ជាតិ
បទសម្ភាសន៍
យុវតីវ័យ១៨ឆ្នាំ ចែម ស្រីហួច សូត្រកំណាព្យបានពីរោះរហូតទទួលជ័យលាភីលេខ១ កាលពីឆ្នាំ២០១៧
×
ភ្នំពេញ៖ យុវតី ចែម ស្រីហួច គឺជាអ្នកមានទេពកោសល្យសូត្រកំណាព្យមួយរូប ខណៈសិល្បៈសូត្រកំណាព្យ មិនសូវទទួលបានការចាប់អារម្មណ៍ ពីយុវជនសម័យបច្ចុប្បន្នប៉ុន្មានឡើយ។ ដោយភាពប៉ិនប្រសប់នៃការសូត្រកំណាព្យ យុវតីវ័យស្រីហួច ដែលបច្ចុប្បន្នមានវ័យ១៨ឆ្នាំរូបនេះ ក៏ធ្លាប់បានទទួលជ័យលាភីលេខ១ នាការប្រកួតសូត្រកំណាព្យកាលពីឆ្នាំ២០១៧។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង កញ្ញា ផាត ដាណេ នៃសារព័ត៌មានថ្មីៗ Thmeythmey25 និងកញ្ញា ចែម ស្រីហួច ជ័យលាភីលេខ១ ផ្នែកសូត្រកំណាព្យ ដែលរៀបចំដោយសារៈមន្ទីរទួលស្លែង (មន្ទីរស២១) កាលពីឆ្នាំ២០១៧ដូចតទៅ៖
យុវតី ចែម ស្រីហួច គឺជាអ្នកមានទេពកោសល្យសូត្រកំណាព្យមួយរូប។ ស្រីហួច ដែលមានវ័យទើបតែ១៨ឆ្នាំ អាចសូត្រកំណាព្យបានយ៉ាងពីរោះ ហើយសំនៀងសូត្រកំណាព្យរបស់នាង ក៏ធ្លាប់បានទទួលជ័យលាភីលេខ១ នាការប្រកួតសូត្រកំណាព្យកាលពីឆ្នាំ២០១៧ដែរ។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កញ្ញា ចែម ស្រីហួច បានបញ្ជាក់ថា នាងចាប់អារម្មណ៍នឹងការតាក់តែងកំណាព្យ និងបែបបទនៃការសូត្រនេះ ពីក្នុងសៀវភៅមេរៀននៃកម្មវិធីសិក្សា។ ដោយចូលចិត្តសិល្បៈផ្នែកសូត្រកំណាព្យ ហើយក៏ចង់បង្ហាញពីសមត្ថភាពរបស់ខ្លួន និងចង់សិក្សាបន្ថែមអំពីក្បួនសូត្រកំណាព្យ នេះ យុវតី ចែម ស្រីហួច បានសម្រេចចិត្តដាក់ពាក្យប្រឡងសូត្រកំណាព្យ កាលពីអំឡុងឆ្នាំ២០១៧នោះ។
យុវតីរូបនេះ រំឭកថា ដ្បិតតែខ្លួនអាចសូត្រកំណាព្យបានខ្លះៗ មុនពេលចូលប្រកួតក៏ដោយ ប៉ុន្តែនៅពេលហ្វឹកហាត់មុនការប្រកួតចាប់ផ្តើម នាងក៏ដូចជាសិក្ខាកាមដទៃទៀត ក៏ប្រឈមនឹងការលំបាកច្រើនដែពិសេសការលើកដាក់សំឡេង។ យុវតី ចែម ស្រីហួច រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា៖«ផលលំបាកមានច្រើនបង ព្រោះអីពេលដែលទៅរៀនហ្នឹង ក្នុងកំណាព្យមួយវាបែងចែកជាច្រើន វាមានកាព្យសូត្រច្រើនបែប អ៊ីចឹងហើយក្នុងការសូត្រហ្នឹង វាពិបាកក្នុងការធ្វើសំឡេង និងអឺនជាច្រើន។ និយាយទៅពិបាកក្នុងការប្រើប្រាស់សំឡេង»។
បច្ចុប្បន្ន ចែម ស្រីហួច កំពុងសិក្សាថ្នាក់ទី១២ នៅសាលាឯកជនមួយកន្លែងនៅធានីភ្នំពេញ ហើយនាងមិនទាន់សម្រេចថានឹងសិក្សាផ្នែកសិល្បៈកំណាព្យ ឬយ៉ាងណានៅឡើយ។ ស្រីហួច បញ្ជាក់ ការសម្រេចចិត្តច្បាស់លាស់មួយ នឹងកើតឡើងក្រោយនាងប្រឡងជាប់បាក់ឌុប៕
© រក្សាសិទ្ធិដោយ thmeythmey.com