បាញបង្កើតឡើង ជាមួយនឹងផែនទីនៃឆ្នេរសមុទ្រតាមបណ្តោយមហាសមុទ្រអាត្លង់ទិច និងប៉ាស៊ីហ្វិកជាច្រើនផ្នែកទៀត។
 
ក្នុងពេលដំណាលគ្នានេះដែរ​ លោក Gerardus Mercator បានបង្កើតផែនទីរាងចតុកោណកែងដែលយើងប្រើប្រាស់រហូតមកដល់សព្វថ្ងៃ ដែលមានបិតនៅលើជញ្ជាំង និងនៅក្នុងប្រព័ន្ធ Google Maps ។ គេហៅប្រភេទផែនទីនេះថា Mercator Projection ។ ជាមួយនឹងបច្ចេកវិទ្យានៃបាឡុងខ្យល់ក្តៅ យន្តហោះ និងផ្កាយរណបរួចមក ផែនទីមានលក្ខណៈកាន់តែច្បាស់លាស់ទៅៗ ក្នុងរយៈពេលពីមួយឆ្នាំ ទីពីររយឆ្នាំមុននេះ។
 
តាមពិតទៅ គេពិបាកនិយាយថា នរណាគេម្នាក់ជាអ្នកបង្កើតផែនទីឲ្យបានច្បាស់លាស់ខ្លាំងណាស់។ សិល្បៈនៃចំណេះដឹងមួយនេះគឺជាការបន្សល់ទុកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ជាមួយការផ្លាស់ប្តូរនៃពេលវេលាជាច្រើន។ ប៉ុន្តែយើងអាននិយាយបានថា ផែនទីជាសមិទ្ធិផលមួយបែបដែលមានការចូលរួមបង្កើតពីមនុស្សសំខាន់ៗនានាជាច្រើននាក់ មកពីគ្រប់ផ្នែកនៃពិភពលោក៕

© រក្សាសិទ្ធិដោយ thmeythmey.com