ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
មន្ទីរកសិកម្មខេត្តកណ្តាល លើកទឹកចិត្តពលករខ្មែរ ដែលទើបមកពីបរទេស ឲ្យប្រកបរបរចិញ្ចឹមមាន់
16, Sep 2020 , 4:22 pm        
រូបភាព
មន្រ្តីមន្ទីរកសិកម្មខេត្តកណ្តាល យកកូនមាន់និងសម្ភារចិញ្ចឹមមាន់ ចែកពលរដ្ឋ ក្នុងខេត្តកណ្តាល (រូបពីទំព័រហ្វេសប៊ុក មន្ទីរកសិកម្មខេត្តកណ្តាល)
មន្រ្តីមន្ទីរកសិកម្មខេត្តកណ្តាល យកកូនមាន់និងសម្ភារចិញ្ចឹមមាន់ ចែកពលរដ្ឋ ក្នុងខេត្តកណ្តាល (រូបពីទំព័រហ្វេសប៊ុក មន្ទីរកសិកម្មខេត្តកណ្តាល)
ដោយ:
មន្ទីរកសិកម្ម រុក្ខាប្រមាន និងនេសាទខេត្តកណ្តាល ជំរុញឲ្យពលករខ្មែរ ដែលបានវិលត្រឡប់ពីក្រៅប្រទេស អំឡុងវិបត្តិកូវីដ-១៩ ងាកមកប្រកបរបរចិញ្ចឹមមាន់ ដើម្បីបង្កើនប្រាក់ចំណូលដល់គ្រួសារ។ នេះបើតាមព័ត៌មាន ដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរកសិកម្មខេត្តកណ្ដាល នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០។

ដើម្បីជាការលើកទឹកចិត្តនិងគាំទ្រដល់គ្រួសារកសិករ ដែលជួបបញ្ហាបាត់បង់ការងារ ក្នុងអំឡុងពេលនេះ មន្ទីរកសិកម្មខេត្តកណ្ដាល បានចុះចែកកូនមាន់និងសម្ភារចិញ្ចឹមមាន់ដល់ប្រជាពលរដ្ឋ៧២គ្រួសារ នៅឃុំស្វាយប្រទាល ឃុំខ្ពប និង ឃុំតាលន់។ ក្រៅពីផ្ដល់កូនមាន់ និងសម្ភារចិញ្ចឹមមាន់ហើយនោះ លោក ហ៊ សុផល អនុប្រធានមន្ទីរកសិកម្មខេត្តកណ្តាល បានបង្ហាញពីបច្ចេកទេសមួយចំនួនក្នុងការចិញ្ចឹមមាន់ដល់កសិករ។  
 
លោកអនុប្រធានមន្ទីរ ប្រាប់ប្រជាពលរដ្ឋ ឲ្យយកបទពិសោធន៍និងបច្ចេកទេស ដែលខ្លួនបានចូលរួមសិក្សាកន្លងមក ទៅអនុវត្តផ្ទាល់លើការចិញ្ចឹមមាន់ ដើម្បីទទួលបានជោគជ័យ។ ជាមួយគ្នានេះ លោក ក៏បានណែនាំឲ្យផ្ដោតទៅលើបច្ចេកទេសសំខាន់ៗ នៃការចិញ្ចឹមមាន់ ដូចជា ជ្រើសរើសទីតាំងសមស្របសម្រាប់សង់ទ្រុងមាន់, ត្រូវធ្វើអនាម័យ និងសម្អាតទ្រុង, ជ្រើសរើសពូជ និងបា, ថែទាំកូនមាន់ , រៀបចំអាងទឹកចិញ្ចឹមចក អាសូឡា និងចំណីមាន់, និងចាក់វ៉ាក់សាំងការពារជំងឺ ជាដើម។ 
 
ការជំរុញកសិករឲ្យចិញ្ចឹមមាន់នេះ គឺស្របទៅនឹងតម្រូវការទីផ្សារ ដែលកំពុងកើនឡើង។ លោក ហ៊ សុផល ធ្លាប់បានប្រាប់សារព័ត៌មានThmeyThmey25 កាលពីពេលថ្មីៗនេះថា បច្ចុប្បន្នកសិករប្រមាណ ៩០ភាគរយបានប្រកបរបរចិញ្ចឹមមាន់។ លោកបានបញ្ជាក់ទៀតថា មូលហេតុដែលពលរដ្ឋខេត្តកណ្ដាលចាប់យករបរចិញ្ចឹមមាន់ព្រោះទីផ្សារទូលាយ មាន់លក់បានតម្លៃខ្ពស់ ងាយចិញ្ចឹម បង្កើនប្រាក់ចំណូល និងមិនចាំបាច់ចំណាកស្រុក៕
 
 

Tag:
 កសិកម្ម
  ចិញ្ចឹមមាន់
  ខេត្តកណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com