អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តើប្រទេសណាខ្លះមាននាវាដឹកយន្តហោះចម្បាំងកំពុងធ្វើប្រតិបត្តិ?
16, Sep 2020 , 7:39 pm        
រូបភាព
រូបភាព៖ Twitter, US Pacific fleet
រូបភាព៖ Twitter, US Pacific fleet
នាវាដឹកយន្តហោះចម្បាំង ជាផ្នែកសំខាន់ក្នុងការធ្វើសង្រ្គាមលើទឹក។ នាវាប្រភេទនេះ បានដាក់ឲ្យប្រើប្រាស់ដំបូងនៅក្នុងអំឡុងឆ្នាំ១៩២២។ កាលនោះ គឺជានាវាដឹកយន្តហោះចម្បាំងរបស់ជប៉ុន Hosho។ ពីរឆ្នាំបន្ទាប់ទើបអង់គ្លេស ដាក់នាវាដឹកយន្តហោះចម្បាំងរបស់ខ្លួន HMS Hermes ឲ្យប្រើប្រាស់។


រហូតដល់ពេលបច្ចុប្បន្ន នាវាដឹកយន្តហោះចម្បាំង ត្រូវបានគេសាងសង់ជាបន្តបន្ទាប់។ ប្រទេសដែលមាននាវាដឹកយន្តហោះចម្បាំងកំពុងដាក់ឲ្យប្រើប្រាស់ច្រើនជាងគេ គឺអាមេរិក មានជាង១០គ្រឿង ខណៈប្រទេសផ្សេងទៀត មានត្រឹមតែមួយ ឬពីរគ្រឿងប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាប្រទេសដែលមាននាវាដឹកយន្តហោះចម្បាំង។ 
 
១. អាមេរិក 
ចាប់តាំងពីសង្រ្គាមលោកលើកទី២មក អាមេរិកសាងសង់នាវាដឹកយន្តហោះជាបន្តបន្ទាប់។ តាមការចុះផ្សាយរបស់សារព័ត៌មាន CNN (https://edition.cnn.com/2013/08/09/us/u-s-aircraft-carriers-fast-facts/index.html) រហូតមកដល់ឆ្នាំ២០២០ អាមេរិកមាននាវាដឹកយន្តហោះចម្បាំងកំពុងដាក់ឲ្យប្រតិបត្តិមានចំនួន ១១គ្រឿង។ នាវាដែលត្រូវបានឃើញឈ្មោះលើសារព័ត៌មានញឹកញាប់មាន USS Ronald Reagan និង USS Nimitz។ 
 
២. ចក្រភពអង់គ្លេស
បន្ទាប់ពីអាមេរិក អង់គ្លេស មានចំនួននាវាដឹកយន្តហោះចម្បាំង ២គ្រឿងប៉ុណ្ណោះកំពុងដាក់ឲ្យប្រើប្រាស់មានដូចជា HMS Queen Elizabeth និង HMS Prince of Wales។ 
 
៣. ចិន
ដោយឡែកចិនវិញ ក៏មាននាវាដឹកយន្តហោះពីរគ្រឿងដែរ ក្នុងនោះមានដូចជា Liaoning និងShandong។ ក្នុងសមយុទ្ធយោធាចុងក្រោយនៅសមុទ្រBohai និងតំបន់សមុទ្រផ្សេងទៀត ចិនក៏បានប្រើប្រាស់ នាវាដឹកយន្តហោះទាំងពីរនេះដែរ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ស្របពេលមានមានតានតឹងជាមួយអាមេរិក។ 
 
៤. អ៊ីតាលី
សម្រាប់អ៊ីតាលី គឺមាននាវាដឹកយន្តហោះចម្បាំងពីរគ្រឿង ដែលមានដូចជា Cavour និង Giuseppe Garibaldi។ 
 
៥. បារាំង ឥណ្ឌា រុស្ស៊ី អេស្ប៉ាញ ១ដូចគ្នា
ចំណែកបារាំង ឥណ្ឌា រុស្ស៊ី អេស្ប៉ាញសុទ្ធតែមាននាវាចម្បាំង ១គ្រឿងដូចគ្នា។ ជាការពិត ប្រទេសទាំង៤នេះ ក៏មាននាវាដឹកយន្តហោះចម្បាំងផ្សេងទៀតដែរ គ្រាន់តែមិនដាក់ឲ្យប្រើប្រាស់ ហើយនាវាដឹកយន្តហោះចម្បាំងខ្លះគឺចាស់ប្រើលែងកើត។ 
 
៦. ថៃ 
ក្នុងចំណោមប្រទេសបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ ថៃគឺជាប្រទេសតែមួយគត់ ដែលមាននាវាដឹកយន្តហោះ។ នាវាដឹកយន្តហោះ HTMS Chakri Naruebet ដែលផលិតនៅអេស្ប៉ាញ ហើយដាក់ឲ្យដំណើរការនៅឆ្នាំ១៩៩៧ នេះ អាចដឹកយន្តហោះធុន Sea Harrier AV-8S និងឧទ្ធម្ភាគចក្រ SH-70Bបាន។ 
សូមបញ្ជាក់ថា ក្រៅពីប្រទេសខាងលើ ប្រទេសមួយចំនួនទៀត ដូចជាអូស្រ្តាលី កាណាដា ប្រេស៊ីល ជប៉ុន ហូឡង់ជាដើម ក៏មាននាវាដឹកយន្តហោះចម្បាំងផងដែរ ប៉ុន្តែគ្រាន់តែនាវាទាំងនោះ អាចទទួលបានត្រឹមឧទ្ធម្ភាគចក្រ ខណៈការកែច្នៃនាវាទាំងនេះដើម្បីទទួលយន្តហោះចម្បាំង ចំណាយថវិកាច្រើនក្រាស់ក្រែល៕
 

Tag:
 អាមេរិក
  ចិន
  អង់គ្លេស
  បារាំង
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com