ជាតិ
សង្គមជាតិ
ភ្ជុំបិណ្ឌ​៖ ផ្កាឈូក ដែល​យក​ថ្វាយ​ព្រះ​នៅ​វត្ត ត្រូវបាន​បោះចោល ដោយ​ខ្វះ​ការកែច្នៃ​
17, Sep 2020 , 10:39 am        
រូបភាព
ផ្កាឈូកដែលពុទ្ធបរិស័ទយក​មកថ្វាយ​នៅ​ក្នុងវត្ត​សន្សំកុសលនា​ថ្ងៃកាន់បិណ្ឌ​ទី៨
ផ្កាឈូកដែលពុទ្ធបរិស័ទយក​មកថ្វាយ​នៅ​ក្នុងវត្ត​សន្សំកុសលនា​ថ្ងៃកាន់បិណ្ឌ​ទី៨
ដោយ:
​ភ្នំពេញ​៖ ផ្កាឈូក និង​ផ្កាម្លិះ ជា​គ្រឿង​សក្ការបូជា​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃ​កាន់សីល បុណ្យកឋិន ឬ​កម្ម​ពិធី​ផ្សេងៗ​។ ផ្កា​សម្រាប់​ថ្វាយ​ព្រះ​ទាំងនេះ ត្រូវបាន​គេ​ឃើញ​បោះចោល ។​ឯ​វត្ត​ខ្លះទៀត បាន​ច្នៃ​ផ្កាឈូក ឬ​ផ្កាម្លិះ យកទៅ​ប្រើប្រាស់ តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន ។

 
​នៅ​ចន្លោះ​ម៉ោង​៩​ទៅ​ម៉ោង​១០ នៅតាម​វត្ត​អារាម នា​ថ្ងៃ​ភ្ជុំបិណ្ឌ​រយៈពេល​១៥​ថ្ងៃ គឺ​សម្បូរ​ទៅដោយ​ផ្កាឈូក និង​ផ្កាម្លិះ ដែល​ពុទ្ធបរិស័ទ​ដែល​នៅ​ទីជិត និង​ទី​ឆ្ងាយ​យកមក​ថ្វាយ​ព្រះ ជាមួយនឹង​គ្រឿង​សំណែន ចង្ហាន់ និង​នំចំណី​ផ្សេងៗ​សម្រាប់​ថ្វាយ​ដល់​ព្រះសង្ឃ និង​ឧទ្ទិស​ដល់​សាច់ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ​។   
 
​លោក ជា សារ៉េត សមាជិក​គណៈកម្មាការ​វត្ត​សន្សំ​កុសល បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា ផ្កាឈូក​ស្រស់​ដែល​នៅ​សេសសល់​ក្រោយពី​ពុទ្ធបរិស័ទ​បាន​យកមក​ថ្វាយ​ក្នុង​មួយថ្ងៃៗ នា​ពិធីបុណ្យ​កាន់បិណ្ឌ​នេះ គឺ​មួយចំនួន​ទុក​ចែក​ដល់​មនុស្ស​ចាស់​ដែល​មក​សូធ្យធម៌ និង​ស្តាប់ធម៌​។ ឯ​មួយចំណែក​ទៀត ត្រូវ​យកទៅដាក់​តាំងនៅ​សាលាឆាន់ និង​ក្នុង​កុដិ​នីមួយៗ​។ 


ផ្កាឈូកដែល​ត្រូវបាន​​វត្ត​នីមួយៗបោះ​ចោលនា​ថ្ងៃកាន់បិណ្ឌ​ទី៨ 

​លោក ជា សារ៉េត ដែល​បាន​រៀបរាប់​ដោយមាន​ពាក់​ម៉ាស់​ដូច្នេះ​ថា​៖«​សម្រាប់​ផ្កាឈូក​ដែល​នៅ​ស្រស់ ខាង​វត្ត​នឹង​ថ្វាយ​បូជា​រហូតដល់​វា​ស្វិត និង​ក្រៀម​។ ព្រះសង្ឃ​ខ្លះ ទ្រង់​យកទៅដាក់​នៅក្នុង​កុដិ​។ លោកយាយ​ដែល​ទំនុកបម្រុង​វត្ត​ហ្នឹង គាត់​យកទៅ​ថ្វាយ​បូជា​ព្រះ​នៅលើ​ព្រះវិហារ​។ ផ្កាឈូក​ដែល​នៅសល់​ទៀត យាយៗ​គាត់​យកទៅ​ក្លាសេ សម្រាប់​ទុក​ថ្វាយ​ព្រះ​បន្តទៀត​»​។   
 
​ចំណែក​ផ្កាឈូក​ដែល​ស្វិត​ក្រៀម វត្ត​នឹង​យកទៅ​បោះចោល​នៅក្នុង​ធុងសំរាម​។ លោក ជា សារ៉េត បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ជាទូទៅ​ផ្កាឈូក​ដែល​ចាស់ៗ គឺ​អត់​ដែល​យកទៅ​ធ្វើ​អ្វី​ទេ គឺ​យើង​យកទៅ​ចោល​តែម្តង​។ ដោយសារតែ​គ្មាន​អ្នកណា​គេ​ចង់បាន​ដើម្បី​យកទៅ​កែច្នៃ​អ្វី​ទេ​។ ប្រសិន​ជាមាន​អ្នក​ចង់បាន​ផ្កាឈូក គឺ​រឹតតែ​ល្អ ខាង​វត្ត​នឹង​ឲ្យ​ស្នើសុំ​ពី​វត្ត វត្ត​នឹង​ឲ្យ ដើម្បី​យក​ផ្កា​នោះ​ទៅ​កែច្នៃ​។ ផ្កាឈូក​ដែល​យើង​យកទៅ​បោះចោល​នោះ​ភាគច្រើន​យើង​ចោល​តែ​១០ ទៅ​២០​ភាគរយ​»​។  
 
​សម្រាប់​ផ្កាឈូក​នៅក្នុង​សាលាឆាន់​ក្នុង​វត្ត​ស្ទឹងមានជ័យ​ឯណោះ​វិញ​ក៏​មិន​ខុសពី​វត្ត​សន្សំ​កុសល​ដែរ​។ លោក​ព្រឹទ្ធាចារ្យ សុខ ផាន មានប្រសាសន៍ថា ផ្កាឈូក​ដែល​សល់​ពី​ពុទ្ធបរិស័ទ​ថ្វាយ​ព្រះ​នៅក្នុង​សាលាឆាន់ និង​កុដិ​នោះ មួយផ្នែក​យកទៅដាក់​ក្នុង​ទឹក​សម្រាប់​ទុក​ស្រោច​ប្រោះព្រំ​ទៅ​ពុទ្ធបរិស័ទ​។ ហើយ​មួយផ្នែក​ទៀត​បោះចោល​ក្នុង​ធុងសំរាម​។​
 
​ក្រៅពី​ទីវ​ត្ត​អា​រ៉ា​ម ទីកន្លែង​ស័ក្តិសិទ្ធិ​ផ្សេង ក៏​ពលរដ្ឋ​និយម​យក​ផ្កាឈូក​ទៅ​ថ្វាយ និង​បួងសួង​ដែរ​។ នៅមុខ​ព្រះ​អង្ក​ដង​កើ​ដែល​ស្ថិតនៅ​ទាល់​មុខ​ព្រះបរមរាជវាំង ក៏​ជា​កន្លែង​ដែល​ពលរដ្ឋ​មាន​ជំនឿ និង​តែងតែ​មក​បន់ស្រន់​ជា​រៀងរាល់ថ្ងៃ ជាពិសេស​ថ្ងៃសីល ឬ​ថ្ងៃបុណ្យ​សាសនា​នានា​។ រាល់ពេល​មកដល់​កន្លែង​នេះ​ពលរដ្ឋ​មិនដែល​ខកខាន​នូវ​ការថ្វាយ​ផ្កាឈូក​ឡើយ​។​


ផ្កាឈូកដែលនៅតាម​វត្ត​នីមួយៗ​កាច់ដាក់ក្នុង​ទឹកសម្រាប់ប្រោះព្រំឲ្យសេចក្តី​សុខ 

​លោកតា ពៅ ស្រ៊ុន ដែលជា​អ្នកប្រចាំការ​នៅក្នុង​សំណាក​ព្រះអង្គ​ដង​កើ បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា ផ្កាឈូក​ប្រមាណ​រាប់ពាន់​ដើម​ដែល​ពលរដ្ឋ​យកមក​ថ្វាយ​ព្រះអង្គ​ដង​កើ​ជា​រៀងរាល់​ថ្ងៃនេះ ។​ក្នុងនោះ​មួយចំណែក​តូច​គឺ​កាច់​ដាក់​ក្នុង​ទឹក​សម្រាប់​ប្រោះព្រំ​ទៅដល់​ពលរដ្ឋ​ដែល​បានមក​បន់ស្រន់​នៅ​ព្រះអង្គ​ដង​កើ និង​មួយចំណែក​ធំ​យក​បោះចោល​ក្នុង​ធុងសំរាម​។ បើតាម​លោកតា​ក្នុង​មួយថ្ងៃ​មាន​សំណល់​ផ្កាឈូក​ចំនួន​៣​ធុង ប៉ុន្តែ​បើ​ថ្ងៃបុណ្យ​ទាន​វិញ មាន​ផ្កាឈូក​ដល់​ទៅ​៥ ទៅ​៦​ធុង​។ 
 
 
​ផ្កាឈូក​ដែល​ថ្វាយ​ព្រះអង្គ​ហើយ មិន​អនុញ្ញាត​ឲ្យ​អាជីវករ​យកមក​លក់​វិញ និង​ពលរដ្ឋ​យកមក​ថ្វាយ​វិញ​នោះទេ​។ នេះ​ជាការ​លើកឡើង​របស់លោក​តា​ដែលមាន​ប្រសាសន៍​ដូច្នេះ​ថា​៖«​ផ្កាឈូក​នេះ​គឺ​យើង​អត់​ឲ្យ​យកទៅលក់​វិញ​ទេ​។ តែបើ​សម្រាប់​គេ​ចង់បាន​យកទៅ​ច្នៃ​ធ្វើ​អ្វី​ផ្សេង គឺ​យើង​ជូន​បាន​។ ផ្កាឈូក​ខ្លះ​យើង​ដាក់​ក្នុង​ទឹក​សម្រាប់​ចែកជូន​ពលរដ្ឋ​យក​លុបមុខ ឬ​យកទៅ​ផ្ទះ​។ ហើយ​បើ​នៅសល់​យើង​បោះចោល​ក្នុង​ធុងសំរាម​»​។​
 
​កញ្ញា ទាប វិច្ឆិកា ដែល​កំពុងតែ​ស្ថិតនៅ​សាលាឆាន់​វត្ត​សន្សំ​កុសល ហើយ​ដៃ​កំពុងតែ​បត់​ផ្កាឈូក​មួយរយ​ស្រទាប់​បម្រុង​នឹង​យកទៅ​ថ្វាយ​ព្រះ​នោះ គឺ​តែងតែ​ចូលរួម​ពិធី​សាសនា​ជា​រៀងរាល់ឆ្នាំ ។ កញ្ញា បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ទាក់ទង​នឹង​ពុទ្ធសាសនា​គេ​ច្រើនតែ​ប្រើ​ផ្កាឈូក​។ តាំងពី​ម៉ាក់​ខ្ញុំ និង​យាយ​ខ្ញុំ​មក ខ្ញុំ​ប្រើតែ​ផ្កាឈូក ហើយ​ខ្ញុំ​ក៏​ចូលចិត្ត​តែ​ផ្កាឈូក​ដូចគ្នា​។ មួយទៀត​គឺ​ផ្កាម្លិះ ជា​ផ្កា​ដែល​ក្រុមគ្រួសារ​ខ្ញុំ​តែងតែ​ដាក់ថ្វាយ​ព្រះ​»​។  
 
​កញ្ញា ទាប វិច្ឆិកា ចង់​ឲ្យ​វត្ត​នានា​គួរតែ​យក​ផ្កាឈូក​ដែល​នៅសល់​ពី​ការថ្វាយ​ព្រះ​នោះ យកទៅ​ច្នៃ​ជា​របស់​មាន​ប្រយោជន៍​អ្វី​ផ្សេង តាមតែ​លទ្ធភាព​ដែល​អាច​ធ្វើបាន ជាជាង​យកទៅ​គ្រវែង​ចោល​នៅក្នុង​ធុងសំរាម​ដែរ​។​
 
​ជាក់ស្តែង​ផ្កាឈូក​មាន​សារប្រយោជន៍​សម្រាប់​ច្នៃ​ជា​តែ ឬ​ផលិតផល​អ្វី​ផ្សេងៗ​។ ទាក់ទង​នឹង​បច្ចេកទេស​ច្នៃ​ផ្កាឈូក​ធ្វើជា​ផលិតផល​ផ្សេងៗ​នោះ លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​នយោបាយ និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច មិនទាន់​ច្បាស់​ថា ភាគី​ខាង​ណា​ដែល​អាចមាន​លទ្ធភាព​ច្នៃ​ផ្កាឈូក​ទៅធ្វើជា​របស់​ផលិតផល​ផ្សេងៗ​ឡើយ​។  
​លោក ច័ន្ទ សុផល បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ទាក់ទង​នឹង​រឿង​ការច្នៃ​ផ្កាឈូក​ទៅ​ច្នៃ​ធ្វើ​អ្វីមួយ​នោះ​គឺជា​រឿង​បច្ចេកទេស​។ ខ្ញុំ​ពិបាក​នឹង​សន្និដ្ឋាន ដោយសារ​របស់​នេះ​មាន​តែមួយ​ភ្លែតៗ​អ៊ីចឹង​។ យើង​មិនដឹងថា​គួរតែ​យកទៅ​ធ្វើ​អ្វី​ឲ្យ​បានច្បាស់លាស់​។ ប៉ុន្តែ​បើសិន​ជាមាន​ទៀងទាត់ ដូចជា​សំរាម គេ​នឹង​បង្កើតជា​រោងចក្រ​សម្រាប់​ច្នៃ​ទៅជា​ជី និង​ទៅជា​អ្វីមួយ​។ ដោយសារតែ​នេះ​មួយឆ្នាំ​មានតែ​ប៉ុន្មាន​ថ្ងៃ​។ ដោយសារ​យើង​គ្មាន​ទិនិកា ដើម្បី​ធ្វើជា​ប្រយោជន៍​អ្វីមួយ​»​។ 


ពុទ្ធបរិស័ទកំពុងដាក់​ផ្កាឈូកទៅក្នុងថូសម្រាប់ថ្វាយដល់ព្រះ​នៅ​ក្នុងវត្ត​សន្សំកុសលនា​ថ្ងៃកាន់បិណ្ឌ​ទី៨ 

​បើតាម​លោក ច័ន្ទ សុផល ទោះបី​ផ្កាឈូក​ដែល​បោះចោល​នៅក្នុង​វត្ត​នីមួយៗ​នា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឬ​ពិធីបុណ្យ​ផ្សេងៗ​នោះ ក៏​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ឡើយ​។ លោក សុផល បាន​រៀបរាប់​ដូច្នេះ​ថា​៖«​បោះ​ផ្កាឈូក​ចោល វា​មិនមែនជា​អ្វីដែល​ធ្វើ​ឲ្យ​យើង​បារម្ភ​ខ្លាំង​នោះទេ ព្រោះ​វា​ជា​សរីរាង្គ​។ ទោះបី​វា​រលួយ​ទៅ ក៏​វា​គ្មាន​ជះ​ជា​បញ្ហា​អ្វី​ដែរ​»​។ 
 
​តែ​យ៉ាងណា​លោក ច័ន្ទ សុផល ក៏បាន​ណែនាំ​ឲ្យ​វត្ត​នីមួយៗ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ផ្សព្វផ្សាយ​ពី​តម្លៃ​នៃ​ផ្កាឈូក ដើម្បី​ជូនដំណឹង​ទៅ​ក្រុម​អ្នក​ដែល​អាច​កែច្នៃ​បាន ដើម្បី​ប្រមូល​ផ្កាឈូក​យកទៅ​ច្នៃ​ជា​អ្វី​ផ្សេង​ដែលមាន​ប្រយោជន៍​៕
 
 

Tag:
 ផ្កាឈូក​
 ​អារាម​
 ​ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com