ជាតិ
ពីថ្ងៃ១៨-២០កញ្ញា កម្ពុជា នឹងទទួលរងព្យុះទី១១ ហៅថា «នូល»
× ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទី១១ ឈ្មោះ នូល ដែលនឹងមកដល់កម្ពុជានៅថ្ងៃទី១៨កញ្ញា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។
តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី១៦ ខែកញ្ញា ក្រសួងធនធានទឹក ផ្តល់ព័ត៌មានថា បាតុភូតមួយ បានកើតឡើងនៅលើសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃទី១៥ ខែកញ្ញា បានវិវត្តខ្លួនយ៉ាងឆាប់ទៅជាសម្ពាធទាប ហើយបានបង្កើនឥទ្ធិពលរបស់ខ្លួនទៅជាព្យុះទី១១ ឈ្មោះ នូល។ ព្យុះទី១១ នេះបានឆ្លងកាត់ប្រទេស ហ្វីលីពីន នៅថ្ងៃទី ១៦ ខែកញ្ញា។ បើតាមការព្យាកររបស់ក្រសួងធនធានទឹក ព្យុះនេះនឹងធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម នៅថ្ងៃទី ១៨ ខែកញ្ញា រួចបន្តដំណើរចូលប្រទេសឡាវ និងថៃ។
តាមប្រភពដដែល លក្ខណៈបែបនេះហើយ នឹងធ្វើឲ្យអាកាសធាតុកម្ពុជា ចាប់ពីថ្ងៃទី១៨-២០ កញ្ញា អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន នៅតាមណ្ដាខេត្ត ក្នុងតំបន់ទំនាបកណ្ដាល និងតំបន់ជួរភ្នំដងរែក ហើយនៅតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង រួមនឹងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់។
ក្រសួង បានក្រើនរម្លឹកឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕
© រក្សាសិទ្ធិដោយ thmeythmey.com