អន្តរជាតិ
លោក​ឌូ​ទើ​តេ ហួស​ចិត្តនឹង​ក្រុមហ៊ុន​ឱសថ​ប្រទេស​លោកខាងលិច​ដែល​ចង់តែ​ចំណេញ មិន​ដូច​ចិន និង​រុស្ស៊ី​
15, Sep 2020 , 9:59 pm        
រូបភាព
ដោយ:
មេដឹកនាំ​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​រិះគន់​បណ្តា​ក្រុមហ៊ុន​ផលិត​ថ្នាំ​របស់​ប្រទេស​លោកខាងលិច ដែល​លោក ចោទថា ក្រុមហ៊ុន​ទាំងនេះ មើល​ឃើញតែ​ផលចំណេញ ខណៈពេលដែល​ពិភពលោក កំពុងតែ​រង​ការគំរាមកំហែង​ពី​វីរុស​រាតត្បាត Covid-19​។ សម្រាប់​លោក ឌូ​ទើ​តេ ចំណុច​នេះហើយ ដែល​រដ្ឋាភិបាល​របស់​លោក ត្រូវ​សម្រេចចិត្ត​បញ្ជា​ទិញ​វ៉ា​សាំង​ពី​រុស្ស៊ី និង​ចិន​។​

 
​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃ​១៤ កញ្ញា បាន​ថ្លែង​ហួសចិត្ត​នឹង​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន​ផលិត​ថ្នាំ​របស់​ប្រទេស​លោកខាងលិច ដែល​បានទាមទារ​ឲ្យ​បង់ប្រាក់​ជាមុន ខណៈដែល​វ៉ាក់សាំង​ការពារ មិនទាន់​នឹង​ផលិត​បានសម្រេច​ជោគជ័យ​នៅឡើយ​នោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ហ្វីលីពីន Inquire.net​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល លោក​ប្រធានាធិបតី បាន​ពន្យល់​ពី​ច្បាប់​លទ្ធកម្ម​សាធារណៈ​របស់​ហ្វីលីពីន ថា មិន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​កញ្ចប់​ថវិការដ្ឋ​ដើម្បី​ទិញ​លើ​មុខទំនិញ​ណាមួយ ដែល​មិនទាន់​ចេញ​ជា​រូបរាង​នោះទេ​។ ចំណុច​នេះហើយ ដែល លោក វាយតម្លៃ​ទៅលើ​ក្រុមហ៊ុន​ថ្នាំ​ប្រទេស​លោកខាងលិច ដែល​លោក​មិន​បញ្ជាក់​ឈ្មោះ​ចំ ថា មើល​ឃើញតែ​ផលប្រយោជន៍ និង​ចំណេញ​។​
 
​តាម​សេចក្តីប្រកាស​របស់​រដ្ឋ​បាល លោក ឌូ​ទើ​តេ រដ្ឋាភិបាល នឹង​ចរចា​ទិញ​វ៉ាក់សាំង​ការពារ​វីរុស Covid-19 ពី​បណ្តា​ប្រទេស​ក្រុមហ៊ុន​បរទេស​មួយចំនួន ខណៈ​ដៃគូ​អាទិភាព​របស់​ហ្វីលីពីន បានផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​របស់​រុស្ស៊ី និង​ចិន​។​
 
​គួរ​ជម្រាប​បន្តិច​ថា ប្រៀបធៀប​ចំនួន​អ្នក​ឆ្លង​វីរុស Covid-19 នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហ្វីលីពីន ក៏​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដែលមាន​អ្នក​ឆ្លង​ច្រើនជាងគេ​ផងដែរ​។ បច្ចុប្បន្ន​គិត​ត្រឹម​ថ្ងៃទី​១៤ កញ្ញា ហ្វីលីពីន​មាន​ចំនួន​អ្នក​ឆ្លង​សរុប​ជាង​ម្ភៃ​ម៉ឺន​នាក់ និង​មាន​អ្នកស្លាប់​រហូតដល់​បួន​ពាន់​នាក់​រួចទៅហើយ ខណៈ​បម្រាម​រឹង​បន្តឹង​ក្នុងការ​ការពារ និង​ទប់ស្កាត់​ការឆ្លង​វីរុស នៅតែ​បន្ត​អនុវត្ត​នៅក្នុង​ប្រទេស​៕ 
 
 
 

Tag:
 ហ្វីលីពីន​
  Covid19
© រក្សាសិទ្ធិដោយ thmeythmey.com