អ្នកនាំពាក្យ៖ ព្រះសង្ឃជាង១២០អង្គ ដែលក្តៅខ្លួន ហៀរសំបោរ និង ក្អក គឺឆ្លងជំងឺផ្តាសាយធំ
COVID-19
ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ ព្រះសង្ឃជាង១២០អង្គ ដែលក្តៅខ្លួន ហៀរសំបោរ និង ក្អក គឺឆ្លងជំងឺផ្តាសាយធំ
16, Sep 2020 , 5:59 pm        
រូបភាព
ព្រះសង្ឃជាង១២០អង្គ នៅខេត្តតាកែវ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និង ខេត្តបន្ទាយជ័យ ដែលមានអាការក្តៅខ្លួន ហៀរសំបោរ និង ក្អក កាលពីដើមខែកញ្ញានេះ  គឺជាជំងឺផ្តាសាយធំ (ឆ្លងពីគ្នា)។ នេះបើតាមការលើកឡើងរបស់អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដោយបញ្ជាក់ថា ព្រះសង្ឃដែលឆ្លងជំងឺផ្តាសាយធំនេះ  បានសះស្បើយអស់ស្ទើរតែគ្រប់អង្គហើយ។

 
អ្នកស្រី ឱ វណ្ណឌីន បានសរសេរប្រាប់ក្រុមអ្នកសារព័ត៌មានតាមប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ថា កត្តាដែលធ្វើឱ្យព្រះសង្ឃមានបញ្ហាសុខភាពបែបនេះ  គឺបណ្តាលមកពីការប្រែប្រួលអាកាសធាតុ  ការវិវត្តបម្រែបម្រួលនៃមេរោគ ឬមេរោគផ្សេងៗ នៅក្នុងបរិស្ថាន។  ក្រៅពីនេះ ក៏អាចបណ្តាលមកពីការប៉ះពាល់ជាមួយពពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ  ពពួកសត្វបក្សី  ដែលអាចចម្លងមេរោគណាមួយទៅបុគ្គល  ឬការបរិភោគពពួកសត្វទាំងនេះដែលចម្អិនមិនបានឆ្អិន  និងកង្វះការអនុវត្តអនាម័យដៃ  និងខ្លួនប្រាណ។ ពិសេស ព្រះសង្ឃទាំងនោះ គឺអាចឆ្លងតាមការក្អក កណ្តាស់  ដែលមិនបានខ្ទប់មាត់និងច្រមុះឱ្យត្រឹមត្រូវ ឬឆ្លងតាមការប៉ះពាល់ទឹកផ្លូវដង្ហើមអ្នកដែលឈឺ  ជាដើម។ 
 
ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺផ្តាសាយធំនេះ និងជំងឺឆ្លងផ្សេងៗ ពិសេសជំងឺកូវីដ-១៩ អ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវ និងទទូចឱ្យពលរដ្ឋទាំងអស់ រួមទាំងព្រះសង្ឃ អាចារ្យ យាយជី និងគណៈកម្មការវត្តទូទាំងប្រទេស ចូលរួមអនុវត្តវិធានការអនាម័យខ្លួនប្រាណជាប្រចាំ ជាពិសេសអនាម័យដៃឱ្យយបានស្អាតជាប់ជានិច្ច  ដោយលាងសម្អាតឱ្យយបានញឹកញាប់តាមបច្ចេកទេសណែនាំរបស់ក្រសួងសុខាភិបាល។
 
អ្នកនាំពាក្យរូបនេះ ក៏បានរម្លឹកឲ្យប្រជាពលរដ្ឋ រក្សាគម្លាតសុវត្ថិភាពបុគ្គល  ពីមួយម៉ែត្រកន្លះឡើងទៅ ហើយត្រូវពាក់ម៉ាស់ក្នុងករណីចាំបាច់  ជាពិសេសត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារាម ឬកន្លែងដែលមានមនុស្សច្រើន ហើយពេលក្អកកណ្តាស់  ត្រូវខ្ទប់មាត់និងច្រមុះ  ដោយប្រើកន្សែង  ក្រមា  ក្រដាសជូតមាត់  ឬកែងដៃ  ជាដើម។ 
 
លើសពីនេះ អ្នកស្រី ប្រាប់ឲ្យប្រជាពលរដ្ឋ ចៀសវាងការប៉ះពាល់ជាមួយសត្វដែលបំបៅកូនដោយទឹកដោះ និងសត្វបក្សី  ដោយផ្ទាល់  ហើយបើប៉ះពាល់  ត្រូវតែលាងដៃជាមួយសាប៊ូឱ្យឆាប់  មុននឹងចាប់កាន់របស់របរផ្សេងៗ ឬមុននឹងប៉ះពាល់ផ្ទៃមុខ។ អ្នកស្រី ក្រើនរម្លឹកទៀតថា ប្រជាពលរដ្ឋ ត្រូវបរិភោគម្ហូបអាហារឆ្អិនល្អ  រក្សាអនាម័យចំណីអាហារ  និងទុកដាក់ម្ហូបអាហារដាច់ដោយឡែកពីគ្នា 
 
ជាមួយគ្នានេះ អ្នកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា បើប្រជាពលរដ្ឋទូទៅ និងព្រះសង្ឃមានបញ្ហាសុខភាព មិនត្រូវចូលរួមពិធី ឬកម្មវិធីណាមួយឡើយ  ដោយត្រូវស្នាក់នៅក្នុងកុដិ  ឬទីកន្លែងណាមួយដាច់ដោយឡែកពីគេ  ដើម្បីកុំឲ្យឆ្លងបន្តគ្នា  ហើយត្រូវស្វែងរកការពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតបំផុត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com