កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ចំណាយអស់ ២៨០លានដុល្លារ លើកីឡាករ៤រូប រដូវកាលនេះ
16, Sep 2020 , 8:30 pm        
រូបភាព
ទោះបីទីផ្សារដោះដូរកីឡាករដំណើរការអំឡុងពេលមាន COVID-19 ក្តី ប៉ុន្តែក្លិប Chelsea នៅតែបានបញ្ចេញខ្ទង់ចំណាយដ៏ច្រើននៅដើមរដូវកាល ២០២០-២១ នេះ។ ខ្សែបម្រើ Hakim Ziyech Timo Werner Ben Chilwell និង Kai Havertz សុទ្ធសឹងជាសមាជិកថ្មីដែលតោខៀវនាំចូលទៅកាន់ Stamford Bridge រួចហើយ ដែលសរុបជាទឹកប្រាក់ជិត៣០០លានដុល្លារអាមេរិក។


Hakim Ziyech ដែលផ្ទេរចេញពី Ajax ក្នុងតម្លៃ ៤៥លានផោន (៥៨លានដុល្លារ) ជាកីឡាករដំបូងគេបង្អស់ដែលអ្នកចាត់ការទូទៅលោក Frank Lampard នាំចូលទៅរួមក្រុមសម្រាប់រដូវកាលថ្មីនេះ។ Ziyech ខ្សែបម្រើអន្តរជាតិម៉ារុក នឹងត្រូវលេងក្នុងតំបន់បម្រើស្លាប ស្របពេលអ្នកចាត់ការសញ្ជាតិអង់គ្លេសដែលចូលទៅដឹកនាំ Chelsea កាលពីពាក់កណ្តាលរដូវកាលមុន បានអនុញ្ញាតឲ្យខ្សែបម្រើ Willian និង Pedro ចាកចេញទៅហើយ។
 
សម្រាប់តំបន់ប្រយុទ្ធវិញ Timo Werner ក៏ត្រូវបានបញ្ចូលក្នុងក្រុមដើម្បីបង្កើនការរកគ្រាប់បាល់ផងដែរ។ Werner ខ្សែប្រយុទ្ធសញជាតិអាល្លឺម៉ង់ ដែលផ្លាស់ពី RB Leipzig ក្នុងតម្លៃ៥០លានផោន (៦៥លានដុល្លារ) អាចនឹងត្រូវចាប់ដៃគូជាមួយ Tammy Abraham ដើម្បីប្រជែងពាន Premier League និង Champions League។
 
ការចំណាយប៉ុណ្ណេះ នៅមិនទាន់ស្កប់ស្កល់សម្រាប់ក្លិបដែលមានម្ចាស់ជាសេដ្ឋីសញ្ជាតិរុស្ស៊ី Roman Abramovich ឡើយ។ លោក Abramovich បានបន្តផ្តល់កញ្ចប់ថវិការរាប់រយលានដុល្លារបន្ថែមទៀតសម្រាប់លោក Lampard ទិញកីឡាករទៅបំពេញចន្លោះ ដែលលោកគិតថាខ្វះខាត។
 
Chelsea បានចាយជាង៤៥លានផោន (៥៩លានដុល្លារអាមេរិក) ដើម្បីទិញយកខ្សែការពារ Ben Chilwell ពី Leicester City។ ខ្សែការពារស្លាបឆ្វេងសញ្ជាតិអង់គ្លេស វ័យ២៣ឆ្នាំរូប បានទៅដល់ទឹកដី Stamford Bridge នៅមុនវត្តមានរបស់ខ្សែបម្រើ Kai Havertz ដែលតោខៀវទិញចូលថ្លៃជាងគេក្នុងចំណោមកីឡាករទាំង៤រូប។ 
 
Havertz សមាជិកក្រុមជម្រើសជាតិអាល្លឺម៉ង់ វ័យ២១ឆ្នាំ បានផ្ទេរចេញពីក្រុម Bayer Leverkusen នៅរដូវកាលនេះ ក្នុងតម្លៃដល់ទៅ៧១លានផោន (៩២លានដុល្លារអាមេរិក) ឯណោះ។
គិតនៅត្រឹមខែកញ្ញានេះ Chelsea បានចំណាយប្រាក់២៨០លានដុល្លារហើយ លើតម្លៃខ្លួនកីឡាករ៤រូបខាងលើ។ ក្រៅពីនេះ ខ្សែការពារពីររូបទៀតដែលក្រុមក្នុងក្របខណ្ឌកំពូលអង់គ្លេសមួយនេះទទួលបានដោយគ្មានតម្លៃខ្លួនមាន Thiago Silva ខ្សែការពារសញ្ជាតិប្រេស៊ីលវ័យ៣៥ឆ្នាំ ពី Paris Saint-Germain និង Malang Sarr វ័យ២១ឆ្នាំ សញ្ជាតិសេណេហ្គាល់ពី Nice៕
 

Tag:
 Chelsea
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com