ជាតិ
២៥ខេត្ត/រាជធានី
ទឹកធ្លាក់ចាអ៊ុង ទឹកជ្រោះកាទៀត កាចាញ និង៧ជាន់ បង្កើនការទាក់ទាញទេសចរទៅរតនគិរី
16, Sep 2020 , 9:59 pm        
រូបភាព
ដោយ:
ក្រៅពីបឹងយក្សឡោមដ៏ល្បីល្បាញ និងឧទ្យានជាតិវីៈជ័យដែលមានធម្មជាតិដ៏ត្រកាល និងសត្វព្រៃជាច្រើនប្រភេទហើយនោះ ខេត្តរតនគិរី ក៏មានតំបន់ទឹកធ្លាក់ដល់ទៅ៤កន្លែង ដែលមានសម្រស់ដ៏ទាក់ទាក់ដែរ។ តំបន់ទឹកធ្លាក់ទាំង៤កន្លែងនោះ មានទឹកធ្លាក់ចាអ៊ុង ទឹកជ្រោះកាទៀង ទឹកជ្រោះកាចាញ និងទឹកជ្រោះ៧ជាន់ (អូរស៊ិនលែរ៍)។

ទឹកជ្រោះចាអ៊ុង មានទីតាំងក្នុងភូមិកុលសម្ព័ន្ធភ្នំគ្រឹង ក្នុងស្រុកអូរជុំ។ នៅទីនេះ មានទឹកធ្លាក់កម្ពស់២៥ម៉ែត្រ ដែលបង្កើតបានជាផ្សែងទឹកយ៉ាងទាក់ទាញ ព័ទ្ធជុំវិញដោយវល្លិព្រៃ និងដើមឈើតូចធំ។ សម្រស់ធម្មជាតិដ៏ស្រស់ស្អាតទាំងនេះ បានក្លាយជាទីដ៏ទាក់ទាញមួយសម្រាប់អ្នកទេសចរ។ 
   ទឹកជ្រោះចាអ៊ុង 

ចំណែកឯទឹកធ្លាក់កាចាញវិញ ក៏ជាទីទេសចរដែលមានសក្តានុពលខ្លាំងមួយដែរ ដែលមានទីតាំងនៅក្រុងបានលុងតែម្តង។ ទឹកធ្លាក់ធម្មជាតិយ៉ាងស្រស់ត្រកាលនៃទឹកធ្លាក់កាចាញ ក៏បានទាក់ទាញចិត្តទេសចរជាច្រើនក្នុងមួយឆ្នាំៗដែរ។ 
   ទឹកជ្រោះកាចាញ 

នៅស្រុកលំផាត់ឯណោះវិញ ទឹកជ្រោះប្រាំពីរជាន់ (អូរស៊ិនលែរ៍) ក៏បាន និងកំពុងបង្អួតសម្រស់ខ្លួនទាក់ទាញចិត្តទេសចរផងដែរ។ ទេសចរ មិនអាចរំលងទឹកជ្រោះមួយនេះបាន ព្រោះមានទឹកធ្លាក់រហូតដល់៧ជាន់ ដែលទេសចរអាចងូតលេងកម្សាន្តបាន និងអមដោយព្រៃ ភ្នំ ខៀវស្រងាត់។ 
   ទឹកជ្រោះអូរស៊ិនលែរ៍

នៅក្នុងស្រុកលំផាត់ដូចគ្នាដែរ ទឹកធ្លាក់ការទៀង លាក់ខ្លួននៅកណ្ដាលព្រៃ ព័ទ្ធទៅដោយដើមឈើធំៗ។ ទេសចរអាចធ្វើដំណើរតាមជណ្តើរឈើ ដើម្បីងូតទឹកកម្សាន្តក្នុងទឹកធ្លាក់មួយនេះ។ នៅក្នុងតំបន់ទឹកធ្លាក់មួយនេះ ក៏មានលក់ផលិតផលប្រើប្រាស់របស់ជនជាតិដើមភាគតិចគ្រឹងផងដែរ មានដូចជាស្នា គង ប៉ឹង និងសំពត់បែបប្រពៃណីជនជាតិដើមភាគតិចជាដើម។
ក្រៅពីតំបន់ទេសចរណ៍ធម្មជាតិទាំងបួននេះ ខេត្តរតនគិរី មានសក្តានុពលទេសចរណ៍១០កន្លែងទៀតដូចជា ភ្នំឥស្សីតបតមៈ បឹងយក្សឡោម បឹងលំកុដ បឹងយក្សអោម-យក្សការ៉ា ទឹកជួរតាតៃ និងទឹកជួរទឹង វាលរំប្លង់ ដែនជម្រកសត្វព្រៃលំផាត់ ឧទ្យានជាតិវីរៈជ័យ ភូមិវប្បធម៌ជនជាតិដើមភាគតិចជាដើម៕
 




Tag:
 រតនគិរី
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com