COVID-19
អន្តរជាតិ
WTO រកឃើញអាមេរិកល្មើសច្បាប់ពាណិជ្ជកម្មរឿងដំឡើងពន្ធលើចិន
16, Sep 2020 , 4:39 pm        
រូបភាព
ដោយ:
អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរកឃើញថា សហរដ្ឋអាមេរិកបានបំពានច្បាប់ពាណិជ្ជកម្មសកល ដោយការដំឡើងពន្ធខ្ទង់ពាន់លានដុល្លារក្នុងសង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប្រឆាំងចិន ។ នេះបើតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការមួយរបស់អង្គការ WTO នេះ ដែលបានចុះផ្សាយថ្ងៃទី ១៥ ខែកញ្ញា។

 
គណៈកម្មាធិការស៊ើបអង្កេតដែលមានសមាជិក៣នាក់មួយរបស់ WTO បានចេញសេចក្តីសម្រេចថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក បានរំលោភបំពានច្បាប់ពាណិជ្ជកម្ម ព្រោះថាពួកវាបានអនុវត្តតែលើប្រទេសចិន ហើយលើសពីអត្រាអតិបរមាដែលបានយល់ព្រមដោយសហរដ្ឋអាមេរិកខ្លួនឯង។ 
 
កន្លងទៅ ទីក្រុង វ៉ាស៊ីនតោន ធ្លាប់បានអះអាងថា  ពន្ធដែលខ្លួនបានដាក់កាលពី២ឆ្នាំមុន ដែលមានទំហំជាង២០០ពាន់លានដុល្លារក្នុងទំនិញរបស់ចិន គឺត្រូវបានបញ្ជាក់មូលហេតុត្រឹមត្រូវ ហើយនោះគឺព្រោះតែចិនបានបង្ខំឲ្យក្រុមហ៊ុនអាមេរិកផ្ទេរបច្ចេកវិទ្យានិងកម្មសិទ្ធិបញ្ញា។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្រសួងពាណិជ្ជកម្មបានប្រកាសថា ក្រុងប៉េកាំងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងគោរពតាមសេចក្តីសម្រេចនិងច្បាប់របស់អង្គការ WHO ហើយសង្ឃឹមអាមេរិកនឹងធ្វើដូចគ្នា។ យ៉ាងណាមិញ សហរដ្ឋអាមេរិក អាចមានសិទ្ធិប្ដឹងតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចរបស់ WHO នេះ ។ 
 
ក្នុងរបាយការណ៍កម្រាស់៦៦ទំព័រនេះ គណៈកម្មាធិការរបស់ WHO នេះ បានផ្ដល់យោបល់ឲ្យសហរដ្ឋអាមេរិកអនុវត្តវិធានការប្រឆាំងចិនក្នុងសង្គ្រាមពាណិជ្ជកម្មរបស់ខ្លួន ដោយអនុលោមទៅតាមច្បាប់របស់ WHO តែក៏បានលើកទឹកចិត្តឲ្យភាគីទាំងពីរជជែកគ្នារកដំណោះស្រាយផងដែរ។ 
 
ប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធលើទំនិញនាំចូលគិតជាទឹកប្រាក់រហូតដល់ ៥០០ពាន់លានដុល្លារ អំឡុងការធ្វើសង្គ្រាមពាណិជ្ជកម្មរយៈពេល២ឆ្នាំជាមួយចិន ពោលគឺមុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម «ដំណាក់កាលទី១» ជាមួយរដ្ឋាភិបាលក្រុង ប៉េកាំង កាលពីដើមឆ្នាំ២០២០នេះ។ បច្ចុប្បន្ន ការដំឡើងពន្ធបន្ថែម នៅតែកំពុងអនុវត្តលើទំនិញចិនប្រមាណ ៣៧០ពាន់លានដុល្លារ។ 
 
សូមបញ្ជាក់ថា លោក ត្រាំ បានចាត់ទុកអង្គការ WTO ថាអាក្រក់ ដោយលម្អៀងទៅរកចិន ហើយលោកថែមទាំងគំរាមដកអាមេរិកចេញពីអង្គការពាណិជ្ជកម្មនេះទៀតផង។ ប្រធានាធិបតីរូបនេះ ដែលមិនចូលចិត្តស្ថាប័នពហុភាគី បានដកហូតពីអាមេរិកចេញពីអង្គការយូណេស្កូ និងប្រកាសចេញពីអង្គការសុខភាពពិភពលោក (WHO) រួចហើយ៕ 
 
 
 

Tag:
 សហរដ្ឋអាមេរិក
  WTO
  ចិន
  សង្គ្រាមពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com