COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មកទល់ពេលនេះ តើវ៉ាក់សាំង COVID-19 ដើរដល់ដំណាក់កាលណាខ្លះ?
16, Sep 2020 , 3:59 pm        
រូបភាព
ដបតូចៗ ដែលវាយស្លាកសញ្ញាថាវ៉ាក់សាំង COVID-19។ រូបភាព៖ Reuters
ដបតូចៗ ដែលវាយស្លាកសញ្ញាថាវ៉ាក់សាំង COVID-19។ រូបភាព៖ Reuters
មកទល់ពេលនេះ វាមានរយៈពេលជាង៩ខែហើយ ដែលជំងឺ COVID-19 បានអុកឡុកពិភពលោក។ មនុស្សជាច្រើនលាននាក់បានឆ្លងជំងឺថ្មីនេះ ខណៈអ្នកស្លាប់បានកើនដល់ជិតមួយលាននាក់។ ប្រជាជនជាច្រើន កំពុងទន្ទឹងចាំវ៉ាក់សាំង ដោយសង្ឃឹមថាពេលមានវ៉ាក់សាំងអ្វីៗ នឹងត្រលប់មករកសភាពធម្មតាវិញ។ 

គិតត្រឹមពេលនេះ មានតែរុស្ស៊ីតែមួយប៉ុណ្ណោះ ដែលបានប្រកាសពីថារកឃើញវ៉ាក់សាំងប្រឆាំងCOVID-19 ដំបូងគេ។ វ៉ាក់សាំងដែលមានឈ្មោះSputnik V នេះ បានដាក់ធ្វើតេស្តលើមនុស្ស ៤ម៉ឺននាក់ ដោយគិតចាប់ពីខែកញ្ញានេះ តទៅ។ យ៉ាងណាក៏ដោយ វ៉ាក់សាំងនេះ កំពុងចោទពីសំណួរជាច្រើនជុំវិញបញ្ហាប្រសិទ្ធភាព ជាពិសេសបណ្តាប្រទេសអឺរ៉ុប និងអង្គការWHO។ 
ជាការឆ្លើយតប លោក Kirill Dmitriyev ប្រធានមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី ដែលទទួលបន្ទុកលើគម្រោងវ៉ាក់សាំង បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងឃើញមានការប្រែប្រួលយ៉ាងច្រើនចំពោះពាក្យសម្តីរបស់ WHO ។ ជាការពិត ដំបូងឡើយពួកគេមិនទាន់មានព័ត៌មានគ្រប់គ្រាន់ តែពេលនេះព័ត៌មានផ្លូវការត្រូវបានបញ្ជូនទៅ ហើយWHO នឹងវាយតម្លៃវ៉ាក់សាំង»។
 
ស្របពេលរុស្ស៊ីប្រកាសពីភាពជោគជ័យរបស់ខ្លួនលើវ៉ាក់សាំង ប្រទេសផ្សេងទៀតដូចជាចិន និងបណ្តាប្រទេសអឺរ៉ុប អាមេរិកជាដើម ក៏កំពុងសះស្វែងស្រាវជ្រាវវ៉ាក់សាំងផ្ទាល់ខ្លួនដែរ។ 
តើវ៉ាក់សាំងទាំងនោះ បានដើរដល់ដំណាក់កាលណាហើយ? ហើយមានប្រទេសណាខ្លះកំពុងស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំងCOVID-19 នេះ? 
 
ក្នុងការផលិតវ៉ាក់សាំងCOVID-19 វាត្រូវការធ្វើតេស្តរហូតដល់ ៣ដំណាក់កាល ដើម្បីដឹងពីផលប៉ះពាល់លើមនុស្ស និងការធ្វើទុក្ខពេលចាក់វ៉ាក់សាំងចូលក្នុងខ្លួន។ ក្រុមហ៊ុនចិនមួយចំនួន បានធ្វើតេស្តដល់ ដំណាក់៣ហើយ ដែលជាដំណាក់កាលចុងក្រោយ។ តាមការអះអាងរបស់អភិបាលរដ្ឋ Sao Paulo វ៉ាក់សាំងចិន អាចនឹងប្រើប្រាស់សម្រាប់ប្រជាជនប្រេស៊ីលត្រឹមខែធ្នូខាងមុខ។ ក្រុមហ៊ុនថ្នាំពេទ្យចិន Sinovac Biotech កំពុងធ្វើតេស្ត  និងអភិវឌ្ឍវ៉ាក់សាំងនៅប្រេស៊ីល ដោយសារនៅក្នុងប្រទេសខ្លួនខ្វះខាតអ្នកជំងឺ។
 
លទ្ធផលសាកល្បងនៅប្រស៊ីល ក្នុង២ដំណាក់កាល់ដំបូង គឺអាចផលិតប្រព័ន្ធភាពស៊ាំបានរហូតដល់ ៩៨ភាគរយ លើមនុស្សដែលមានអាយុលើសពី៦០ឆ្នាំ។ តាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CGTN អភិបាលរដ្ឋSao Paulo បានលើកឡើងយ៉ាងដូច្នេះថា៖ «លទ្ធផលនៃការធ្វើតេស្តគឺពិតជាវិជ្ជមានខ្លាំងណាស់»។ 
 
ចំណែកវ៉ាក់សាំងចិនផ្សេងទៀតដូចជា ក្រុមហ៊ុន Cansino កំពុងធ្វើតេស្តវ៉ាក់សាំងប្រភេទ Ad5-nCOVដំណាក់កាលទី៣ នៅអារ៉ាប់ប៊ីសាអ៊ូឌីត រុស្ស៊ី ចិន និងប្រទេសផ្សេងទៀត។ ក្រៅពីនេះ មានក្រុមហ៊ុនចិន Sinopharm,ក្រុមហ៊ុន Sinovac, ក្រុមហ៊ុន CNBG ក៏កំពុងធ្វើតេស្តវ៉ាក់សាំងក្នុងដំណាក់កាលទី៣ ដែរ។ សម្រាប់ក្រុមហ៊ុនCNBG កំពុងអភិវឌ្ឍលើវ៉ាក់សាំងចំនួនពីរប្រភេទ និងរំពឹងថា ដាក់ឲ្យប្រើប្រាស់នៅក្នុងទីផ្សារត្រឹមខែធ្នូខាងមុខ ក្នុងតម្លៃជាង ១០០ដុល្លារ។ 
 
ដោយឡែក ក្រុមហ៊ុនអង់គ្លេស-ស៊ុយអ៊ែត AstraZeneca ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសវិញ ក៏កំពុងសាកល្បងធ្វើតេស្តលើវ៉ាក់សាំងប្រឆាំង COVID-19 ដែរ ដោយសហការជាមួយសកលវិទ្យាល័យ Oxford។ ក្រុមហ៊ុននេះ បានធ្វើតេស្តវ៉ាក់សាំងនៅប្រទេសជាច្រើនដូចជា ប្រេស៊ីល អាមេរិក អង់គ្លេស ហើយគ្រោងពង្រីកដល់ជប៉ុន និងរុស្ស៊ីទៀត។ 
នៅថ្ងៃទី៨ ខែកញ្ញា ក្រុមហ៊ុន បានប្រកាសផ្អាកការធ្វើតេស្តទាំងអស់បណ្តោះអាសន្ន ដោយសារអ្នកត្រូវគេចាក់វ៉ាក់សាំងម្នាក់ ធ្លាក់ខ្លួនឈឺ ហើយក្រុមហ៊ុនកំពុងស៊ើបអង្កេត។ នៅថ្ងៃទី១២ ខែកញ្ញា ក្រុមហ៊ុននេះ ប្រកាសថា ខ្លួនដំណើរការធ្វើតេស្តវ៉ាក់សាំងឡើងវិញហើយ។ 
 
ក្រៅពីក្រុមហ៊ុនខាងលើ ក្រុមហ៊ុន Moderna, ក្រុមហ៊ុន Pfizer របស់អាមេរិក, ក្រុមហ៊ុន Murdoch Childred’s របស់អូស្ត្រាលី, ក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់ ក៏កំពុងធ្វើតេស្តក្នុងដំណាក់កាលទី៣ ដែរ ដោយកំពុងសិក្សាពីផលវិបាក និងស្រាវជ្រាវលើបញ្ហាមួយចំនួនទៀត ដើម្បីឈានទៅដល់វ៉ាក់សាំង ដែលអាចប្រើប្រាស់ជាផ្លូវការបាន។ 
ដោយឡែក ក្រុមហ៊ុនCureVac របស់អាល្លឺម៉ង់ និង Zydus Cadila របស់ឥណ្ឌា កំពុងស្ថិតក្នុងដំណាក់កាលទី២ នៃការធ្វើតេស្តវ៉ាក់សាំងCOVID-19 នៅឡើយ។ រីឯក្រុមហ៊ុនបារាំង អូស្រ្តាលី និងប្រទេសផ្សេងទៀត ក៏កំពុងអភិវឌ្ឍវ៉ាក់សាំងប្រឆាំង COVID-19 ដូចគ្នា។
 
សូមបញ្ជាក់ថា ដើម្បីធ្វើឲ្យមានសមភាពក្នុងការចែកវ៉ាក់សាំងCOVID-19 អង្គការ UNICEF រួមជាមួយនឹងអង្គការសុខភាពពិភពលោក(WHO) បានរួមសហការគ្នាបង្កើតគម្រោង COVAX ឡើង។ មកទល់ពេលនេះ ប្រទេសដែលមានធនធាន យ៉ាងហោចណាស់ចំនួន៧៦ បានបេ្តជ្ញាចូលរួមក្នុងគម្រោងនេះ៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com