ភ្នំពេញ៖ អ្នកលក់ដូរចំណីអាហារតិចតួចមួយចំនួន ដែលលក់តាមរទេះរុញ បានជ្រើសរើសយកស្លឹកឈូក ឬស្លឹកចេក មកខ្ចប់អាហាររបស់ខ្លួន ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក៏ដូចជាជួយការពារសុខភាពរបស់អតិថិជនរបស់ពួកគេ។ តែទោះជាយ៉ាងណា ក៏នៅមានអ្នកលក់ចំនួនច្រើន ដែលមិនទាន់យល់ដឹងពីគុណប្រយោជន៍នៃការប្រើប្រាស់ធនធានធម្មជាតិទាំងនោះ ដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
ដើម្បីជ្រាបច្បាស់ ពីការយល់ឃើញរបស់អ្នកលក់ទំនិញ ដែលប្រើប្រាស់ស្លឹកឈូកនិងស្លឹកចេក ខ្ចប់អាហារ តទៅនេះសូមប្រិយមិត្តអញ្ជើញស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
ឈរប្រែនំគូឆាយក្នុងខ្ទះមានសណ្ឋានស្រដៀងនឹងថាស នៅជិតផ្សារដើមថ្កូវ ក្នុងរាជធានីភ្នំពេញ ដោយជ្រកក្រោមដំបូលរទេះរុញធ្វើពីឈើ ដើម្បីការពារទឹកភ្លៀងដែលកំពុងធ្លាក់មានសភាពក្រាសគួរសម នោះគឹអ្នកស្រី ចាន់ ចិន្តា។ មានអាយុ៤៨ឆ្នាំ ស្ត្រីមាឌមាំរាងខ្ពស់រូបនេះ បានទិញស្លឹកឈូកពីទីផ្សារ ដើម្បីទ្រាប់ពីលើចានមុនពេលដាក់នំគូឆាយទៅក្នុងចានស្នោ។
ពាក់អាវពណ៌ក្រហមដៃវែង និងពាក់មួកពណ៌កាហ្វេ ស្ត្រីសម្បុរស្រអែមរូបនេះ ពន្យល់ពីមូលហេតុដែលគាត់ទិញស្លឹកឈូកយកមកប្រើ៖«ខ្ញុំខ្លាចខូចសុខភាពអ្នកទិញ កុំឱ្យគេមានជំងឺឈឺថ្កាត់ ហើយក៏ចង់ឱ្យគេជួយទិញដែរ។ ខ្ញុំឮតែគេឈឺ ខ្ញុំចេះតែជួយការពារគ្នាទៅណា។ ណាមួយអ្នកទិញខ្លះគេឱ្យខ្ញុំទិញស្លឹកមកទ្រាប់មក។ ស្លឹកនេះមួយដុំ២ពាន់រៀល ខ្ចប់បាន២ថ្ងៃ ហើយបានច្រើនដែរ ជួនអី២០ស្លឹក ជួនអី១៥ស្លឹក។ បើស្លឹកធំខ្ញុំកាត់បាន៦ទៅ៧ចាន បើអាតូចកាត់បានតិចដែរ»។
មានស្រុកកំណើតពីខេត្តព្រៃវែង អ្នកស្រី ចិន្តា បានចាប់របរលក់នំគូឆាយអស់រយៈពេលប្រមាណ៣ឆ្នាំមកហើយ។ ទើបតែចាប់ផ្ដើមប្រើប្រាស់ស្លឹកឈូក ក្នុងអំឡុងពេលមានការផ្ទុះវីរុសកូរ៉ូណា ស្ត្រីវ័យកណ្ដាលរូបនេះ ពិបាករកទិញស្លឹកឈូកដែរ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ព្រោះគេមិនអាចទៅកាច់ស្លឹកនោះបាន។ លក់ឱ្យអតិថិជនដែលជិះម៉ូតូមកទិញទាំងភ្លៀងរលឹមបណ្ដើរ ហើយស្ត្រីកូន២រូបនេះឆ្លៀតបញ្ជាក់ពីការលក់បន្ថែម៖«ជួនអីថ្ងៃភ្លៀងធំមិនមានស្លឹកទ្រាប់ឱ្យគែទេ គេថាស្លឹកលិចទឹកអស់ហើយ គេកាច់មិនបានទេ។ នៅសល់អាក្រហម ខ្ញុំដាក់ឱ្យគេ គេក៏មិនថាអ្វីដែរ គេថាឱ្យតែបានទ្រាប់ទៅ។ អ្នកខ្លះគេថាមិនឱ្យដាក់ស្លឹកទេ ដាក់តែថង់បានហើយ តែខ្ញុំថាខ្ញុំតម្រូវទ្រាប់ស្លឹកឈូកឱ្យគេទៅហើយ ខ្លាចថង់មានជាតិគីមី។ ភាគច្រើនអ្នកដែលមិនឱ្យដាក់ស្លឹក ច្រើនតែជនជាតិវៀតណាម តែយូរៗគេមកទិញម្ដងទេ»។
ក៏ជាអ្នកប្រើប្រាស់ស្លឹកឈូក ដើម្បីខ្ចប់ចំណីអាហារឱ្យអតិថិជនមួយរូបទៀត នោះគឺអ្នកស្រី ស៊ីមា។ អង្គុយលើកៅអីពណ៌ខៀវ ជិតរទេះរុញទំហំទទឹងប្រមាណជា១ម៉ែត្រកន្លះ និងបណ្ដោយប្រមាណជា២ម៉ែត្រ ដែលមានលក់បាយ ត្រីអាំង មាន់អាំង និងជ្រក់ជាដើមនោះ អ្នកស្រី ស៊ីមា កាត់បន្ថយការប្រើប្លាស្ទិក ក៏ព្រោះតែគាត់យល់ឃើញបែបនេះ៖«ទី១ថង់ប្លាស្ទិកវាមានជាតិគីមីប៉ះពាល់សុខភាព ទី២វាប៉ះពាល់ដល់ដីរបស់យើង វាមិនរលួយ។ ខ្ញុំមិនប្រើប្រអប់ស្នោទេ តែខ្ញុំប្រើថង់ ព្រោះដើម្បីឱ្យអ្នកទិញស្រួលកាន់»។
ស្ត្រីមុខមូល ពាក់អាវពណ៌សលាយខ្មៅ និងមានពាក់អាវអៀមសម្រាប់ចំអិនអាហារពណ៌ខៀវនៅពីក្រៅផងនោះ នៅរក្សាបានប្រពៃណីខ្ចប់ស្លឹកឈូក តាំងពីអ្នកស្រីប្រកបរបស់នេះក្នុងអំឡុងឆ្នាំ១៩៩០។ មានសម្ដីមួយៗ ក្នុងទឹកមុខស្មើ អ្នកម្ដាយមានកូន៤នាក់រូបនេះ ក៏ចង់កាត់បន្ថយការប្រើប្លាស្ទិកទាំងស្រុងដែរ ប៉ុន្តែអ្នកស្រីថាវាមិនអាចទៅរួច៖«តាំងពីលក់មកខ្ញុំប្រើស្លឹកឈូករហូត គឺតាំងពីឆ្នាំ១៩៩៨។ បើមិនមានស្លឹកឈូកក៏ខ្ញុំប្រើស្លឹកចេកដែរ។ ពីមុនមកមិនមានថង់បែបនេះទេ គឺខ្ញុំប្រើត្បុតហើយរុំស្លឹកចេកពីលើមាន់ បន្ទាប់មកខ្ញុំចងខ្សែ។ តែដល់ពេលមានថង់ ខ្ញុំក៏ច្រកថែមមួយជាន់ទៀត។ ខ្ញុំមិនអាចកាត់បន្ថយថង់បានទេ ព្រោះវាពិបាកចង ហើយអ្នកទិញក៏ពិបាកកាន់»។
រស់នៅក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ហើយមានផ្ទះនៅជិតស្ទឹងសៀមរាប ដោយនៅឆ្ងាយពីកន្លែងលក់ ស្ថិតក្នុងផ្សារក្រោមប្រមាណជា១គីឡូម៉ែត្រ អ្នកស្រី ស៊ីមា ត្រូវលក់បាយម្ហូបពីម៉ោង៥ល្ងាចដល់១១យប់។ អ្នកស្រីទទួលបានទាំងអតិថិជនដែលចូលចិត្តក្លិនស្លឹកឈូក និងមិនចូលចិត្ត៖«មានអតិថិជនខ្លះគេមិនឱ្យដាក់ថង់ ហើយក៏មានអតិថិជនខ្លះទៀត គេមិនឱ្យដាក់ស្លឹកឈូកដែរ គេថាធំក្លិនស្លឹកឈូក តែមានតិចតួចដែរទេ។ អ្នកខ្លះគេថាស្លឹកឈូកឆ្ងុយ ប៉ុន្តែអ្នកខ្លះទៀតគេថាធំក្លិននេះហូបមិនកើត។ ភាគច្រើនខ្ញុំខ្ចប់យ៉ាងណាគេយកទៅយ៉ាងនោះ»។
ស្លឹកឈូក បានជួយឱ្យអ្នកម្ដាយដែលមានកូន២នាក់ ចិន្តា មានអតិថិជនថ្មីច្រើនជាងមុន។ តែទោះជាយ៉ាងណា ពេលខ្លះអ្នកស្រីក៏ត្រូវបាត់ភ្ញៀវខ្លះដែរ នៅពេលដែលគាត់រកទិញស្លឹកឈូកមិនបាន ហើយគេមិនព្រមទិញនំរបស់គាត់៖«ថ្ងៃមួយនោះខ្ញុំទើបតែចេញពីផ្ទះ គេថាបើមានស្លឹកឈូកគេយកនំ១០ ខ្ញុំថាមិនមានទេ ហើយគាត់ថាឱ្យខ្ញុំទៅហែកស្លឹកចេករបស់គេ តែខ្ញុំមិនហ៊ានទេ ខ្លាចគេស្រែកថាចោរអី ខ្ញុំយកមុខទៅទុកនៅឯណា ដូច្នេះកុំចង់បានប្រាក់របស់គេ យកប្រយោជន៍របស់ឯង។ បើសិនជាឃើញម្ចាស់របស់គេនៅទីនោះ ក៏ខ្ញុំស្រែកសុំដែរ តែខ្ញុំមើលមិនឃើញ។ អ្នកខ្លះគេមិនថាអ្វីទេ តែអ្នកខ្លះគេថារកស៊ីរបស់ឯង តែទៅយករបស់គេ ដូច្នេះសុខចិត្តអត់»។
បើទោះបីជាមានអតិថិជនថ្មី ព្រោះតែការខ្ចប់ស្លឹកឈូកក៏ពិតមែន ប៉ុន្តែអ្នកស្រី ចាន់ ចិន្ដា ដែលពាក់ម៉ាសពណ៌ខ្មៅ នៅតែត្អូញត្អែរពីការបាត់អតិថិជនចាស់យ៉ាងច្រើនលើសលប់។ ពីដើមឡើយ នំគូឆាយ៨គីឡូអង្ករ ស្ត្រីមុខមូលរលោងរូបនេះ អាចលក់អស់ជារៀងរាល់ថ្ងៃ ប៉ុន្តែក្រោយពីមានវិបត្តិកូវីដ១៩ នំតែ៤គីឡូអង្ករ ហើយលក់២រទេះជាមួយប្ដី ក៏អ្នកស្រីមិនអាចលក់អស់ពាក់កណ្ដាលផង៖«កាលពីមុនវាដាច់ជាងហ្នឹង ប៉ុន្តែតាំងពីកូរ៉ូណា វារាងស្ងាត់ដែរ។ ដូចថាពីមុន១០ តែមកឥឡូវបានតែ៧ឬ៥ បាត់ច្រើនដែរ តែខ្ញុំមិនដឹងថារកអ្វី ក៏ចេះតែរកទៀតទៅ»។
ត្រូវចំណាយដើមទុកប្រមាណជាង១០ម៉ឺនរៀនក្នុងមួយថ្ងៃ សូម្បីតែប្រាក់ដើមក៏រកសឹងមិនគ្រប់មកវិញផងនោះ អ្នកលក់ដែលនៅជំពាក់ប្រាក់ធនាគារ ព្រោះតែព្យាបាលជំងឺម្ដាយចាស់នៅស្រុករូបនេះ ធ្លាប់បានជំនុំជាមួយប្ដី ដើម្បីឱ្យកូនឈប់រៀន។ តែទោះជាយ៉ាងណា នៅពេលដែលឃើញកូនទាំងពីរស្រឡាញ់ការសិក្សា ពួកគាត់ក៏មិនដាច់ចិត្តឱ្យកូនឈប់ដែរ៖«ប្រុសបងរៀនថ្នាក់ទី១១ ហើយស្រីប្អូនថ្នាក់ទី៩ ដល់តែលក់មិនសូវដាច់អ៊ីចឹង ចង់ឱ្យកូនឈប់តើ។ តែកូនស្រីវាមិនឈប់ ហើយកូនប្រុសវាថាចាំឱ្យវាប្រឡងថ្នាក់ទី១២ឱ្យអស់ចិត្តសិន។ ពិសេសកូនស្រីហ្នឹងតែម្ដង វាថាបើម៉ែឱ្យឈប់ ខ្ញុំមិនឈប់ទេ ខ្ញុំសុខចិត្តឈប់ចាយលុយ។ ខ្ញុំថាអ៊ីចឹងកូនឯងទៅរៀន មើលមុខគេហ្នឹង»?
ចំណែកអ្នកស្រី ស៊ីមា អះអាងថាគាត់មិនខ្លាចនឹងការចំណាយលើការទិញស្លឹកឈូកឡើយ ព្រោះដើម្បីឱ្យអ្នកទិញមានសុខភាពល្អ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក៖«ខ្ញុំទិញពីគេ១ដុំមួយម៉ឺនរៀល មិនដឹងថាគេដាក់ឱ្យប៉ុន្មានដែរ។ ១ដុំហ្នឹងខ្ញុំខ្ចប់អស់មួយថ្ងៃ វាមានប្រហែលជា២គីឡូក្រាមអីដឹង? ចំណាយប៉ុណ្ណឹងមិនអីទេ ឱ្យតែអតិថិជនអាចការពារសុខភាព កុំឱ្យប៉ះពាល់ច្រើន។ ទោះចំណេញតិចក៏ទៅតាមនោះចុះ»។
អង្គុយមើលទៅស្លឹកឈូក ដែលដាក់នៅលើរទេះនៅចំពោះមុខ ស្ត្រីវ័យ៥៥ឆ្នាំរូបនេះ លើកទឹកចិត្តឱ្យអ្នកលក់ទាំងអស់ចូលរួមប្រើប្រាស់ធនធានធម្មជាតិកើតងាយ ដូចជាស្លឹកឈូក និងស្លឹកចេកជាដើម ដើម្បីកាត់បន្ថយប្លាស្ទិក ដែលធ្វើឱ្យខូចបរិស្ថាន និងសុខភាពជាសកល៖«ខ្ញុំចង់ឱ្យអ្នកលក់ផ្សេងទៀត បែរមកប្រើស្លឹកឈូកឬស្លឹកចេកឱ្យកាន់តែច្រើន ដើម្បីការពារសុខភាពទាំងអស់គ្នា ព្រោះប្លាស្ទិកនេះវាមានគីមីច្រើន។ ខាងរដ្ឋាភិបាល និងក្រសួងបរិស្ថាន ក៏អំពាវនាវឱ្យយើងកាត់បន្ថយការប្រើប្លាស្ទិកនេះច្រើនដែរ។ ម្យ៉ាងទៀតសំរាមច្រើន គឺច្រើនតែថង់ប្លាស្ទិកហ្នឹង វាមិនរលួយទៅណា កប់ក្នុងដីប៉ុន្មានឆ្នាំ កាយមកក៏នៅតែថង់ហ្នឹង អ៊ីចឹងវាប៉ះពាល់ដីដាំដំណាំ»។
បើតាមគេហទំព័ររបស់ក្រសួងបរិស្ថាន ថង់ប្លាស្ទិកអាចត្រូវការពេលពី១០ទៅ២០ឆ្នាំ ទើបពុកផុយ។ ចំណែកប្រអប់ស្នោដាក់អាហារ អាចត្រូវការពេលរាប់ពាន់ឆ្នាំ ដើម្បីពុកផុយ ហើយមួយចំនួនមិនអាចរលាយបានឡើយ។ ប្លាស្ទិកទាំងនោះមានសារធាតុពុលជាច្រើន ដែលបាននឹងកំពុងបំពុលទឹក ដី និងខ្យល់៕