អន្តរជាតិ
នយោបាយអន្តរជាតិ
ទូតអាមេរិកនៅចិនចុះចេញពីតំណែង ខណៈទំនាក់ទំនងជាមួយចិននៅតែបន្តតឹងតែង ឯកអគ្គរដ្ឋទូតអាមេរិកនៅចិនTerry_Branstad_ដែលទើបចុះពីតំណែង។_រូបភាព៖
× លោក Terry Branstad ឯកអគ្គរដ្ឋទូតអាមេរិកនៅចិនបានសម្រេចចុះចេញពីតំណែង ក្រោយកាន់តួនាទីនេះជាង៣ឆ្នាំ។ លោក Branstad នឹងបញ្ចប់អាណត្តិជាឯកអគ្គរដ្ឋទូតអាមេរិក មុនការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៣ វិច្ឆិកា។ ចំណែក លោក ម៉ៃ ប៉ុមប៉េអូ ប្រមុខការទូតអាមេរិក បានសសេរសារអរគុណលោក Branstad ក្នុងបណ្តាញសង្គមTwitter។
លោក Terry Brander ឯកអគ្គរដ្ឋទូតអាមរិក នៅចិន បានសម្រេចចុះចេញពីតំណែង។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ CNN នៅថ្ងៃទី១៤ ខែកញ្ញា។ លោក Brander ពុំបានបញ្ជាក់ពីមូលហេតុនៃការបញ្ចប់តួនាទីជាង៣ឆ្នាំនេះទេ ប៉ុន្តែការចុះចេញរបស់លោកធ្វើឡើងចំពេលដែលទំនាក់ទំនងរវាងចិន និងអាមេរិក កាន់តែតានតឹងខ្លាំង។
រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃទី១៤ ខែកញ្ញា ក៏បានបញ្ជាក់ពីការលាលែងនេះដែរ។
លោក ប៉ុមប៉េអូ តាមរយៈបណ្តាញសង្គមTwitter បានអរគុណលោក Branstad ចំពោះការបម្រើប្រជាជនអាមេរិកក្នុងនាមជាឯកអគ្គរដ្ឋទូតអាមេរិកនៅចិនក្នុងរយៈពេលជាង៣ឆ្នាំមកនេះ»។ លោក ប៉ុមប៉េអូ បន្ថែមថា៖ «លោក Branstad បានចូលរួមយ៉ាងសំខាន់ក្នុងការធ្វើឲ្យស្មើភាពគ្នាឡើងវិញនូវទំនាក់ទំនងរវាងអាមេរិក និងចិន ដែលនាំមកនូវលទ្ធផល ភាពទៅវិញទៅមក និងយុត្តិធម៌។»
លោក Branstad គឺជាមនុស្សដំបូងដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជ្រើសរើសជាឯកអគ្គរដ្ឋទូតអាមេរិកនៅខែធ្នូ ឆ្នាំ២០១៦ ក្រោយជាប់ឆ្នោត ។ លោកធ្លាប់ជាអភិបាលរដ្ឋអាយអូវ៉ាពីឆ្នាំ២០១១ ដល់២០១៧ និងមានបទពិសោធជាច្រើនឆ្នាំក្នុងគោលនយោបាយសាធារណៈ ជំនួញ និងកសិកម្ម។ លោក Branstad ក៏មានទំនាក់ទំនងយ៉ាងយូរផងដែរជាមួយលោក ស៊ី ជិនភីង តាំងពីឆ្នាំ ១៩៨៥ នៅពេលដែលលោកស៊ី មិនទាន់ក្លាយជាប្រធានាធិបតីចិន។
យោងតាមសារ Twitter របស់លោកប៉ុមប៉េអូ លោក ត្រាំ សម្រេចជ្រើសលោក Branstad នៅគ្រានោះ ដោយសារតែបទពិសោធជាច្រើនឆ្នាំក្នុងការធ្វើការជាមួយចិន ដែលធ្វើឲ្យលោកក្លាយជាមនុស្សសាកសមជាទីបំផុត ក្នុងការការពារផលប្រយោជន៍អាមេរិក និងទំនាក់ទំនងដ៏មានសារៈសំខាន់។ ការតែងតាំងលោក Branstad ជាឯកអគ្គរដ្ឋទូតអាមេរិក នៅចិន ក្នុងឆ្នាំ២០១៧ ទទួលបានការស្វាគមន៍ដោយទីក្រុងប៉េកាំងផងដែរ។
ក្នុងតួនាទីជាឯកអគ្គរដ្ឋទូត តាំងពីឆ្នាំ២០១៧មក លោក Branstad បានឃើញពីការធ្លាក់ចុះទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនធ្លាក់ចុះ ដោយសារតែសង្គ្រាមពាណិជ្ជកម្ម ការហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍ Huawei របស់ចិនមិនឲ្យរកស៊ីជាមួយក្រុមហ៊ុនអាមេរិក។ ការរឹតបន្តឹងទិដ្ឋាការលើអ្នកកាសែតចិន ដែលធ្វើការនៅអាមេរិក ក៏ដូចជាសំណុំរឿងសិទ្ធិមនុស្សនៅស៊ីនជាំង បញ្ហានៅហុងកុង និងជម្លោះសមុទ្រចិនខាងត្បូងជាដើម ក៏កើតមានក្នុងអាណត្តិរបស់លោកដែរ។
កាលពីថ្ងៃទី៩ កញ្ញាកន្លងទៅ បទវិចារណកថារបស់លោក Branstad ដែលសសេរពីការកេងចំណេញរបស់រដ្ឋាភិបាលចិនទៅលើការបើកចំហររបស់អាមេរិកជាច្រើនឆ្នាំ ត្រូវបានកាសែតចិន People’s Daily បដិសេធមិនចុះផ្សាយ ដោយអះអាងថាមិនសមស្របជាមួយការពិត។ People’s Daily ថែមទាំងប្រាប់លោក Branstad ឲ្យកែប្រែអត្ថបទ បើសិនជាចង់ឲ្យកាសែតចិនចុះផ្សាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com