អន្តរជាតិ
អង់គ្លេស ប្តេជ្ញា​ជំរុញ​សហប្រតិបត្តិការ​វិស័យ​ពាណិជ្ជកម្ម ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាង​១​ប៊ី​លាន​ដុល្លារ
17, Sep 2020 , 2:19 pm        
រូបភាព
​កម្ពុជា បាន​នាំ​ចេញទៅ​អង់គ្លេស​លើ​ផលិតផល​សម្លៀកបំពាក់ កង់ និង​ស្បែកជើង ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៩៧៨ លាន​ដុល្លារ​អាម៉េរិក​នៅ​ឆ្នាំ​២០១៩​។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អង់គ្លេស មាន​ទឹកប្រាក់​សរុប​ប្រមាណ ១,០៥ ប៊ី​លាន​ដុល្លារ​អាមេរិក​។

 
​លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានបង្ហាញ​ជំហរ​របស់​កម្ពុជា​ក្នុងការ​គាំទ្រ​ប្រព័ន្ធ​ពហុភាគី​និយម ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ គាំទ្រ​កិច្ច​កំណែរ​ទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​សំដៅ​ធានា​តម្លាភាព​និង​ភាពស្មើគ្នា​រវាង​សមាជិក ព្រមទាំង​ជំរុញ​ប្រទេស​អភិវឌ្ឍន៍ រួមទាំង​អង់គ្លេស ឱ្យ​បន្ត​គាំទ្រ​សកម្មភាព​ពាណិជ្ជកម្មរ​បស់​ប្រទេស​កំពុង​អភិវឌ្ឍ និង​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច តាមរយៈ​ការផ្តល់​ប្រព្រឹត្ត​កម្ម​ដោយឡែក​និង​ពិសេស (S&DT) ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​។​


 
​ជាមួយគ្នានេះ លោក Marc Thayre អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ លើកឡើង​ពី​ដំណើរ​ការវិវត្ត​នៃ​ការជ្រើសរើស​អគ្គនាយក​ថ្មី​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​ក្នុងនោះ​មាន​បេក្ខភាព​មកពី​អង់គ្លេស​ផងដែរ​។ 
 
​លោក Marc Thayre បានបង្ហាញ​សុទិដ្ឋិនិយម​លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច ដែល​បាន​ប៉ះពាល់​ដោយ​មេរោគ​រាតត្បាត​កូ​វីដ​-១៩​។ 
 
​របាយការណ៍​នៅ​ឆ្នាំ​២០១៨ បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​២ មាន​ទឹកប្រាក់​១,០៨៣​លាន​ដុល្លារ ក្នុងនោះ​កម្ពុជា​នាំទៅ​អង់គ្លេស​មាន​ចំនួន​១,០១៨​លាន​ដុល្លារ ចំណែក​អង់គ្លេស​នាំមក​កម្ពុជា មានតែ​៦៥​លាន​ដុល្លារ​ប៉ុណ្ណោះ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com