ភ្នំពេញ៖ អំឡុងបុណ្យភ្ជុំបិណ្ឌ និស្សិតខ្មែរនៅបរទេស មិនមានពេលឈប់សម្រាកឡើយ ដោយសារពួកគេមានការមមាញឹកនឹងការសិក្សា។ ដូច្នេះ ពួកគេមានក្តីរលឹកដល់គ្រួសារដែលនៅស្រុកកំណើតជាពន់ពេក។ ពេលនឹកដល់ក្រុមគ្រួសារម្តងៗ ពួកគេបានត្រឹមវីដេអូខល ជាមួយនឹងសាច់ញាតិតាមបណ្តោញទំនាក់ទំនងសង្គម។
កញ្ញា ឡេង សុជាតា ដែលកំពុងសិក្សាផ្នែកគីមីចំណីអាហារ នៅប្រទេសថៃ ខានបានទៅវត្តប្រគេនចង្ហាន់ព្រះសង្ឃ ជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិនៅស្រុកកំណើត នាថ្ងៃបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ឆ្នាំហើយ បើគិតទាំងបុណ្យភ្ជុំបិណ្ឌឆ្នាំនេះផងដែរ។ ឲ្យតែចំពេលបុណ្យភ្ជុំបិណ្ឌម្តងៗ សុជាតា តែងតែនឹកឃើញដល់ក្រុមគ្រួសារ ដែលធ្លាប់តែធ្វើចង្ហាន់ប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាមជានិច្ច។
កញ្ញា ឡេង សុជាតា និស្សិតឆ្នាំទី៣ ផ្នែកគីមីចំណីអាហារនៅប្រទេសថៃ
អារម្មណ៍នឹកដល់ឪពុកម្តាយ និងសាច់ញាតិនៅស្រុកកំណើតនាពេលទៅវត្តនៅថ្ងៃបុណ្យភ្ជុំបិណ្ឌក៏កើតឡើងលើលោក សិដ្ឋ ពិសី និស្សិតឆ្នាំទី៣ ផ្នែកចិត្តសាស្ត្រនៅសាកលវិទ្យាល័យ Prince of Songkla University ប្រទេសថៃដែរ។ ជាក់ស្តែង លោកត្រូវត្រឡប់មកលេងក្រុមគ្រួសារម្តងក្នុងមួយឆ្នាំ។ ប៉ុន្តែដោយសារជំងឺកូវីដ-១៩ ធ្វើឲ្យលោកខកខាន មកលេងក្រុមគ្រួសារនៅស្រុកកំណើត នាថ្ងៃវិស្សមកាលខែធ្នូឆ្នាំ២០១៩ រហូតដល់ខែឧសភាឆ្នាំ២០២០។
លោក សិដ្ឋ ពិសី បានរៀបរាប់ដូច្នេះថា៖«កាលឆ្នាំដំបូង ពេលខ្ញុំស្តាប់បទចម្រៀងភ្ជុំបិណ្ឌ ខ្ញុំរៀងទឹកភ្នែករលីងរលោងនឹកពួកគាត់ដែរ។ ដល់ពេលឆ្នាំនេះ ខ្ញុំរៀងធម្មតាវិញហើយ។ ដោយសារខ្ញុំមានក្រុមឈែតជាមួយនឹងក្រុមគ្រួសារ។ ពេលគាត់ទៅវត្ត ឬទៅណាទៅណីអីអ៊ីចឹងទៅ ពួកគាត់តែងតែផ្ញើរូបថតឲ្យមើល។ ពេលខ្ញុំបានឃើញរូបនោះហើយធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយ និងនឹកដល់ពួកគាត់»។
រូបទី២ លោក សិដ្ឋ ពិសី និស្សិតឆ្នាំទី៣ ផ្នែកចិត្តសាស្ត្រនៅសាកលវិទ្យាល័យ Prince of Songkla University ប្រទេសថៃ
ដោយសារថ្ងៃកាន់បិណ្ឌ រហូតបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ និស្សិតខ្មែររៀននៅប្រទេសថៃទាំងពីរនាក់នេះ ត្រូវរវល់រៀន និងចំពេលប្រឡង។ អ្នកទាំងពីរនឹងឆ្លៀតថ្ងៃចុងសប្តាហ៍ ធ្វើម្ហូបអាហារ ឬទិញម្ហូបអាហារ សម្រាប់ប្រគេនដល់ព្រះសង្ឃនិមន្តបិណ្ឌបាតនៅមុខផ្ទះ ដើម្បីឧទ្ទិសដល់សាច់ញាតិដែលបានចែកឋានទៅផងដែរ។
សម្រាប់កញ្ញា សុខ ស៊ាវហុង ដែលជានិស្សិតផ្នែក Diploma in Culinary Art នៅសកលវិទ្យាល័យ Auckland University of Technology ក្នុងប្រទេសនូវែលសេឡង់ ក៏មានក្តីនឹករលឹកដល់ក្រុមគ្រួសារនៅស្រុកកំណើតដែរ។ កញ្ញា ស៊ាវហុងបានរៀបរាប់ដូច្នេះថា៖«ខ្ញុំនៅឆ្ងាយពីគ្រួសារពិតជានឹកពួកគាត់ខ្លាំងណាស់ ហើយជាពិសេសនឹកដល់ពេលវេលាទៅវត្តជាមួយគ្រួសារ ហើយនឹកភាពសប្បាយរីករាយ ពេលជួបជុំបងប្អូន។ ឲ្យតែដល់ថ្ងៃមានបុណ្យទានម្តងៗខ្ញុំតែងតែមានអារម្មណ៍ស្រណោះស្រងោច នឹកដល់ពួកគាត់ មិនថាពេលភ្ជុំបិណ្ឌ ឬក៏ពេលចូលឆ្នាំនោះទេ»។
កញ្ញា សុខ ស៊ាវហុង ជានិស្សិតផ្នែកDiploma in Culinary Art នៅសកលវិទ្យាល័យ Auckland University of Technology ក្នុងប្រទេសនូវែលសេឡង់
អំឡុងថ្ងៃភ្ជុំបិណ្ឌនេះ កញ្ញា ស៊ាវហុង មិនមានគម្រោងទៅវត្តអារាម ឬទៅដំណើរកម្សាន្តឡើយ ព្រោះចំពេលដែលស៊ាវហុង ត្រូវបន្តការសិក្សា។ កញ្ញា ស៊ាវហុងបានរៀបរាប់ដូច្នេះថា៖«ប្រហែលជាអត់ទេ ព្រោះខ្ញុំជាប់រៀន ហើយណាមួយទីក្រុងដែលខ្ញុំនៅកំពុងបានផ្ទុះកូវីដ-១៩ជាលើកទីពីរ។ អ៊ីចឹងរដ្ឋាភិបាលបានដាក់ទីក្រុងនេះស្ថិតក្នុងភាពអាសន្នកម្រិត២ ហើយគេបានកំណត់ការជួបជុំមនុស្សមិនអោយលើសពី១០នាក់ទេ»។
សម្រាប់លោក ឡាយ វឌ្ឍនា ដែលបច្ចុប្បន្នកំពុងសិក្សាផ្នែកព័ត៌មានវិទ្យានៅប្រទេសបែលហ្ស៉ិកអស់រយៈពេល២ឆ្នាំមកហើយ ដោយកាលពីបុណ្យភ្ជុំបិណ្ឌឆ្នាំមុនលោកអាចវិលត្រឡប់មកស្រុកកំណើតវិញបានរហូតដល់ខែមករា ឆ្នាំ២០១៩ ទើបលោកអាចត្រឡប់ទៅវិញ។ ប៉ុន្តែដោយសារតែឆ្នាំនេះត្រូវពន្យារជើងយន្តហោះដោយសារការរាតត្បាតជំងឺកូវីដ-១៩ លោកមិនអាចវិលមកជួបជុំក្រុមគ្រួសារឲ្យទាន់ថ្ងៃបុណ្យភ្ជុំបិណ្ឌឡើយ។
លោក ឡាយ វឌ្ឍនា និស្សិតបណ្ឌិតផ្នែកព័ត៌មានវិទ្យានៅប្រទេសបែលហ្ស៉ិក
លោក វឌ្ឍនា ដែលត្រូវត្រឡប់មកលេងស្រុកកំណើតក្នុងខែមិថុនាកន្លងទៅ តែត្រូវពន្យារវិញ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមរយៈការខលតាមតេឡេក្រាមដូច្នេះថា៖«ដំបូងគេពន្យារឲ្យយើងទៅត្រឹមតែខែសីហាទេ តែមែនទែនទៅគេពន្យារដល់ចុងខែកញ្ញាទៀត។ អ៊ីចឹងខ្ញុំអត់សប្បាយចិត្តនឹងនៅទីនេះដែរ។ អ៊ីចឹងខ្ញុំពិតជានឹកអ្នកផ្ទះណាស់។ បើខ្ញុំនៅនេះខ្ញុំក៏មិនអាចបានដើរកម្សាន្តនៅទីណាដែរ ដោយសារតែត្រូវនៅក្នុងបន្ទប់ ដើម្បីទប់ស្កាត់ពីជំងឺកូវីដ-១៩»។
ដើម្បីកាត់បន្ថយការនឹករលឹកដល់ក្រុមគ្រួសារ និងបង្កើនភាពស្និទ្ធស្នាលជាមួយនឹងក្រុមគ្រួសារនិស្សិតខ្មែរនៅបរទេសទាំងអស់នេះ តែងតែវីដេអូខលទៅក្រុមគ្រួសារដើម្បីសួរនាំសុខទុក្ខដល់សាច់ញាតិម្តង ឬច្រើនដងក្នុងមួយសប្តាហ៍៕