ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ម្ដាយឪពុកខ្លះ យកកូនទៅវត្ត ដើម្បីឱ្យឃើញគំរូល្អ និងមានទម្លាប់ធ្វើបុណ្យពីតូច
16, Sep 2020 , 11:39 am        
រូបភាព
ភ្នំពេញ៖ ម្ដាយឪពុក រួមទាំងជីដូនជីតាមួយចំនួនផង បាននាំយកចៅនិងកូនតូចរបស់ខ្លួនទៅវត្តធ្វើបុណ្យជាមួយ ក្នុងរដូវភ្ជុំបិណ្ឌនេះ។ ជីដូននិងម្ដាយឪពុកទាំងនោះជឿថា ការនាំកូនឱ្យស្គាល់វត្តជារឿយៗ ជាវិធីបញ្ជ្រាបចំណេះដឹងផ្នែកព្រះពុទ្ធសាសនាដល់ពួកគេ ព្រមទាំងជាឱកាសបង្រៀនពីកិរិយាមាយាទ និងសីលធម៌រស់នៅក្នុងសង្គមដោយល្អផង។

នាម៉ោងជាង៧ព្រឹក នៅវត្តសន្សំកុសល មានពុទ្ធបរិស័ទចេញចូលជារឿយៗមិនដាច់។ ទាំងក្មេងចាស់ប្រុសស្រី មានទឹកមុខញញឹមញញែម ហើយអ្នកខ្លះបាននាំកូននិងចៅតូចៗរបស់ពួកគេមកជាមួយផង។ 
 
ជាឪពុកមួយរូប ដែលមានកូនប្រុសច្បងអាយុ៨ឆ្នាំ និងកូនស្រីពៅអាយុ៦ឆ្នាំនោះគឺលោក រិន ចាន់រី។ មានអាយុ៤០ឆ្នាំ បុរសសម្បុរស្រអែមមកពីខេត្តស្វាយរៀងរូបនេះ តែងបានដឹកនាំកូនទាំងពីររបស់ខ្លួនឱ្យចេះធ្វើបុណ្យជារឿងៗ។ ឪពុករូបនេះអះអាងថា អ្វីដែលគាត់ធ្វើពេលនេះ ក៏ព្រោះតែលោកទទួលបានការអប់រំតម្រាប់ផ្លូវពីម្ដាយឪពុក និងជីដូនជីតារបស់គាត់តាំងតែពីតូចដូចគ្នាដែរ។  
  
 
ដៃដាក់លើស្មាកូនស្រីវ័យ៦ឆ្នាំរបស់ខ្លួន ដែលឈរនៅកៀកនោះ បុរសពាក់អាវសដៃវែងរូបនេះ ឆ្លើយប្រាប់សារព័ត៌មានថ្មីៗ ស្របពេលភ្នែកសម្លឹងមើលមុខកូនស្រី ថាម្ដាយឪពុកគឺជាកញ្ចក់សម្រាប់កូនៗ ដូច្នោះហើយទើបបានជាលោកព្យាយាមនាំកូនមកធ្វើបុណ្យ ដើម្បីឱ្យពួកគេមើលគំរូល្អៗទាំងនោះ។ 
 
ក្នុងទឹកមុខមាំលោក ចាន់រី បញ្ចាក់បន្ថែមក្រោយពីយកបាយទៅរាប់បាត្ររួច៖«ជាទម្លាប់នៅផ្ទះរបស់ខ្ញុំតាំងពីដើមមក ខ្ញុំរៀនពីម្ដាយឪពុក និងជីដូនជីតា ហើយពេលនេះខ្ញុំបង្រៀនកូនរបស់ខ្ញុំបន្ត ឱ្យពួកគេចេះធ្វើបុណ្យពីតូចទៅ។ បើយើងមិនបង្រៀនពួកគេពីតូចទេ នោះពេលធំឡើងពួកគេនិងមិនចេះធ្វើបុណ្យ ហើយក៏មិនដឹងគុណម្ដាយឪពុកដែរ។ បុណ្យខ្លះយើងធ្វើហើយឃើញភ្លាម តែបុណ្យខ្លះទៀតមិនឃើញភ្លាមទេ តែវាត្រូវតែបាន។ ក្នុងនាមខ្ញុំជាឪពុក ខ្ញុំចង់ឱ្យកូនចូលចុះក្នុងសង្គម មានសីលធម៌ និងកិរិយាមាយាទល្អ ចេះគោរពចាស់ទុំ»។
 
ងាកទៅចាប់អារម្មណ៍ជីដូនវ័យ៥៥ឆ្នាំវិញម្ដង។ អ្នកស្រី បូ រ៉ានី មានស្រុកកំណើតនៅខេត្តកណ្ដាល បាននាំចៅស្រីប្រុសរួមទាំងកូនប្រសាផង យកចង្ហាន់ទៅវត្តសន្សំកុសល ដើម្បីប្រគេនដល់ព្រះសង្ឃ។ មានកូន៤នាក់ ស្រ្តីមាឌរាងមិនសូវស្គម ពាក់អាវប៉ាក់ពណ៌សនិងមានកន្សែងពានាពណ៌ដូចអាវដែរនោះ អះអាងថា កូនរបស់គាត់លុះដោយគន្លងធម៌ ជាកូនដែលស្ដាប់ដំបូន្មាន ក៏ព្រោះតែគាត់បាននាំកូនស្រីប្រុសទៅវត្ត និងអប់រំណែនាំកូនពីរការធ្វើបុណ្យ និងសីលធម៌ក្នុងការរស់នៅតាំងពីកូននៅតូច។  
  
 
ធ្វើតាមទម្លាប់ ពេលនេះជីដូនដែលមានសំឡេងស្រាល និយាយមួយៗរូបនេះ ក៏បាននាំចៅស្រីប្រុសមកធ្វើបុណ្យនៅវត្តដែរ។ និយាយទាំងស្នាមញញឹម អ្នកស្រី រ៉ានី បញ្ជាក់បន្ថែមដូច្នេះ៖«ខ្ញុំយកចៅមកវត្ត ព្រោះចង់ឱ្យពួកគេស្គាល់វត្ត ស្គាល់ព្រះពុទ្ធសាសនា ចេះធ្វើបុណ្យ ដើរតាមផ្លូវល្អ ចេះដឹងបាបបុណ្យ»។ 
 
ចំណែកអ្នកស្រី ហ៊ន ថារី មានស្រុកកំណើតនៅខេត្តបាត់ដំបង ត្រូវជាកូនប្រសារបស់អ្នកស្រី បូ រ៉ានី ដែលបាននាំកូនទាំងពីររបស់ខ្លួនមកវត្តនោះ បានយកធូបឱ្យកូនៗកាន់ និងព្យាយាមបង្រៀនកូនស្រីដែលទើបតែមានអាយុ២ឆ្នាំឱ្យអង្គុយបត់ជើង។ មានអាយុ៣០ឆ្នាំ អ្នកម្ដាយវ័យក្មេងរូបនេះ បានប្រាប់ថា បងប្អូនរបស់នាងចំនួន៦នាក់ ដែលមានកូនរៀងៗខ្លួនទៅហើយនោះ ក៏តែងអនុវត្តការអប់រំកូន តាមមធ្យោបាយដឹកនាំពួកគេឱ្យមកធ្វើបុណ្យនៅវត្តពីក្មេងដែរ។ 
  
 
ក្រោយប្រគេនចង្ហាន់និងទេយ្យទានដល់ព្រះសង្ឃ អ្នកស្រី ថាវី អះអាងថាកូនៗរបស់គាត់ ជាក្មេងស្លូត នឹងស្ដាប់បង្គាប់។ និយាយបណ្ដើរ ហើយភ្នែកសម្លឹងមើលទៅកូនស្រីប្រុសដែលអង្គុយក្បែរខ្លួន នៅចំពោះព្រះភ័ក្ត្រព្រះពុទ្ធរូបក្នុងសាលាឆាន់បណ្ដើរ អ្នកម្ដាយកូន២រូបនេះ បញ្ជាក់បន្ថែម៖«យើងនាំកូនមកវត្តឱ្យគាត់ឃើញពីរបៀបរបបដែលគេធ្វើបុណ្យ ហើយយើងក៏ត្រូវតែបង្រៀនគាត់បន្ថែមទៀតដែរ ដូចជាការសំពះ ការអង្គុយ ការដើរជាដើម។ ដើម្បីឱ្យគេមើលទៅ សមសួន មិនមែនជាក្មេងច្រងេងច្រងាង»។  
  
 
តាំងពីបុរាណមក ទីវត្តអារាមត្រូវបានប្រជាជនខ្មែរ ចាត់ទុកជាលំនៅរបស់អ្នកប្រាជ្ញ។ ជាឃ្លាំងរក្សាទុកនូវពុទ្ធឱវាទដ៏វិសេស ភ្ជាប់ជាមួយនឹង វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ វត្តអារាម សក្ដិសមបំផុតសម្រាប់កុមារតូចៗ បានចូលទៅប្រាស្រ័យ៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com