ពីនេះ ពីនោះ
សុខភាព
ងាយៗ​! ចង់​ឆាប់​មាន​ផ្ទៃពោះ កុំ​រំលង​អាហារ ៥ ប្រភេទ​នេះ​
17, Sep 2020 , 6:59 pm        
រូបភាព
​ធ្លាប់​ដឹង​ទេ​ថា​ការជ្រើសរើស​ប្រភេទ​អាហារ​ត្រឹមត្រូវ​ដើម្បី​ទទួលទាន​អាចជួយ​បង្កើន​ភាព​មានកូន​បាន​? ហើយ​ការ​មាន​របប​អាហារ​ត្រឹមត្រូវ​ក៏​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​ផងដែរ​។​ដូច្នេះ​ប្រសិនបើ​អ្នក​ព្យាយាម​មាន​ផ្ទៃពោះ​មួយរយៈ​ហើយ ប៉ុន្តែ​មិនបាន​សម្រេច ចូរ​បន្ថែម​អាហារ​ទាំងនេះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។ ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​អាចជួយ​ឱ្យ​អ្នក​ឆាប់​មានកូន​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន ប្រសិនបើ​ចង់​មាន​ផ្ទៃពោះ​ឆាប់ ៖

 
១. អាហារ​ដែលមាន​ផ្ទុក​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​
 
​សម្រាប់​គូ​ស្វាមីភរិយា​ដែល​កំពុង​ព្យាយាម​មាន​ផ្ទៃពោះ ចូរ​កុំ​ភ្លេច​បន្ថែម​ប្រូតេអ៊ីន​ដែលមាន​គុណភាព​ខ្ពស់​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ស៊ុត គ្រាប់​អាល់​ម៉ុ​ន ត្រី​ធូ​ណា និង​សូម្បីតែ​សាច់សត្វ​មាន់ ទា ឬ​ក្ងាន ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​ដើម្បី​បង្កើន​ភាព​មានកូន​បាន​។​
 
២. ត្រី​ទឹក​ត្រជាក់​
 
​ដូចជា​សាល​ម៉ុ​ន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់ និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​មាន​ផ្ទៃពោះ និង​បង្ក​កំណើត ហើយក៏​ចាំបាច់​សម្រាប់​ស្ត្រី​កំពុង​ពពោះ​ផងដែរ​។ ដូច្នេះ​អ្នក​គួរ​រួមបញ្ចូល​ត្រី​សាល​ម៉ុ​ន​ក្នុង​របប​អាហារ​ឱ្យបាន ២ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៣. បន្លែ និង​ផ្លែឈើ​
 
​ប​ន្លៃ​បៃតង និង​ផ្លែឈើ​ស្រស់ៗ​មិន​ត្រឹមតែ​ប្រសើរ​ចំពោះ​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រសើរ​សម្រាប់​ការ​ឆាប់​មាន​ផ្ទៃពោះ​ផងដែរ​។ ប្រសិនបើ​អ្នក​ចង់​ឆាប់​មានកូន ចូរ​បង្កើន​ការទទួល​ទាន​បន្លែ​បៃតង និង​ផ្លែឈើ​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក អាស៊ីត​ហ្វូ​លិ​ក និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម រួមទាំង​សារធាតុចិញ្ចឹម​ជាច្រើន​ផ្សេងទៀត​។ ការរួមបញ្ចូល​បន្លែ​បៃតង និង​ផ្លែឈើ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ជួយ​ធ្វើឱ្យ​ស្រទាប់​ខាងក្នុង​នៃ​ស្បូន​មាន​ភាពរឹងមាំ ហើយក៏​ភ្ជាប់​ស៊ុត​បង្ក​កំណើត​ទៅនឹង​ស្បូន​។​
 
៤. ផលិតផល​ផ្សំ​ឡើង​ពី​ទឹកដោះគោ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ពេញលេញ​
 
​ការ៉េម​ក៏​ជា​អាហារសម្រន់​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នក​ដែល​កំពុង​ព្យាយាម​មាន​ផ្ទៃពោះ​ផងដែរ​។ នេះ​ក៏​ព្រោះ​វា​ផ្សំ​ឡើង​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ពេញលេញ​និង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​កាល់ស្យូម​ដែល​ចាំបាច់​សម្រាប់​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​។ ទោះជា​យ៉ាងណា​អ្នក​ក៏​គួរតែ​កម្រិត​ការទទួល​ទាន​អាហារ​ប្រភេទ​នេះ​ដោយ​ញ៊ាំ​តែមួយ​ក្នុង​មួយថ្ងៃ​បាន​ហើយ​។​
 
៥. អាហារ​មាន​ផ្ទុក​ជាតិ​អាស៊ីត​ហ្វូ​លិ​ក​
 
​សម្រាប់​អ្នក​ដែល​ចង់​ឆាប់​មាន​ផ្ទៃពោះ ចូរ​បង្កើន​ការទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​អាស៊ីត​ហ្វូ​លិ​ក​។ ធញ្ញជាតិ​គ្រាប់​ពេញ ផ្លែឈើ​រសជាតិ​ជូរ ស៊ុត ល្ហុង និង​បន្លែ​បៃតង​ជាដើម គឺ​សុទ្ធតែជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ហ្វូ​លិ​ក​។​
 
  • ​អ្នក​ចាំបាច់​គួរ​ចៀសវាង​អាហារ​និង​ភេសជ្ជៈ​មួយចំនួន​ផងដែរ​ដូចជា ៖
១. អាហារ​កែច្នៃ​
 
​អាហារ​ប្រភេទ​នេះ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល ព្រមទាំង​ជះឥទ្ធិពល​ដល់​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ​ទៀតផង​។ អាហារ​កែច្នៃ​អាច​បណ្ដាលឱ្យ​កើតមាន​បញ្ហា​អតុល្យភាព​អ័រម៉ូន​ចំពោះ​ស្ត្រី ហើយ​សរីរាង្គ​បន្ត​ពូជ គឺ​ងាយ​នឹងរង​គ្រោះ​ដោយសារ​កម្រិត​មិន​ត្រឹមត្រូវ​នៃ​អ័រម៉ូន​ក្នុង​រាងកាយ​។​
 
២. អាហារ​សម្បូរ​ខ្លាញ់​មិនល្អ​
 
​មិន​ត្រឹមតែ​ធ្វើឱ្យ​កើន​ទម្ងន់​ខ្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាហារ​សម្បូរ​ទៅដោយ​ខ្លាញ់​មិនល្អ​ក៏បង្ក​ផលប៉ះពាល់​ដល់​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​ផងដែរ​។ ភាពធាត់​ជ្រុល​ជា​អ្វីមួយ​ដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​អតុល្យភាព​អ័រម៉ូន​។​
 
៣. អាហារ​សមុទ្រ​ដែលមាន​ផ្ទុក​ជាតិ​បា​រ៉​ត​ខ្ពស់​
 
​ជាតិ​បា​រ៉​ត​ច្រើន​លើសលប់​ក្នុង​រាងកាយ​ជះ​ផល​ឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​លើ​ប្រព័ន្ធ​បន្ត​ពូជ​។​
 
៤. គ្រឿង​ស្រវឹង​
 
​ការទទួល​ទាន​គ្រឿង​ស្រវឹង​លើស​កម្រិត​មិន​ត្រឹមតែ​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បន្ថយ​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​ផងដែរ​។ នេះ​ក៏​ព្រោះតែ​គ្រឿង​ស្រវឹង​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​និង​ជះឥទ្ធិពល​លើ​បរិមាណ​នៃ​វីតាមីន B ដែល​ចាំបាច់​សម្រាប់​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​។​
 
៥. ភេសជ្ជៈ​កំប៉ុង​
 
​ការ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង ឬ​ភេសជ្ជៈ​សូ​ដា​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​ដែល​ជះឥទ្ធិពល​ដល់​កម្រិត​នៃ​អ័រម៉ូន​និង​ប្រព័ន្ធ​បន្ត​ពូជ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com