ជាតិ
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
វត្ត​មណី​រតនា​រាម មិន​ធ្វើ​ពិធី​បោះ​បាយបិណ្ឌ ជិត​២០​ឆ្នាំ​ហើយ​
15, Sep 2020 , 7:29 pm        
រូបភាព
វត្តមណីរតនារាម នៅខេត្តពោធិ៍សាត់ (រូបពីទំព័រហ្វេសប៊ុករបស់វត្តមណីរតនារាម)
វត្តមណីរតនារាម នៅខេត្តពោធិ៍សាត់ (រូបពីទំព័រហ្វេសប៊ុករបស់វត្តមណីរតនារាម)
ភ្នំពេញ​៖ ជិត​២០​ឆ្នាំ​ហើយ ដែល​វត្ត​មណី​រតនា​រាម នៅ​ភូមិ​ថ្នល់បំបែក សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ មិន​ប្រារព្ធ​ពិធី​បោះ​បាយបិណ្ឌ​ឡើយ ។ នោះ​ក៏​ព្រោះតែ អ្នក​ចែក​ឋាន​ទៅ និង​ពពួក​ប្រេត មិន​អាស្រ័យ​លើ​ការទទួលបាន​អាហារ​បុណ្យ តាម​ការបោះ​បាយបិណ្ឌ​នោះទេ​។ អ្វី​សំខាន់​នោះ គឺ​ការធ្វើ​បុណ្យ​ដោយ​សទ្ធា​ជ្រះថ្លា​បំផុត​។ នេះ​បើតាម​ថេរ​ដីកា​របស់​ព្រះអង្គ ជា គីម​សាន ព្រះ​គ្រូសូត្រឆ្វេង​នៃ​វត្ត​មណី​រតនា​រាម​។


 
​ព្រះអង្គ ជា គីម​សាន មាន​សង្ឃដីកា​ថា ការសិក្សា​ពី​ព្រះពុទ្ធសាសនា​បានបញ្ជាក់​ពី​ផល​បុណ្យ​ដែល​ពពួក ញាតិ​ចែក​ឋាន​ទៅ ឬ​ពពួក​ប្រេត​អាច​ទទួលបាន​ទាន គឺ​មិន​អាស្រ័យ​លើ​ការបោះ​បាយបិណ្ឌ​ឡើយ គឺ​អាស្រ័យ​លើ​ផល​បុណ្យ​ដែល​បុគ្គល​ម្នាក់ៗ​ធ្វើ ហើយ​ឧទ្ទិស​កុសល​ដល់​ពពួក​ញាតិសន្តាន​ឬ​ប្រេត​ទាំងនោះ​។ ព្រះអង្គ​បញ្ជាក់ថា ការ​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​មនុស្ស​សត្វ​ដែល​ចែក​ឋាន​ទៅ គឺ​មិនមែន​ពួកគេ​ទទួលបាន​គ្រប់គ្នា​ឡើយ គឺ​ទាល់តែ​ពពួក​ទាំងនោះ​អនុមោទនា​ទទួលយក​ទើប​ទទួលបាន​។ 
 
«​ដើម្បី​ឲ្យ​ពពួក​ញាតិ​ឬ​ប្រេត​ទទួលបាន​ផល​បុណ្យ​គឺត្រូវធ្វើ​បុណ្យ មានន័យថា​ធ្វើអំពើ​ល្អ​ឲ្យ​សេចក្ដី​ជ្រះថ្លា​ឬ​សាង​កុសល ហើយ​ឧទ្ទិស​កុសល​ដល់​ពពួក​ទាំងនោះ ហើយ​ពពួក​ទាំងនោះ​ត្រូវ​អនុមោទនា​យក​ដោយ​សេចក្ដី​រីករាយ​ទើប​ទទួលផល​បុណ្យ​។ ហើយ​ការមិន​បោះ​បាយបិណ្ឌ​នៅ​វត្ត​នេះ គឺ​ដើម្បី​អនាម័យ ហើយ​សំខាន់បំផុត​ចង់​ឲ្យ​ពុទ្ធបរិស័ទ​ដែល​ធ្វើបុណ្យ​កុសល ប្រកបដោយ​ការ​ត្រិ​រិះ​ពិចារណា​រកហេតុ​ផល​»​។ នេះ​បើតាម​សង្ឃ​ដី​ការ​របស់​ព្រះអង្គ ជា គីម​សាន​។ 
 
​គ្រប់​ពុទ្ធបរិស័ទ​ដែល​ទៅដល់​វត្ត​មណី​រតនា​រាម ប្រសិនបើ​មាន​ចម្ងល់​ពាក់ព័ន្ធ​នឹង​ការមិន​ប្រារព្ធ​ពិធី​បោះ​បាយបិណ្ឌ គឺ​តែងតែ​ទទួលបាន​ការពន្យល់ ប្រកបដោយ​ការពិចារណា​ពី​គ្រប់​ព្រះអង្គ​ដែល​គង់នៅ​ក្នុង​វត្ត​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ព្រះអង្គ គីម​សាន ដោយមាន​សង្ឃដីកា​បន្ថែ​ម​ថា ទោះបី​គ្មាន​ការបោះ​បាយបិណ្ឌ​ក្នុង​វត្ត​មណី​រតនា​រាម​ពិតមែន តែ​ពុទ្ធបរិស័ទ​នៅតែ​ចូលរួម​ស្ដាប់​បរាភវ​សូត្រ​រៀងរាល់​ព្រឹក​នៅ​អំឡុង​ថ្ងៃ​កាន់បិណ្ឌ​នេះ​។ 
 
​ដ្បិត​វត្ត​មណី​រតនា​រាម មិន​បោះ​បាយបិណ្ឌ​ពិតមែន តែ​នៅតាម​ទី​អា​រា​ម​ដទៃ​នៅតែ​បន្តធ្វើ​ពិធី​បែបនេះ​។ ទំនៀមទម្លាប់​នៃ​ការបោះ​បិណ្ឌ គឺជា​ជំនឿ​របស់​ពុទ្ធបរិស័ទ​។ ព្រះអង្គ គីម​សាន ក៏មាន​ថេរ​ដិ​កា​រថា បើសិនជា​តាម​វត្ត មានការ​រៀបចំ​បោះ​បិណ្ឌ គួរតែ​បោះ​លក្ខណៈ​តិចតួច ដោយ​សេចក្តី​ជ្រះថ្លា​ក្នុងការ​សាង​កុសលផល​បុណ្យ គឺជា​រឿង​ល្អ ព្រោះ​វា​មិនចាំបាច់​ទាល់តែ​រៀបចំ​ពិធី​បោះ​បាយបិណ្ឌ​ធំដុំ​ច្រើន​លើសលប់​ទេ​។​
 
​ពុទ្ធបរិស័ទ​ដែល​ទៅ​បោះ​បាយបិណ្ឌ​ខ្លះ​យល់ថា ជាការ​ប​ញ្ចូ​ន​អាហារ​ឬ​ផល​បុណ្យ​ដល់​ពពួក​សាច់ញាតិ​ដែល​បាត់បង់​ជីវិត​ទៅ ពិសេស​បារម្ភ​ខ្លាច​សាច់ញាតិ​របស់ខ្លួន​កើត​ទៅជា​ប្រេត​ស្រេកឃ្លាន​ជាដើម​។ ប៉ុន្តែ​សេចក្ដី​ពិត នៃ​ការបង្កើត​ពិធី​បោះ​បាយបិណ្ឌ​របស់​បុព្វបុរស គឺមាន​គំនិត​អប់រំ​ដ៏​ជ្រាលជ្រៅ សម្រាប់​សេចក្តីសុខ​ចម្រើន​ដល់​ជីវិត​រស់នៅ​នាពេល​បច្ចុប្បន្ន ។ មានន័យថា មនុស្ស​ត្រូវ​ចេះ​សាមគ្គី​គ្នា សន្សំ​កុសល ចិត្ត​ជ្រះថ្លា និង​ស្ដាប់​ឱវាទ​របស់​ព្រះសម្មាសម្ពុទ្ធ​ជាដើម​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ព្រះអង្គ គីម​សាន​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com