ជាតិ
សង្គមជាតិ
កូន​ក្រពើ​ត្រី ចំនួន​១៥​ក្បាល ត្រូវបាន​ប្រទះ​នៅក្នុង​បឹង​ធម្មជាតិ ខេត្តកោះកុង​
15, Sep 2020 , 3:29 pm        
រូបភាព
រូបភាពពី អង្គការអភិរក្សសត្វព្រៃ WCS
រូបភាពពី អង្គការអភិរក្សសត្វព្រៃ WCS
កូន​ក្រពើ​ត្រី ចំនួន​១៥​ក្បាល​ដែល​ប្រវែង​ខ្លួន​ខ្លួន​ប្រមាណ​៣០​សង់ទីម៉ែត្រ ត្រូវបាន​ប្រទះ​នៅក្នុង​បឹង​ធម្មជាតិ​នៅ​តំបន់ដីសើម ក្នុងស្រុក​ស្រែអំបិល ខេត្តកោះកុង​។ សត្វ​ក្រពើ​ត្រី ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក ដែល​បានដាក់​បញ្ចូល​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN​ខណៈ​នៅ​កម្ពុជា ក្រពើ​ត្រី​មាន​ប្រមាណ​៥​ពាន់​ក្បាល ដែលជា​ចំនួន​ច្រើនជាងគេ ធៀប​នឹង​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​។

 
​អំឡុងពេល​ចុះ​ល្បាត ក្រុមការងារ​អង្គការ​អភិរក្ស​សត្វព្រៃ បាន​ប្រទះឃើញ​កូន​ក្រពើ​ត្រី ចំនួន​១៥​ក្បាល នៅក្នុង​បឹង​ធម្មជាតិ ស្ថិតក្នុង​ស្រុកស្រែ​អំបិល ខេត្តកោះកុង កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​អង្គការ​អភិរក្ស​សត្វព្រៃ​កម្ពុជា WCS​។​
 
​បើតាម​អង្គការ​អភិរក្ស​សត្វព្រៃ​ដដែល កូន​ក្រពើ​ត្រី​ទាំងនេះ មាន​ប្រវែង​ខ្លួន​ប្រមាណ​៣០​សង់ទីម៉ែត្រ បណ្ដែត​ខ្លួន​ក្នុង​បឹង​ធម្មជាតិ​នៅ​តំបន់ដីសើម ជាទី​ជម្រក​សំខាន់​មួយ​របស់​សត្វ​ក្រពើ ពិសេស​ប្រភេទ​ក្រពើ​ត្រី​នេះ​។ 
 
​រយៈពេល​ចុងក្រោយ​នេះ បឹង​ធម្មជាតិ​នៅ​តំបន់ដីសើម​បាន​ស្រក​ទឹក​ចុះ ព្រោះ​មិនសូវមាន​ភ្លៀង​ធ្លាក់ ដែល​វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជម្រក​សត្វ​ប្រភេទ​នេះ​។ សត្វ​ក្រពើ​ត្រី ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក ដែល​បានដាក់​បញ្ចូល​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN​។ ទូទាំងប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ សត្វ​ប្រភេទ​នេះ នៅ​សេសសល់​តិច​បំផុត​ក្នុងប្រទេស​ឡាវ និង​ឥណ្ឌូណេស៊ី ហើយ​ស្ទើរតែ​ផុត​ពូជ​ទាំងស្រុង​នៅ​ប្រទេស​ថៃ និង​វៀតណាម​។ 
 
​ក្រពើ​ត្រី ជា​សត្វ​កំពុង​ប្រឈម​ការ​គំរាម​គំហែង​ជាស​កល នឹង​ការបាត់បង់​ទីជម្រក និង​បរបាញ់​ខុសច្បាប់ រួមទាំង​ការប្រមូល​ពង​ទៅ​លក់​នៅ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​បណ្ដា​ប្រទេសមួយ​ចំនួន​ដូចជា កម្ពុជា ថៃ និង​វៀតណាម​។ 
 
​អង្គការ​អភិរក្ស​សត្វ​ព្រៃ បាន​បញ្ជាក់ថា​ប្រភេទ​សត្វ​ក្រពើ​ត្រី មាន​ប្រមាណ​៥​ពាន់​ក្បាល នៅក្នុង​ប្រទេស​កម្ពុជា ដែល​នេះ​អាច​ចាត់ទុកថា​ជា​ចំនួន​ច្រើន​ក្នុងចំណោម​ប្រទេស​ដទៃ​ផ្សេងទៀត ហើយ​អង្គការ​ក៏​ការពារ​សត្វ​ប្រភេទ​នេះ​ពី​ការ​ផុត​ពូជ​ផងដែរ​៕

Tag:
 ជាតិ​
 ​ក្រពើ​ត្រី​
 ​កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com