ប្រយ័ត្ន«កូនខ្មែរ» អត់ចេះសរសេរអក្សរខ្មែរ!
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
ប្រយ័ត្ន«កូនខ្មែរ» អត់ចេះសរសេរអក្សរខ្មែរ!
16, Sep 2020 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
ឆ្លៀតឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក្លើ សុធីរ និងសំណាង នៅតែឆ្លៀតរកពេលជួបគ្នាដើម្បីនិយាយរឿងសង្គម។ មាត់ក្រេបរសជាតិកាហ្វេផង ជជែកគ្នារឿងអក្សសាស្រ្តខ្មែរផង។ ប្រធានបទថ្ងៃនេះ គឺ កូនខ្មែរ មួយចំនួនមិនសូវចេះសរសេរអក្សរខ្មែរឲ្យត្រឹមត្រូវ។


សុធីរ៖ កូនខ្មែរមួយចំនួនពូកែភាសាបរទេស ជាពិសេស ភាសាអង់គ្លេស។ អាហ្នឹងមិនរឹតតែល្អ អា សំណាង? 
សំណាង៖ អញមាននិយាយថា មិនល្អឯណ៎ា!។ ចេះភាសាបរទេស គឺល្អណាស់។ ចេះភាសាបរទេសមួយ ស្មើនឹងមានត្រចៀកពីរ ភ្នែកពីរ។ ចេះភាសាបរទេសពីរ ស្មើនឹងមានត្រចៀក៤ ភ្នែកបួន។ ចេះកាន់តែច្រើន ភ្នែក និងត្រចៀកកាន់តែច្រើន។ គំនិតនេះ គេចង់និយាយថា បើចេះភាសាបរទេសកាន់តែច្រើន ស្តាប់ និងយល់ពីគេបានកាន់តែច្រើន។ 
 
សុធីរ៖ ដូចអ្ហែងពន្យល់អ៊ីចឹង! ចេះភាសាបរទេសល្អណាស់ មិនថា អ៊ីចឹង? 
សំណាង៖ ដូចអញនិយាយខាងលើអ៊ីចឹង។ ចេះភាសាបរទេសល្អ តែអ្វីដែលអញបារម្ភនៅពេលនេះ គឺថា កូនខ្មែរមួយចំនួនដែលរៀននៅសាលាបរទេសនៅកម្ពុជា ឬនៅបរទេស ចេះភាសាអង់គ្លេសច្រើនជាងភាសាខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះ កូនខ្មែរខ្លះ សរសេរខ្មែរអត់ត្រូវតែម្តង ព្រោះតែឥទ្ធិពលនៃភាសាបរទេសខ្លាំងពេក។ 
 
សុធីរ៖ ចុះបើកូនខ្មែរអត់សូវចេះភាសាខ្មែរ តើមានអ្វីកើតឡើង? 
សំណាង៖ ឪពុកម្តាយខ្លះ សប្បាយចិត្ត ពេលឃើញកូនចេះភាសាបរទេស(អង់គ្លេស)និយាយកាត់តុងតាមរបៀបបរទេស។ ប៉ុន្តែ ពួកគេអត់ដែលបានគិតគូ ឬសួរកូនចៅថា ចេះភាសាខ្មែរដែរឬទេ! បើតាមយោបល់អញ ចេះភាសាអង់គ្លេស គឺជារឿងល្អបំផុត តែបើសរសេរ ឬនិយាយខ្មែរមិនបាន ឬមិនល្អ គឺជារឿងអាប់ឱនកិត្តិយសជាតិ។ 
 
សុធីរ៖ ម៉េចបានជាទាក់ទងនឹងកិត្តិយសជាតិទៅវិញ អា សំណាង? 
សំណាង៖ ជារួម កូនខ្មែរ ត្រូវចេះសរសេរអក្សរខ្មែរឲ្យច្បាស់លាស់ ឬ យ៉ាងហោចណាស់ គួរតែចេះប្រើប្រាស់ក្នុងកម្រិតមធ្យមដែរ។ តែបើភាសាខ្មែរមិនត្រូវបានប្រើប្រាស់ល្អទេនោះ វានឹងនាំឲ្យប៉ះពាល់ដល់កិត្តិនាមខ្មែរខ្លះដែរ។ បើចេះភាសាខ្មែររួចហើយ បន្ទាប់មក កូនខ្មែរចេះភាសាបរទេសកាន់ច្រើន នោះវាកាន់តែល្អ។ អញចង់បញ្ជាក់ប្រាប់អ្ហែងបន្តិច អា សុធីរ! កាលពីជាង២០ឆ្នាំមុន កូនខ្មែរដែលចេះភាសាបរទេសមានចំនួនតិចតួច តែចំនួនអ្នកចេះភាសាខ្មែរមានច្រើន។ ២០ក្រោយមក កូនខ្មែរ និងយុវជនខ្មែរក្នុងចំនួនណាមួយនោះ ទំនងដូចជាចេះភាសាបរទេសច្រើនជាងភាសាខ្មែរទៅវិញ។ ជាថ្មីម្តងទៀត អញគ្រាន់តែចង់បញ្ជាក់ប្រាប់អ្ហែងថា ចេះភាសាបរទេសអ្វីក៏ល្អដែរ តែកុំឲ្យភេ្លចភាសាខ្មែររបស់យើងណ៎ាអា សំឡាញ់ សុធីរ! 
 

© រក្សាសិទ្ធិដោយ thmeythmey.com