ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
សហភាព​អឺរ៉ុប ដាក់​ដំណើរការ​គម្រោង «SWITCH GARMENT» ដែលមាន​ទឹកប្រាក់​ប្រមាណ​៣.៥​លាន នៅ​កម្ពុជា​
15, Sep 2020 , 10:35 am        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកប្រតិភូសហភាពអឺរ៉ុបនៅកម្ពុជា
រូបភាពពីទំព័រហ្វេសប៊ុកប្រតិភូសហភាពអឺរ៉ុបនៅកម្ពុជា
ដោយ:
​ភ្នំពេញ​៖ សហភាព​អឺរ៉ុប ដាក់​ដំណើរការ​គម្រោង «SWITCH GARMENT» ដែលមាន​ទឹកប្រាក់​ប្រមាណ​៣.៥​លាន ដើម្បី​ជំរុញ​ការប្រើប្រាស់​ថាមពល​ប្រកបដោយ​និរន្តរភាព​នៅក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។ គម្រោង​នេះ នឹងត្រូវ​អនុវត្ត​រួមគ្នា ដោយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង សកល អង្គការ​មិនមែន​រដ្ឋាភិបាល GERES និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​២០២០ ដល់ ២០២៤​។

 
 
​គម្រោង​«SWITCH GARMENT»​របស់​សហភាព​អឺរ៉ុប ដែលមាន​ទឹកប្រាក់ ចំនួន ២ ៩៩៥ ៧៤៨​អឺរ៉ូ ឬ​ប្រមាណ ៣.៥​លាន​ដុល្លារ ជាង​៣​លាន​ដុល្លារ ត្រូវ​បានដាក់​ដំណើរការ​ហើយ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៣ កញ្ញា​កន្លងទៅ​។ គម្រោង​នេះ មាន​រយៈពេល​៤​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២០ ដល់ ២០២៤ ហើយ​ត្រូវអនុវត្ត​រួមគ្នា ដោយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង សកល អង្គការ​មិនមែន​រដ្ឋាភិបាល GERES និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​។​
 
 
​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ប្រតិភូ​សហភាព​អឺរ៉ុប​នៅ​កម្ពុជា គម្រោង​ថ្មី «SWITCH GARMENT» នេះ មាន​គោលដៅ​គាំទ្រ​ដល់​ការប្រើប្រាស់​ថាមពល ប្រកបដោយ​និរន្ត​ភាព​នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​នៅ​កម្ពុជា​។ គម្រោង​រយៈពេល​៤​ឆ្នាំនេះ នឹង​គាំទ្រ​ដល់​ទំនើបកម្ម​នៃ​ការគ្រប់គ្រង​ថាមពល ដែលមាន​តម្លៃថោក និង​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​នឹងមិន​ប៉ះពាល់ ដល់​បរិស្ថាន​នៅក្នុង​វិស័យនេះ ដែល​នឹង​ជួយ​វិស័យ​កាត់ដេរ​អាច​សន្សំសំចៃ​ថ្លៃ​ថាមពល និង​អាច​ចូល​ទីផ្សារ​បរទេស ដែល​ទាមទារ​កាន់តែខ្លាំង នូវ​ផលិតផល និង​ដំណើរការ​ផលិតកម្ម​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។​
 
​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ កម្ពុជា​បាន​មានប្រសាសន៍​នៅក្នុង ឱកាស​ដាក់ឱ្យ​ដំណើរការ​នូវ គម្រោង​នេះ​ជាមួយនឹង​សមាគម​រោងចក្រ​កាត់ដេរ ថា ៖«​ការប្រើ ប្រាស់​ថាមពល​ប្រកបដោយ​ចីរភាព អាច​ពង្រឹង​ការប្រកួតប្រជែង នៃ​ការផលិត​សម្លៀកបំពាក់​នៅ​កម្ពុជា​។ វា​អាចបង្កើត​ឱកាស​ការងារ នៅក្នុង​វិស័យនេះ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត សាកល កូ​វីដ​-១៩»​។​
 
​ថ្លែង​ក្នុង​ពិធី​នោះដែរ លោក ទឹង ស៊ី​នី រដ្ឋលេខាធិការ​ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​លើកឡើងថា គម្រោង SWITCH GARMENT មិន​ត្រឹមតែ​ជួយ​ដល់​វិស័យ​កាត់ដេរ ក្នុងការ​ប្រើប្រាស់​ធនធាន​ថាមពល​ប្រកបដោយ ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ជួយ​ដោះស្រាយ​ផលប៉ះពាល់​អវិជ្ជមាន ពី​សកម្មភាព​ឧស្សាហកម្ម លើ​បរិស្ថាន​និង​ការផ្លាស់ប្តូរ​អាកាសធាតុ​ទៀតផង​។​


 
 
 

Tag:
 SWITCH GARMENT
 ​សហភាព​អឺរ៉ុប​
 ​រោងចក្រ​
 ​ថាមពល​
 ​កាត់ដេរ​
© រក្សាសិទ្ធិដោយ thmeythmey.com