អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេបក្ស​ប្រឆាំង​មី​យ៉ាន់​ម៉ា សន្យា​ផ្តល់​អនាគត​កាន់តែ​ល្អប្រសើរ​សម្រាប់​ប្រជាជន បើ​បក្ស​ខ្លួន​ឈ្នះ​ការបោះឆ្នោត​
15, Sep 2020 , 7:59 pm        
រូបភាព
មេបក្សប្រឆាំងធំជាងគេនៅមីយ៉ាន់ម៉ា​ លោក Than Htay។ រូបភាព Myanmar Times
មេបក្សប្រឆាំងធំជាងគេនៅមីយ៉ាន់ម៉ា​ លោក Than Htay។ រូបភាព Myanmar Times
ដោយ:
​គណបក្សប្រឆាំង​ធំជាងគេ​របស់​មី​យ៉ាន់​ម៉ា សហភាព​បង្រួបបង្រួម និង​អភិវឌ្ឍន៍ (USDP) បានប្រកាស​សន្យា​ផ្តល់​អនាគត​កាន់តែ​ល្អប្រសើរ​សម្រាប់​ប្រជាជន ប្រសិនបើ​គណបក្ស​រប​ស់​ខ្លួន​ទទួលបាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​នាពេល​ពេលខាងមុខ​ដ៏​ខ្លី​នេះ​។ បក្ស​សហភាព​បង្រួបបង្រួម និង​អភិវឌ្ឍន៍ សន្យា​នឹងធ្វើ​ឲ្យ​ប្រជាជនមាន​សេរីភាព ប្រជាធិបតេយ្យ និង​សិទ្ធិ​កាន់តែ​ប្រសើរ​ជាង​មុន​។​

 
​ប្រធាន​បក្ស​បក្ស​សហភាព​បង្រួបបង្រួម និង​អភិវឌ្ឍន៍ លោក Than Htay នៅ​ចុង​សប្តាហ៍​មុន បាន​អះអាងថា ប្រជាជន​មី​យ៉ាន់​ម៉ា នឹង​ទទួលបាន​សិទ្ធិ​ប្រជា​ធិ​តេ​យ្យ សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ​នៃ​ដំណើរការ​សន្តិភាព​កាន់តែ​ល្អប្រសើរ​ជាង​មុន នៅពេលដែល​បក្ស​របស់​លោក ដឹកនាំ​រដ្ឋាភិបាល​ឡើងវិញ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន មី​យ៉ាន់​ម៉ា​ថា​ម​ស៍ ។​
 
​តាម​ប្រភពព័ត៌មាន​ដដែល តាមរយៈ​សុន្ទរកថា​ក្នុង​នៅ​ទី​ស្នាក់​កណ្តាល​គណបក្ស ប្រមុខ​បក្សប្រឆាំង​រូបនេះ បានប្រកាស​ពាក្យស្លោក​ផ្លូវការ «​ដើម្បី​អនាគត​កាន់តែ​ល្អប្រសើរ​» ជា​សារ​ផ្លូវការ​សម្រាប់​យុទ្ធនាការ​ស្វែងរក​សន្លឹក​ឆ្នោត​។ សម្រាប់​បក្សប្រឆាំង​នេះ ពាក្យស្លោក​នេះ សំដៅ​ការផ្តល់​សន្តិភាព និង​សុខមាលភាព​សម្រាប់​ប្រជាជន​កាន់តែ​ល្អប្រសើរ​។​
 
​ប្រមុខ​បក្សប្រឆាំង អះអាងថា នេះ មិនមែនជា​រឿង​ថ្មី​នោះទេ​។ ពោលគឺ​ការផ្តល់​ភាពល្អប្រសើរ​សម្រាប់​ប្រជាជន​មី​យ៉ាន់​ម៉ា គឺជា​កិច្ច​ការដែល​គណបក្សរ​ប​ស់លោក ធ្លាប់​បានធ្វើ​រួចទៅហើយ​។ តាមរយៈ​ការបោះឆ្នោត​ខាងមុខ បក្សប្រឆាំង នឹងចូលរួម​ប្រកួត ដើម្បី​ទទួលបាន​ឱកាស​ក្នុង​ការផ្តល់សេវា​ដល់​ប្រជាជន​ឡើងវិញ​។​
 
​គួរ​ជម្រាប​បន្តិច​ថា គណបក្ស​សហភាព​បង្រួបបង្រួម និង​អភិវឌ្ឍន៍ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១០​។ បក្ស​នេះ បាន​ដឹកនាំ​មី​យ៉ាន់​ម៉ា​ក្នុងនាម​ជា​រដ្ឋាភិបាល​អន្តរកាល​នៃ​លទ្ធិប្រជាធិបតេយ្យ​ចាប់ពី​ឆ្នាំ​២០១១ រហូតដល់​ឆ្នាំ​២០១៥ ដែល​ពេលនោះ មាន លោក ថេ​ន សេន ជា​ប្រធានាធិបតី និង​ជា​អគ្គលេខាធិការ​បក្ស​។ ក្នុងការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​បែប​លទ្ធិប្រជាធិបតេយ្យនៅ​ចុងឆ្នាំ​២០១៥ បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី បានទទួល​ជ័យជម្នះ​ក្នុង​សំឡេងគាំទ្រ​ភាគច្រើន​។​
 
​បើ​មិនមាន​ការប្រែប្រួល​នោះទេ នៅ​ខែវិច្ឆិកា ២០២០ ខាងមុខនេះ មី​យ៉ាន់​ម៉ា នឹង​រៀបចំ​ការបោះឆ្នោត​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ថ្មី ដែល​នឹងមាន​ការចូលរួម​ប្រកួតប្រជែង​ពី​គណបក្សនយោបាយ​ជិត​១០០​គណបក្ស ក្នុង​មណ្ឌលបោះឆ្នោត​សរុប ៣៣០ មណ្ឌល​។ ក្នុងស្ថានភាព​មី​យ៉ាន់​ម៉ា​បច្ចុប្បន្ន ក្រៅពី​ការ​មិនទាន់មាន​ឯកភាព​នយោបាយ​ផ្ទៃក្នុង​ប្រទេស បញ្ហា​សន្តិសុខ និង​សន្តិភាព គឺជា​បញ្ហា​ចោទ​ចម្បង ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​មិនទាន់​អាច​ធានាបាន​នោះទេ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com