ជាតិ
បុណ្យភ្ជុំបិណ្ឌ
សាសនា / ធម៌
សិស្សវិទ្យាល័យមួយក្រុម មើលឃើញគំរូឪពុកម្ដាយ ដោយរៀបចំការធ្វើបុណ្យរួមគ្នា នៅថ្ងៃភ្ជុំបិណ្ឌ
15, Sep 2020 , 2:59 pm        
រូបភាព
សិស្ស​វិទ្យាល័យ​​រៀន​នៅថ្នាក់​ទី​៧​ ដែល​ទៅ​ធ្វើ​បុណ្យ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​រួម​គ្នា​​ ដើម្បី​ប្រាថ្នាឱ្យ​ជាតិ​ក្រោយ​បាន​ក្លាយ​ជា​មិត្ត​ល្អ​នឹង​គ្នា​ទៀត
សិស្ស​វិទ្យាល័យ​​រៀន​នៅថ្នាក់​ទី​៧​ ដែល​ទៅ​ធ្វើ​បុណ្យ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​រួម​គ្នា​​ ដើម្បី​ប្រាថ្នាឱ្យ​ជាតិ​ក្រោយ​បាន​ក្លាយ​ជា​មិត្ត​ល្អ​នឹង​គ្នា​ទៀត
ភ្នំពេញ៖ សិស្សវិទ្យាល័យមួយក្រុម ដែលទើបតែរៀនថ្នាក់ទី៧ បានឆ្លៀតពេលទំនេរពីការសិក្សា ទៅធ្វើបុណ្យក្នុងរដូវភ្ជុំបិណ្ឌរួមគ្នា ដើម្បីប្រាថ្នាសុំឱ្យជាតិក្រោយបានក្លាយជាមិត្តល្អនឹងគ្នាទៀត។ ក្មេងៗដែលភាគច្រើនទើបតែមានអាយុ១៤ឆ្នាំទាំងនេះ សុទ្ធតែបានអះអាងថា ពួកគេបានឃើញគំរូល្អរបស់ម្ដាយឪពុក និងចាស់ទុំនានា ក៏ដូចជាលោកគ្រូអ្នកគ្រូផង ទើបពួកគេខំធ្វើបុណ្យទាន់ខ្លួននៅក្មេង។ 
 
សិស្សវិទ្យាល័យមួយក្រុម មានគ្នា៨នាក់ដោយក្នុងចំណោមនោះមានបុរសម្នាក់ផង បានបណ្ដើរគ្នាត្រសង តម្រង់ទៅសាលាឆាន់នៃវត្តសន្យំកុសល ក្នុងសម្លៀកបំពាក់អាវសសំពត់ខ្មៅភាគច្រើន។ អ្នកខ្លះកាន់ចានស្រាក់ដែលមានចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃ ខ្លះទៀតកាន់ទេយ្យទាន មានតែស្ករនិងមីជាដើម ព្រមទាំងមានកាន់ផ្កានិងទៀនធូបគ្រប់ៗគ្នា។ 
ពាក់អាវពណ៌ស និងស្លៀកសំពត់ផាមួងពណ៌លឿង យ៉ាងស្រស់ស្អាតកញ្ញា ប៊ន សូលីដែត កំពុងតែឈររង់ចាំជុំមិត្តភ័ក្តិ នៅក្នុងបរិវេនណវត្ត។ នារីវ័យ១៤ឆ្នាំ ដែលមានសម្បុរសរូបនេះ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា នាងឆ្លៀតពេលមកធ្វើបុណ្យជាមួយមិត្តភ័ក្ដិ ក៏ដើម្បីប្រាថ្នាសុំជួបពួកគេ នៅជាតិក្រោយៗទៀត។ 
 
ដៃកាន់ផ្កាឈូកមួយរយស្រទាប់ពណ៌សខ្លះ និងផ្កាឈូកធម្មតាពណ៌ផ្កាឈូកផង សូលីដែត ដែលមានម្ដាយអាយុជិត៤០ឆ្នាំ កើតមានគំនិតធ្វើបុណ្យរួមគ្នាជាមួយមិត្តភ័ក្ដិ ក៏ព្រោះតែនាងបានឃើញគំរូរបស់សិស្សដទៃទៀត ដែលធ្លាប់ធ្វើបែបនេះពីមុនមក។ សិស្សវិទ្យាល័យដែលមានផ្ទៃមុខប្រជាប្រិយរូបនេះ ក៏ទទួលបានការអប់រំ ពីម្ដាយឪពុក គ្រូ និងញាតិមិត្តជិតឆ្ងាយ ពីការឱ្យខំសន្យំកុសលពីក្មេងដែរ។ 
 
និយាយទាំងស្នាមញញឹម នារីកូនច្បង ដែលមានស្រុកកំណើតនៅខេត្តព្រៃវែងរូបនេះ   ពន្យល់បន្ថែមដូច្នេះ៖«ការអប់រំមិនចាំបាច់តែម្ដាយឪពុកទេ តែកត្តាខ្លួនឯង និងការស្ដាប់ដំបូន្មានគ្រូ នឹងធ្វើឱ្យយើងក្លាយជាមនុស្សដែលចេះធ្វើបុណ្យ។ ខ្ញុំមើលគំរូប៉ាម៉ាក់ និងគ្រួសាររបស់ខ្ញុំ ដូចជាអ៊ំប្រុសអ៊ំស្រីរបស់ខ្ញុំ គាត់តែងទៅវត្តរៀងរាល់ថ្ងៃសីល។ បងប្អូនរបស់ខ្ញុំទាំងអស់ ក៏គាត់ជាអ្នកធ្វើបុណ្យដែរ។ មកដល់ថ្ងៃនេះខ្ញុំបានទៅវត្តជាមួយមិត្តរបស់បាន២វត្តហើយ»។
 
មកចាប់អារម្មណ៍បរិស័ទវ័យក្មេងមួយរូបទៀតគឺកញ្ញា ធី សុវណ្ណកញ្ញា ដែលត្រូវជាមិត្តរួមថ្នាក់ជាមួយកញ្ញា សូលីដែត តាំងពីក្មេងវិញម្ដាង។ ស្លៀកសម្លៀកបំពាក់ជាឯនសណ្ឋានសិស្ស ដែលមានអាវពណ៌សនិងស្លៀកសំពត់ពណ៌ខ្មៅ សុវណ្ណកញ្ញា បានរៀបរាប់ថា នៅពេលដែលនាងបានមកធ្វើបុណ្យជាមួយមិត្តដែលមានអាយុប្រមាលគ្នា ធ្វើឱ្យនាងមានអារម្មណ៍ស្រស់ស្រាយ។ មានម្ដាយអាយុ៣៥ឆ្នាំ នារីដែលមានបងប្អូន២នាក់ ហើយខ្លួនជាកូនច្បងក្នុងគ្រួសាររូបនេះ ក៏មានក្ដីប្រាថ្នាជួបមិត្តទាំង៧នាក់ដែលបានមកធ្វើបុណ្យរួមគ្នានេះ នៅជាតិក្រោយដែរ។ 
 
ទើបតែមានអាយុ១៤ឆ្នាំ សុវណ្ណកញ្ញា ដែលមានសម្បុរស្រអែម និងមានសក់វែងផុតស្មា មកពីខេត្តកំពង់ចាមនោះ បញ្ជាក់បន្ថែមពីអារម្មណ៍របស់ខ្លួន ពេលបានមកធ្វើបុណ្យជាមួយមិត្តជិតស្និទ្ធ៖«ជាមិត្តនិងគ្នាខ្ញុំក៏ធ្លាប់ឈ្លោះគ្នាដែរ ប៉ុន្តែយើងខឹងគ្នា ហើយអត់និយាយរកគ្នា មិនដល់មួយម៉ោងផង យើងក៏និយាយរកគ្នាវិញ។ មិត្តរបស់ខ្ញុំមិនដែលចោលខ្ញុំទេ ហើយពួកយើងទាំងអស់គ្នា គឺមិនដែលចោលគ្នាដែរ។ យើងរៀនជាមួយគ្នា ហើយយើងធ្វើបុណ្យជាមួយគ្នា។ ចំណងមិត្តភាពរបស់យើងនឹងកាន់តែមាំ តាមរយៈការធ្វើបុណ្យរួមគ្នានេះ។ ខ្ញុំចង់ជួបពួកគាត់ទៀតនៅជាតិក្រោយ គឺយើងជាមិត្តល្អនឹងគ្នារហូត»។
 
ជាមិត្តរួមវិទ្យាល័យមួយរូបទៀត នោះគឺកញ្ញា ខុ ស្រីលាភ ក៏មានអាយុ១៤ឆ្នាំ ដូចមិត្តទាំងពីរខាងលើរបស់នាងដែរ។ មានសម្បុរស បបូរមាត់ក្រហម សក់វែងខ្មៅទម្លាក់លើអាវសដៃវែង ស្រីលាភ ថានាងខំធ្វើបុណ្យទាន់ខ្លួននៅក្មេង។ ដៃកាន់ទេយ្យទាន មានដូចជាតែ ស្ករ និងមីជាដើម ដែលរៀបដាក់ក្នុងថាសជ័រពណ៌ក្រហម ខ្ចប់ដោយប្លាស្ទិកពណ៌សរ មានលម្អផ្កាពណ៌ផ្កាឈូកផង សិស្សវិទ្យាល័យដែលមានម្ដាយអាយុ៤១ឆ្នាំនិងឪពុកអាយុ៤២ឆ្នាំរូបនេះ ថាម្ដាយឪពុករបស់នាង មិនសូវទុកចិត្តឱ្យនាងមកវត្តដោយគ្មានរូបគាត់ទាំងពីរឡើយ។ 
 
ទោះជាយ៉ាង ក្មេងស្រីដែលមានស្រុកកំណើតនៅខេត្តព្រៃវែង និងបានផ្លាស់ទីលំនៅមករៀននៅភ្នំពេញរូបនេះ នៅតែអាចសុំអ្នកមានគុណមកធ្វើបុណ្យបាន ហើយនាងពន្យល់ដូច្នេះ៖«ប៉ាម៉ាក់របស់ខ្ញុំគាត់មិនចង់ឱ្យខ្ញុំមកវត្តដោយមិនមានរូបគាត់ទេ ប៉ុន្តែនៅពេលដែលខ្ញុំប្រាប់គាត់ថា ខ្ញុំមកជាមួយមិត្តច្រើននាក់ ទើបគាត់ព្រមឱ្យខ្ញុំមក។ យើងធ្វើបុណ្យទាន់នៅក្មេង នោះយើងមានពេលវេលាធ្វើបុណ្យបានច្រើន ដល់ចាស់ទៅ ក៏យើងនៅតែអាចធ្វើបុណ្យបានទៀត។ កុំចាំដល់ចាស់ទើបធ្វើបុណ្យ នោះយើងនឹងធ្វើបុណ្យបានតិច»។
 
ក្រៅពីក្រុមរបស់សិស្សវិទ្យាល័យខាងលើ នាម៉ោងប្រមាណជា៨ព្រឹក ក៏មានក្រុមយុវជនដទៃទៀត បាននាំគ្នាដើរចូលវត្តជាក្រុមៗ ដោយលាយឡំជាមួយពុទ្ធបរិស័ទវ័យកណ្ដាលនិងវ័យចាស់ ក្នុងសម្លៀកបំពាក់អាវសសំពត់ខ្មៅ និងមានផាមួងផងដែរ៕
 

Tag:
 សិស្ស
 យុវជន
 បុណ្យ
 ភ្ជុំបិណ្ឌ
 ទាន
 វត្ត
© រក្សាសិទ្ធិដោយ thmeythmey.com