ជីប៊ូទី ជាប្រទេសកំពុងអភិវឌ្ឍ និងជាប្រទេសដែលមានផ្ទៃដីតូចលំដាប់ទី៣ នៅទ្វីបអាហ្វ្រិក។ អ្វីដែលធ្វើឲ្យប្រទេសនេះល្បីល្បាញ និងក្លាយជាចំណាប់អារម្មណ៍របស់ប្រទេសដទៃ គឺមិនមែនផ្ទៃដី ឬធនធានធម្មជាតិដែលប្រទេសមាននោះឡើយ ផ្ទុយទៅវិញគឺទីតាំងយុទ្ធសាស្ត្រដ៏សំខាន់របស់ប្រទេសនេះទៅវិញទេ។
ខុសពីប្រទេសដទៃ ដែលមានមូលដ្ឋានទ័ពបរទេសត្រឹមតែ១ឬ២ ជីប៊ូទីមានមូលដ្ឋានទ័ពបរទេសដល់ទៅ៥។ ទីតាំងដ៏ល្អរបស់ប្រទេសនេះ បានទាក់ទាញមហាអំណាចជាច្រើនឲ្យដាក់យោធារបស់ពួកគេ ជាមួយនឹងការបង់ថ្លៃប្រចាំឆ្នាំ។
ទីតាំងយុទ្ធសាស្ត្ររបស់ជីប៊ូទី
ជីប៊ូទី ជាមានផ្ទៃដីត្រឹមតែ២ម៉ឺន៣ពាន់ គីឡូម៉ែត្រក្រឡា និងមានប្រជាជនមិនដល់១លាននាក់ផង។ បច្ចុប្បន្ននេះ ជីប៊ូទីទទួលប្រទេសចំនួន៥ ដែលរួមមានបារាំង អាមេរិក ជប៉ុន អ៊ីតាលី និងចិនឲ្យបើកមូលដ្ឋានទ័ពនៅក្នុងទឹកដីរបស់ខ្លួន។ មូលហេតុសំខាន់ដែលនាំឲ្យប្រទេសទាំងនោះ តាំងទីនៅជីប៊ូទី គឺដោយសារតែប្រទេសនេះមានទីតាំងនៅត្រង់កុយរមាសទ្វីបអាហ្វ្រិក(Horn of Africa) នៅខាងត្បូងនៃសមុទ្រក្រហម ដែលជាទីតាំងយ៉ាងសំខាន់ក្នុងការចេញចូលព្រែកជីកស៊ុយអេ។ ច្រកសមុទ្រនេះ ជាផ្លូវដឹកជញ្ជូន១២ភាគរយនៃទំនិញពិភពលោក ប្រេងឆៅជាង៥លានបារ៉ែលក្នុងមួយថ្ងៃ និងជាកន្លែងភ្ជាប់ទ្វីបអាហ្វ្រិក អាស៊ី និងអឺរ៉ុប។
ផែនទីប្រទេស ជីប៊ូទី។ រូបភាព៖ AFP
ប្រទេសនីមួយៗសុទ្ធតែមានហេតុផលរៀងៗខ្លួនក្នុងការដាក់មូលដ្ឋានទ័ពនៅជីប៊ូទី។ ទីតាំងប្រទេសនេះមានអំណោយផលក្នុងការប្រតិបត្តិការនាវា យន្តហោះចម្បាំង ល្បាតប្រឆាំងចោរសមុទ្រ ទីតាំងសម្រាប់ប្រើដ្រូនប្រឆាំងភេរវកម្ម ស៊ើបការណ៍ រក្សាសន្តិសុខក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក៏ដូចជាការងាយស្រួលក្នុងការផ្តល់ជំនួយមនុស្សធម៍ដល់ប្រទេសដែលមានជម្លោះនៅជុំវិញ។
ដោយសារតែអំណោយផលនេះហើយ ទើបប្រទេសនីមួយៗអាចការពារនាវាពាណិជ្ជកម្ម នាវាដឹកប្រេង ក៏ដូចជាជម្លៀសពលរដ្ឋខ្លួនដែលធ្វើការនៅតំបន់អាហ្វ្រិកក្នុងករណីមានអាសន្ន។ ជីប៊ូទី ក៏ជាទីតាំងសំខាន់ផងដែរក្នុងការប្រឆាំងចោរសមុទ្រ ត្បិតអីក្រោយនាវាចាកចេញពីព្រែកជីកស៊ុយអេ មកកាន់សមុទ្រ Aden និងបន្ទាប់មកមហាសមុទ្រឥណ្ឌានាវាដឹកទំនិញងាយនឹងរងគ្រោះដោយសារការវាយប្រហារដោយចោរសមុទ្រ ដែលហេតុនេះទាមទារឲ្យមានការល្បាតដើម្បីការពារលំហូរនៃទំនិញ។
ប្រទេសដែលមានមូលដ្ឋានយោធានៅជីប៊ូទី
បារាំងជាប្រទេសដែលមានមូលដ្ឋានទ័ពនៅ ជីប៊ូទីតាំងតែពីឆ្នាំ១៩៧៧ ក្រោយពេលទទួលបានឯករាជ្យពីខ្លួន។ មូលដ្ឋានទ័ពរបស់បារាំងនីជីប៊ូទីមានកងទ័ពចំនួនជិត ១៥០០នាក់ និងជាមូលដ្ឋានកងទ័ពបារាំងធំបំផុតនៅក្រៅប្រទេស។ នៅជីប៊ូទី បារាំងមាននាវា យន្តហោះចម្បាំង ក៏ដូចជាយានយន្តការពារដែលត្រៀមជានិច្ចក្នុងប្រតិបត្តិការនៅទ្វីបអាហ្វ្រិក។ ក្រៅពីនេះ កងទ័ពរបស់អាល្លឺម៉ង និងអេស្ប៉ាញក៏ស្ថិតនៅក្នុងបន្ទាយរួមជាមួយបារាំងផងដែរ។
ក្រោយភេរវកម្មថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១មក អាមេរិកក៏បានមកបោះមូលដ្ឋានយោធានៅប្រទេសនេះផងដែរ។ អាមេរិកបង់ប្រាក់ថ្លៃជួលមូលដ្ឋានចំនួន៦៣លានដុល្លារជារៀងរាល់ឆ្នាំ។ មូលដ្ឋាននេះមានកងទ័ពអាមេរិកចំនួន៤ពាន់នាក់ និងកងទ័ពអង់គ្លេសផងដែរ។ មូលដ្ឋាននេះ ផ្តល់ការគាំទ្រដល់ការធ្វើដំណើររបស់កងទ័ព នាវា ដ្រូន យន្តហោះចម្បាំង ដើម្បីរៀបចំរួចរាល់ក្នុងប្រតិបត្តិការសង្គ្រាមក្នុងតំបន់ ក៏ដូចជាប្រឆាំងអំពើភេរវកម្មផងដែរ។
ជប៉ុន ជាប្រទេសទី៣ ដែលបោះមូលដ្ឋានទ័ពក្នុងឆ្នាំ២០១១។ កងទ័ពស្វ័យការពារជប៉ុន បើកប្រតិបត្តិការប្រឆាំងចោរសមុទ្រ ល្បាតចោរសមុទ្រតាមនាវា និងយន្តហោះ ក៏ដូចជាផ្តល់ជំនួយមនុស្សធម៍ក្រោមក្របខណ្ឌរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនៅអាហ្វ្រិក។មូលដ្ឋានយោធានេះ មានទាហានចំនួន១ពាន់២រយនាក់។
អ៊ីតាលី បើកមូលដ្ឋានទ័ពក្នុងឆ្នាំ២០១៣ ដោយមានកងទ័ពពិសេសចំនួន៣០០នាក់។ អ៊ីតាលី ក៏មានប្រតិបត្តិការមិនខុសពីបណ្តាប្រទេសផ្សេងទៀតដែរ ដោយប្រឆាំងភេរវកម្មនៅសូម៉ាលី និងយេមែន និងល្បាតនាវាដឹកទំនិញ។ រដ្ឋាភិបាលអ៊ីតាលី ចាត់ទុកមូលដ្ឋាននេះ ជាទីតាំងអចិន្ត្រៃយ៍នៃផលប្រយោជន៍យុទ្ធសាស្ត្រ។
នាវាផ្ទុកយន្តហោះបារាំង Charles De Gaulle ក្នុងមហាសមុទ្រឥណ្ឌា។ រូបភាព៖ AFP
ក្នុងឆ្នាំ២០១៧ ចិនបោះមូលដ្ឋានទ័ពនៅក្រៅប្រទេសដំបូងបំផុតនៅប្រទេសនេះ។ ប៉េកាំងបង្កើតមូលដ្ឋានទ័ពនៅជីប៊ូទីជាអចិន្ត្រៃយ៍ ដោយមានកំពង់ផែសម្រាប់នាវាល្បាត។ ក្រៅតែពីប្រតិបត្តិការប្រឆាំងចោរសមុទ្រ ប្រតិបត្តិការឯទៀតត្រូវចិនទុកជាការសំងាត់។ ចិន ក៏បង់ប្រាក់២០លានដុល្លារប្រចាំឆ្នាំទៅរដ្ឋាភិបាលជីប៊ូទីផងដែរ។
ក្រៅតែពីបារាំង អាមេរិក ជប៉ុន អ៊ីតាលី និងចិន មានប្រទេស២ទៀតក៏កំពុងសម្លឹងចង់បោះទីតាំងផងដែរ ដែលក្នុងនោះរួមមានអារ៉ាប៊ីសាអូឌីត ដែលទើបនឹងសម្រេចកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលជីប៊ូទីក្នុងការកសាងមូលដ្ឋានទ័ព និងឥណ្ឌាដែលកំពុងពិចារណា៕