ជប៉ុន ប្រកាសផ្ដល់លុយ១៦៥លានដុល្លារដល់កម្មវិធីវ៉ាក់សាំងCOVID-19សកលរបស់WHO
COVID-19
អន្តរជាតិ
ជប៉ុន ប្រកាសផ្ដល់លុយ១៦៥លានដុល្លារដល់កម្មវិធីវ៉ាក់សាំងCOVID-19សកលរបស់WHO
16, Sep 2020 , 10:30 pm        
រូបភាព
ជប៉ុន នៅថ្ងៃទី ១៥ ខែកញ្ញា បានប្រកាសផ្ដល់លុយជំនួយ១៦៥លានដុល្លារសម្រាប់ការចូលរួមរបស់ខ្លួនក្នុងកម្មវិធីវ៉ាក់សាំង COVID-19 របស់អង្គការសុខភាពពិភពលោក (WHO) ។ លុយវិភាគទាននេះ  កឺជាផ្នែកមួយនៃកញ្ចប់ថវិកាបម្រុងទំហំជាង ១៥,៥៧ ពាន់លានដុល្លារ ដែលក្រុងតូក្យូគ្រោងប្រើប្រាស់ដើម្បីពង្រឹងសមត្ថភាពរបស់រដ្ឋាភិបាលប្រឆាំង COVID-19 ។ 

 
 
កម្មវិធីរបស់ WHO ដែលស្គាល់ថា «COVAX» ត្រូវបានបង្កើតឡើងក្នុងគោលដៅជួយដល់ការទិញ និងការចែកចាយវ៉ាក់សាំងប្រឆាំង COVID-19 ដោយយុត្តិធម៌ នៅជុំវិញពិភពលោក ។ ក៏ប៉ុន្តែ ប្រទេសខ្លះ ដែលបានសម្រេចគិតគូរការផ្គត់ផ្គង់វាក់សាំង COVID-19 ដោយខ្លួនឯងតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី រួមមាន សហរដ្ឋអាមេរិក ផងដែរនោះ បានប្រកាសថា ពួកគេនឹងមិនចូលរួមក្នុងកម្មវិធីនេះឡើយ។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដោយដកស្រង់តាមឯកសារផ្លូវការរបស់រដ្ឋាភិបាលជប៉ុន លុយមូលនិធិនេះ  កឺជាផ្នែកមួយនៃកញ្ចប់ថវិកាបម្រុងទំហំជាង ១៥,៥៧ ពាន់លានដុល្លារ ដែលក្រុងតូក្យូគ្រោងប្រើប្រាស់ដើម្បីពង្រឹងសមត្ថភាពរបស់រដ្ឋាភិបាលប្រឆាំង COVID-19 ។ 
 
បន្ថែមពីលើនេះ រដ្ឋាភិបាលជប៉ុន ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឱសថសកល ដើម្បីចាត់ចែងការផ្គត់ផ្គងវ៉ាក់សាំងប្រឆាំង COVID-19 ក្នុងស្រុកផងដែរ។ តួយ៉ាង រដ្ឋាភិបាលក្នុងតំបន់អាស៊ីបូព៌ានេះ បានសន្យានៅមុខប្រជាជនទាំងជា១២៦លាននាក់របស់ខ្លួនថា រដ្ឋាភិបាលនឹងមានការផ្គត់ផ្គង់វ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ពួកគេ ត្រឹមពាក់កណ្ដាលឆ្នាំ២០២១។ 
 
សូមបញ្ជាក់ថា ដោយសារប្រទេសអ្នកមាននាំគ្នាកក់វ៉ាក់សាំងនោះ ជាលទ្ធផលប្រទេសតូច និងកំពុងអភិវឌ្ឍត្រូវនៅរង់ចាំក្រោយគេ។ ការទទួលបានវ៉ាក់សាំងសម្រាប់ប្រទេសតូច និងកំពុងអភិវឌ្ឍ បានក្លាយជាបញ្ហាប្រឈម និងការបារម្ភរបស់អង្គការអន្តរជាតិ។ ដូច្នេះហើយទើបគម្រោង COVAX ដែលជាផ្នែកមួយរបស់ ACT និងដែលដឹកនាំរួមគ្នាដោយ WHO នង UNICEF មានសារសំខាន់សម្រាប់ប្រទេសតូច និងកំពុងអភិវឌ្ឍ ។ 
 
ទាក់ទិននឹងកម្មវិធីនេះ អង្គការ WHO បានប្រកាសថាថា គោលបំណងរបស់ខ្លួន គឺចង់ឲ្យប្រទេសនីមួយៗទទួលបានវ៉ាក់សាំង២០ភាគរយនៃចំនួនប្រជាជនរបស់ខ្លួនដោយចាប់ផ្តើមពីក្រុមដែលងាយរងគ្រោះ។ គិតមកដល់ពេលនេះមានវ៉ាក់សាំងចំនួន៨ ដែលកំពុងស្ថិតនៅក្នុងតំណាក់កាលធ្វើតេស្តចុងក្រោយ ពីចំណោមវ៉ាក់សាំងចំនួន២៣៩ដែលបានអភិវឌ្ឍ៕ 
 

Tag:
 WHO
  ជប៉ុន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com