ម្ចាស់កសិដ្ឋានធម្មជាតិរីករាយដែលពលរដ្ឋខ្មែរកាន់តែគាំទ្របន្លែ ផ្លែឈើ របស់សហគមន៍
ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
ម្ចាស់កសិដ្ឋានធម្មជាតិរីករាយដែលពលរដ្ឋខ្មែរកាន់តែគាំទ្របន្លែ ផ្លែឈើ របស់សហគមន៍
16, Sep 2020 , 8:59 pm        
រូបភាព
រូបភាពផ្ដល់ដោយលោក ហម គ្រឹស្នា
រូបភាពផ្ដល់ដោយលោក ហម គ្រឹស្នា
 ភ្នំពេញ៖ កសិដ្ឋានធម្មជាតិ បានចាប់ផ្តើមប្រមូលទិញបន្លែ ផ្លែឈើពីសហគមន៍បន្លែខេត្តកណ្តាល និងតាមបណ្តាខេត្តនានា មកលក់ឲ្យអតិថិជននៅរាជធានីភ្នំពេញ រយៈពេល១០ឆ្នាំហើយ។ បច្ចុប្បន្នហាងរបស់លោក មានការគាំទ្រពីពលរដ្ឋខ្មែរកាន់តែច្រើន ខណៈការលក់ចេញបន្លែ ផ្លែឈើធម្មជាតិជាប្រចាំថ្ងៃបានប្រមាណ៧០០-៨០០ គីឡូក្រាមក្នុងមួយថ្ងៃ។

លោក ហម គ្រឹស្នា គឺជាម្ចាស់ហាងលក់បន្លែ ផ្លែឈើធម្មជាតិ ដែលមានឈ្មោះ«កសិដ្ឋានធម្មជាតិ»។ លោក ហម គ្រឹស្នា  បានប្រាប់សារព័ត៌មានThmeythmey25 លោកបានសម្រេចចិត្ត បើក«កសិដ្ឋានធម្មជាតិ» ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញនេះ រយៈពេល១០ឆ្នាំហើយ ពោលគឺតាំងពីឆ្នាំ២០១០។ 
 
 
បច្ចុប្បន្ន កសិដ្ឋានធម្មជាតិ អាចលក់ចេញនូវបន្លែ ផ្លែឈើធម្មជាតិ ទៅឲ្យអតិថិជនរបស់ខ្លួន បានប្រមាណ ៧០០គីឡូក្រាម ក្នុងមួយថ្ងៃៗ។ នេះបើតាមការអះអាងរបស់លោក គ្រឹស្នា ដែលបន្តបញ្ជាក់ប្រាប់ Thmeythmey25 ថា៖«បច្ចុប្បន្នអ្នកដាំបន្លែ ផ្លែឈើ ធម្មជាតិមានការកើនឡើង ចំនួនអ្នកគាំទ្របន្លែ ផ្លែឈើធម្មជាតិក៏មានច្រើន ដោយពលរដ្ឋមានយល់ដឹងកាន់ខ្ពស់ពីសុខភាព ជាហេតុចំនួនហាងលក់បន្លែ ផ្លែឈើ ធម្មជាតិនៅរាជធានីភ្នំពេញមានការកើនឡើងដូចគ្នា»។
 
 
លោក ហម គ្រឹស្នា បន្តទៀតថា បន្លែដែលមានលក់នៅក្នុងហាង ភាគច្រើននាំមកពីសហគមន៍បន្លែក្នុងខេត្តកណ្ដាល លើកលែងតែខ្ទឹមបារាំង ការ៉ុត និងស្ពៃបូកគោ ដែលត្រូវបាននាំចូលពីបរទេស។ ចំណែកឯផ្លែឈើវិញ គឺសុទ្ធសឹងតែជាផ្លែឈើដែលដាំដុះនៅបណ្តាខេត្តនានានៅកម្ពុជា។ 
 
ម្ចាស់ហាងកសិកដ្ឋានធម្មជាតិ បញ្ជាក់ទៀតថា ក្រៅពីមានបន្លែ ផ្លែឈើគ្រប់ប្រភេទ កសិដ្ឋានធម្មជាតិក៏មានត្រី សាច់ គ្រឿងទេសគ្រប់ប្រភេទផងដែរ ដែលភាគច្រើនជាផលិតផលខ្មែរ។
 
 
បើទោះបីប្រកបរបរនេះច្រើនឆ្នាំក្ដី តែក្នុងអាជីវកម្មលោក ក៏ធ្លាប់ជួបបញ្ហាមួយចំនួនដែរ ពិសេសនៅរដូវប្រាំង ដោយការប្រមូលផលពីកសិករ មិនគ្រប់តាមតម្រូវការរបស់អតិថិជន។ លោកបានប្រាប់ដូច្នេះ៖«ចាប់ផ្ដើមដំណើរការដំបូង ចំនួនពលរដ្ឋខ្មែរអ្នកគ្រាំទ្របន្លែធម្មជាតិមិនសូវមានច្រើនទេ ភាគច្រើនជាជនជាតិបរទេស។ តែបើធៀបនឹងរយៈពេលចុងក្រោយ ពលរដ្ឋខ្មែរមានការគាំទ្របន្លែធម្មជាតិច្រើន»។ 
 
ដោយមានពលរដ្ឋខ្មែរកាន់តែច្រើន គាំទ្របន្លែ ផ្លែឈើធម្មជាតិនេះហើយ ដែលជាហេតុធ្វើឲ្យហាង«កសិដ្ឋានធម្មជាតិ»បានផ្គត់ផ្គង់បន្លែ ផ្លែឈើ ប្រមាណ ៧០០ ទៅ ៨០០គីឡូក្រោម ក្នុងមួយថ្ងៃនោះ៕
 


Tag:
 កសិកម្ម
  អាជីវកម្ម
  ហាងបន្លែធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com