អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រព័ន្ធ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ដំណើរការ​យ៉ាងដូចម្ដេច​?
17, Sep 2020 , 9:59 am        
រូបភាព
ដោយ:
​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ត្រូវបាន​រៀបចំឡើង​រៀងរាល់​៤​ឆ្នាំ​ម្ដង​នៅក្នុង​ខែ​វិ​ច្ឆ​កា ។ អាណត្តិ​នេះ  នឹង​រៀបចំឡើង​នា​ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែលជា​ការប្រកួតប្រជែង​រវាង​លោក ដូ​ណា​ល់ ត្រាំ មកពី​បក្ស​សាធារណរដ្ឋ និង​លោក ចូ បៃ​ឌិន មកពី​បក្ស​ប្រជាធិបតេយ្យ​។ តើ​ប្រព័ន្ធ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ដំណើរការ​យ៉ាងដូចម្ដេច​?

 
​មួយឆ្នាំ​នៅមុន​ការបោះឆ្នោត បេក្ខជន​មកពី​បក្សនយោបាយ​សំខាន់​ទាំងពីរ រួមមាន ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ ចាប់ផ្ដើម​ធ្វើ​យុទ្ធនា​ការរក​សំឡេងឆ្នោត​ដោយ​ផ្សព្វផ្សាយ​គោលនយោបាយ​ខ្លួន និង​រៃអង្គាស​ប្រាក់ឧបត្ថម្ភ​សម្រាប់​យុទ្ធនាការ​នេះ​។ 
 
​ខណៈ​ការបោះឆ្នោត​ខិតចូល​មកដល់ បេក្ខជន​ឈានមុខ​ក្នុងចំណោម​បក្ស​ទាំងពីរ ត្រូវបាន​បោះឆ្នោត​ក្នុងចំណោម​ផ្ទៃក្នុង​បក្ស​រៀងៗ​ខ្លួន​ដើម្បី​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​។ ក្រោយមក បក្ស​ទាំងពីរ នឹង​រៀបចំ​សន្និបាតជាតិ​មួយ​ដើម្បី​ប្រកាស​ឈ្មោះ​បេក្ខជន​ប្រធានាធិបតី ដែល​ពួកគេ​តែងតាំង​រួច​។ ហើយ​បេក្ខជន​ប្រធានាធិបតី​រូបនោះ ក៏​នឹង​ជ្រើសរើស​បេក្ខជន​អនុ​ប្រធានាធិបតី​ក្នុង​ពិធី​នេះ​ផងដែរ​។ 
 
​យ៉ាងណា យុទ្ធនា​ការរក​សំឡេងឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី​បក្ស​ទាំងពីរ នៅតែ​អនុវត្ត​បន្ត ខណៈ​កាលបរិច្ឆេទ​សម្រាប់​ការតស៊ូ​មតិ​ប្រធានាធិបតី ក៏​កំពុង​រៀបចំ​រួចរាល់​ផងដែរ​។ នៅក្នុង​ការតស៊ូ​មតិ​នយោបាយ​នេះ បេក្ខជន​ប្រធានាធិបតី​ទាំងពីរ នឹងត្រូវ​ឆ្លើយ​នឹង​សំណួរ​ពិបាកៗ​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ពួកគេ ក៏ដូចជា​ថ្លែង​ការពារ​ជំហរ​ខ្លួន​លើ​បញ្ហា​របស់​ប្រទេស និង​ស្វះ​ស្វែងរក​យុទ្ធសាស្ត្រ​វាយប្រហារ​លើ​គោលនយោបាយ​គូប្រជែង​ខ្លួន​ផងដែរ​។​
 
​នៅ​ថ្ងៃ​បោះឆ្នោត ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី ពុំ​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ដោយផ្ទាល់​ពី​សំណាក់​ប្រជាជន​អាមេរិក​នោះទេ (Popular Vote)​។ ជំនួស​មកវិញ តំណែង​កំពូល​ទាំងពីរ​នេះ នឹងត្រូវ​ជ្រើសរើស​ដោយ​ប្រតិភូ​តំណាង ឬ​ជា​ភាសា​អង់គ្លេស​ហៅថា Elector តាមរយៈ ប្រព័ន្ធ​បោះឆ្នោត​ដែល​ពឹង​ផ្អែកលើ​ក្រុម​ប្រតិភូ​តំណាង ឬ​ជា​ភាសា​អង់គ្លេស​ហៅថា « Electoral College»​។ ដំណើរការ​នេះ គឺមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​អាមេរិក​។ 
 
​តើ​ប្រព័ន្ធ Electoral College ដំណើរការ​យ៉ាងដូចម្ដេច​? 
 
​ក្រោយ​ប្រជាជន​អាមេរិក​បោះឆ្នោត​សម្រាប់​បេក្ខជន​ប្រធានាធិបតី​ដែល​ពួកគេ​ពេញចិត្ត នៅតាម​មណ្ឌល​ពួកគេ​រួចរាល់ សន្លឹកឆ្នោត​ទាំងនេះ​ត្រូវបាន​រាប់​តាម​រដ្ឋ​ពួកគេ​រៀងៗ​ខ្លួន​។ សម្រាប់​អាមេរិក​ចំនួន​៤៨ បូក​នឹង​រដ្ឋធានី​វ៉ាស៊ីនតោន បេក្ខជន​ដែលមាន​សំឡេង​ច្រើនជាងគេ នឹង​កើប​យក​សំឡេងឆ្នោត​ពី​ប្រតិភូ​ទាំងអស់​តែម្ដង​នៅក្នុង​រដ្ឋ​ដែល​ខ្លួន​ឈ្នះ​នោះ​។ ដោយឡែក រដ្ឋ Maine និង Nebraska ចាត់ចែង​ចំនួន​ប្រតិភូ  តាមរយៈ​ប្រព័ន្ធ​សមាមាត្រ​ទៅតាម​សំឡេងឆ្នោត​ដែល​ទទួលបាន​។​
 
​រដ្ឋ​អាមេរិក​នីមួយៗ មាន​ចំនួន​ប្រតិភូ ស្មើនឹង​ចំនួន​សមាជិកសភា​អាមេរិក​ទាំងពីរ (​បូក​ទាំង​សភា​តំណាង និង​ព្រឹទ្ធសភា​) ដែល​រដ្ឋ​ខ្លួន​មាន ។ ជា​ឧទាហរណ៍ រដ្ឋ​កាលីហ្វ័រ​នីញ៉ា​មាន ប្រតិភូ​រហូតដល់ ៥៥ នាក់ ដែល​ច្រើនជាង​បង្អស់ ដោយ​តាម​ពីក្រោយ​ដោយ​រដ្ឋ Texas មាន​ប្រតិភូ សរុប ៣៨​នាក់ ហើយ​ទីក្រុង ញូវយ៉ក មាន​២៩​នាក់​។ ទាំង​បក្ស​សាធារណរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ សុទ្ធ​តែមាន​បេក្ខជន​ប្រតិភូ​តំណាង​បក្ស​ខ្លួន​។ 
 
​ឧទាហរណ៍ រដ្ឋ​កាលីហ្វ័រ​នីញ៉ា មាន​ចំនួន​ប្រតិភូ​សរុប ៥៥​នាក់​។ បើ​លោក ត្រាំ មាន​សំឡេង​ច្រើនជាង​លោក បៃ​ឌិន ក្នុង​រដ្ឋ​នេះ លោក ត្រាំ នឹង​ទទួលបាន​ប្រតិភូ​ទាំង​៥៥​នាក់​តែម្ដង​។ 
 
​បេក្ខជន​ប្រធានាធិបតី​អាមេរិក ត្រូវការ​សំឡេងឆ្នោត​យ៉ាងតិច ២៧០ សន្លឹក​ពី​ប្រតិភូ​ដែល​ស្មើ​ជាង​ពាក់កណ្ដាល​នៃ​ប្រតិភូ​សរុប (៥៣៨​នាក់​) ដើម្បី​ឈ្នះ​ការបោះឆ្នោត​អាមេរិក​។ ជាធម្មតា លទ្ធផល​ឈ្នះ​ចាញ់​បានប្រកាស​នាយ​ប់​ថ្ងៃ​បោះឆ្នោត ក្នុង​ខែវិច្ឆិកា ក្រោយ​ប្រជាជន​បោះឆ្នោត​ចប់​រួចរាល់​។ ក៏ប៉ុន្តែ ការបោះឆ្នោត​តាមរយៈ​ប្រព័ន្ធ​ប្រតិភូ​តំណាង ជាក់ស្ដែង រៀបចំឡើង​នៅ​ពាក់កណ្ដាល​ខែធ្នូ នៅពេល​ក្រុម ប្រតិភូ​ជួបគ្នា​ក្នុង​រដ្ឋ​ពួកគេ​រៀងៗ​ខ្លួន​។  
 
​ក៏មាន​ករណី​ពិសេស​ផងដែរ គឺ​នៅពេលដែល​បេក្ខជន​ប្រធានាធិបតី​ឈ្នះ​ការបោះឆ្នោត​តាម​ប្រព័ន្ធ​ប្រតិភូ​តំណាង តែ​ចាញ់​ការបោះឆ្នោត​សាកល​ក្នុងចំណោម​ប្រជាជន​អាមេរិក​។ ករណីបែបនេះ​នេះ​បាន​កើតឡើង​ចុងក្រោយ​នៅក្នុង​ឆ្នាំ​២០១៦ រវាង​លោក ដូ​ណា​ល់ ត្រាំ និង​អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។ កាលនោះ ក្នុងការ​បោះឆ្នោត​ជា​សាកល​ទូទាំង​សហរដ្ឋអាមេរិក អ្នកស្រី គ្លី​ន​តុ​ន បានទទួល​សំឡេងគាំទ្រ​ច្រើនជាង​លោក ត្រាំ​។ ប៉ុន្តែ​បញ្ហា​នៅត្រង់ថា លោក ត្រាំ ទទួលបាន​សំឡេង​ពី​ប្រតិភូ​តំណាង​ច្រើនជាង​អ្នកស្រី គ្លី​ន​តុ​ន​។ 
 
​ម្យ៉ាងទៀត ប្រសិនបើ​គ្មាន​បេក្ខជន​ប្រធានាធិបតី​ណា ទទួលបាន​សំឡេង​ភាគច្រើន​តាមរយៈ​ការបោះឆ្នោត​តាម​ប្រព័ន្ធ​ប្រតិភូ​តំណាង​ទេ ការបោះឆ្នោត​នឹង​ធ្លាក់​ទៅដល់​ដៃ​សភា​តំណាង​អាមេរិក​។ នៅ​ទីនោះ សមាជិកសភា​តំណាង​អាមេរិក នឹង​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ថ្មី​ក្នុងចំណោម​បេក្ខជន​កំពូល​៣​នាក់​។ ចំណែក ព្រឹទ្ធសភា នឹង​បោះឆ្នោត​ជ្រើសរើស​អនុ​ប្រធានាធិបតី​អាមេរិក​ថ្មី​ក្នុងចំណោម​បេក្ខជន​កំពូល​២​នាក់​។ ករណីនេះ​កើតឡើង​ម្ដង​ប៉ុណ្ណោះ ដោយ​ក្នុង​ឆ្នាំ​១៩៨៤ សភា​តំណាង​អាមេរិក បាន​បោះឆ្នោត​រើស​លោក John Quincy Adams ជា​ប្រធានាធិបតី​៕ 
 
​ឯកសារពិគ្រោះ​គេហទំព័រ​៖ https://www.usa.gov/election
 

Tag:
 សហរដ្ឋអាមេរិក​
  ការបោះឆ្នោត​ប្រធាន​ធិបតី​
  Electoral College
© រក្សាសិទ្ធិដោយ thmeythmey.com