ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ស៊ី ជិន​ភីង ប្រាប់​អឺរ៉ុប​៖ ប្រជាជន​ចិន​មិនត្រូវ​ការ​អ្នក​ណែនាំ​រឿង​សិទ្ធិមនុស្ស​ឡើយ​
15, Sep 2020 , 3:59 pm        
រូបភាព
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​១៤ ខែកញ្ញា បាន​ប្រាប់​មេដឹកនាំ​អឺរ៉ុប​ច្បាស់ៗ​ថា គ្មាន​វិធីសាស្ត្រ​រួម​ណាមួយ​ដែល​ប្រទេស​ទាំងអស់​អាចយ​កមក​អនុវត្ត​ការការពារ​សិទ្ធិមនុស្ស​ឡើយ ហើយ​ប្រជាជន​ចិន​ក៏​មិន​ត្រូវការ​អ្នកណា​មក​ណែនាំ​រឿង​សិទ្ធិមនុស្ស​នេះដែរ​។ មេដឹកនាំ​ចិន​បញ្ជាក់ទៀតថា ចិន ជំទាស់​ដាច់ខាត​ការជ្រៀតជ្រែក​របស់​ប្រទេស​ផ្សេង​មក​ក្នុង​កិច្ចការ​របស់​ចិន​។

 
​សិទ្ធិមនុស្ស ស៊ីន​ជាំ​ង ហុងកុង និង​ពាណិជ្ជកម្ម ជា​ប្រធានបទ​សំខាន់​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​ចិន​-​អឺរ៉ុប​ដែ​រៀបចំ​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា​។ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​ដែល​ចូលរួម​ដោយ​អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល ដែលជា​ប្រធាន​ប្ដូរ​វេន​សហភាព​អឺរ៉ុប ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ឆាល មី​ឈែល និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប អឺ​ស៊ុ​ឡា វ៉ុ​ន ដឺ លៃ​អេ​ន ។   
 
​ចិន រង​ការរិះគន់​ខ្លាំង​លើ​បញ្ហា​សិទ្ធិមនុស្ស​នេះ​ពិសេស​ការ​ធ្វើទុក្ខបុកម្នេញ​ជនភាគតិច​វី​ហ្គ័​រ​នៅ​ខេត្ត​ស៊ីន​ជាំ​ង និង​ការអនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​នៅ​ហុងកុង​។ ប្រទេស​ជាច្រើន​រួមទាំង​អាល្លឺម៉ង់​ផង បាន​ផ្អាក​កិច្ចព្រមព្រៀង​បត្យាប័ន​ជាមួយ​ហុងកុង​ក្រោយ​ការដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ​។ នា​ជំនួប​តាម​អន​ឡាញ​នេះ មេដឹកនាំ​អឺរ៉ុប ក៏​នាំគ្នា​ស្នើ​ចិន​ឲ្យ​គោរព​ជនភាគតិច​ក្នុងប្រទេស ហើយ​ដកថយ​ពី​ការបង្ក្រាប​នៅ​ហុងកុង​ផងដែរ​។​
 
​អំឡុង​ជំនួប​ដដែល​នេះ លោក ស៊ី ប្រាប់​មេដឹកនាំ​អឺ​រ៉ុ​ថា ការការពារ​សិទ្ធិមនុស្ស មិនអាច​ប្រើប្រាស់​វិធីសាស្ត្រ​រួម​ឡើយ ហើយក៏​គ្មាន​ដែរ​វិធីសាស្ត្រ​ល្អផ្ដាច់គេ​ក្នុងការ​ការពារ​សិទ្ធិមនុស្ស​នោះ មានតែ​វិធីសាស្ត្រ​ដែល​ល្អប្រសើរ​ប៉ុណ្ណោះ​។ លោក​បន្តថា ប្រទេស​ទាំងអស់ គួរតែ​ដោះស្រាយ​បញ្ហា​តាមផ្លូវ​របស់ខ្លួន ហើយ​ចិន​ក៏​ជឿថា អឺរ៉ុប​អាច​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​របស់ខ្លួន​ដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ។​
 
«​ប្រជាជន​ចិន មិន​ទទួលយក​អ្នក​ណែនាំ​រឿង​សិទ្ធិមនុស្ស​ឡើយ ហើយ​ប្រឆាំង​ដាច់ខាត​ការអនុវត្ត​ស្តង់ដា​ពីរ​ជាន់​។​» ប្រ​ធា​នាំ​ធិបតី​ចិន​បញ្ជាក់​បែបនេះ ដោយ​បន្តថា ចិន​មាន​ឆន្ទៈ​ពង្រឹង​ការផ្លាស់ប្ដូរ​ទាំងឡាយ​ជាមួយ​អឺរ៉ុប​ជាមួយនឹង​ការគោរព​គ្នា​ទៅមក សំដៅ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​។ 
 
​ជាមួយគ្នា​នោះ លោក ស៊ី ក៏​ប្រាប់​មេដឹកនាំ​អឺរ៉ុប​ទៀតថា ចិន​ប្រឆាំង​បុគ្គល​ណា ឬ​កម្លាំង​ណា​ដែល​ចង់​បង្កើត​អស្ថិរភាព ការបែកបាក់ និង​ជម្លោះ​នៅ​ចិន​។ ទាក់ទង​រឿង​ហុងកុង និង​ស៊ីន​ជាំ​ង មេដឹកនាំ​ចិន​ពន្យល់​ពី​ជំហរ​របស់​ទីក្រុង​ប៉េកាំង​ថា វិធាន​ការដែល​អនុវត្ត​គឺ​ដើម្បី​ការពារ​អធិបតេយ្យ និង​សន្តិសុខ ក៏ដូចជា​ការពារ​សិទ្ធិ​របស់​ប្រជាជន​ចិន​ទាំងអស់​ផងដែរ​៕ 
 
 

Tag:
 ចិន​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com