ជាតិ
សង្គមជាតិ
កូ​វីដ​-១៩ ធ្វើ​ឲ្យ​និស្សិត​ខ្មែរ​ខ្លះ​មិនទាន់​អាច​ចាក​ចេញទៅ​បន្ត​ការសិក្សា ខណៈ​ទន្ទឹង​ចាំ​អាហារូបករណ៍​
17, Sep 2020 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ វិបត្តិ​កូ​វីដ​-១៩ ធ្វើ​ឲ្យ​និស្សិត​ខ្មែរ​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស មិនទាន់​អាច​ចាក​ចេញទៅ​បន្ត​ការសិក្សា​នៅ​បរទេស​បាន ខណៈ​សកលលោក​កំពុង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ​។ និស្សិត​ខ្មែរ​ខ្លះទៀត នៅ​ទន្ទឹងរង់ចាំ​ការប្រកាស​ផ្តល់​អាហារូបករណ៍   ពី​បណ្តា​ប្រទេស​ផ្សេងៗ​ដែរ ដើម្បី​ឲ្យ​ពួកគេ​អាច​សម្រេច​បំណង​ប្រឡងប្រជែង​យក​អាហា​រូ​ករ​ណ៍​ទៅ​សិក្សា​ជំនាញ​ក្នុង​ក្តី​ស្រមៃ​របស់ខ្លួន​នៅឯ​ក្រៅប្រទេស​នោះ​។​

 
​ការសិក្សា​នៅ​បរទេស គឺជា​ក្តី​ប្រាថ្នា​របស់​សិស្ស​និស្សិត​កម្ពុជា​មួយចំនួនធំ​។ ដូច្នេះហើយ​ទើប​ពួកគេ​ឥត​បោះបង់​ឱកាស​ប្រឡងប្រជែង​យក​អាហារូបករណ៍​ដើម្បី​ទៅ​សិក្សា​នៅ​បរទេស បើ​ទោះ​ស្ថិតក្នុង​ទេសៈកាលៈ​កូ​វីដ​-១៩ ក៏ដោយ​។ មិន​បោះបង់​ព្រោះតែ​ពួកគេ​យល់ថា ក្នុង​វិបត្តិ​នេះ គឺអាច​ឲ្យ​ពួកគេ​មានឱកាស​ទទួលបាន​អាហារ​រូបករណ៍​ខ្ពស់​ទៀតផង​។ 
 
​និស្សិត ឆុន សំណាង គឺជា​និស្សិត​ខ្មែរ​រ​មួយរូប ដែល​ទើប​ទទួលបាន​លទ្ធផល​វិជ្ជមាន​ថា រូបគេ​ត្រូវបាន​ជ្រើសរើស ឲ្យ​ទៅ​សិក្សា​អាហារូបករណ៍​ផ្នែក​វិស្វករ រយៈពេល​៥​ឆ្នាំ​នៅ​ប្រទេស​វៀតណាម​។  ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ និស្សិត ឆុន សំណាង បាន​រៀបរាប់ថា​រូបគេ​សប្បាយចិត្ត​ខ្លាំងណាស់ ព្រោះ​រូបគេ​ទន្ទឹងរង់ចាំ​ការផ្តល់​អាហារូបករណ៍​នេះ តាំងតែ​ពី​ដើមឆ្នាំ​២០២០​មក​។ រហូត​ខែកក្កដា ទើប​រដ្ឋាភិបាល​វៀតណាម​ប្រកាស​ផ្តល់​អាហារូបករណ៍​នេះ​ដល់​និស្សិត​កម្ពុជា ហើយ​រូបគេ​ក៏​មិន​បង្អង់​យូរ​ក្នុងការ​ដាក់ពាក្យ​ប្រឡង​អាហា​រូ​ករ​ណ៍​នេះដែរ​។  


និស្សិត ឆុន សំណាង 

​ក្រោយ​ទទួលបាន​អាហារូបករណ៍​នេះ សំណាង ក៏​សម្រេចចិត្ត​ផ្អាក​ការសិក្សា​របស់​នៅ​កម្ពុជា ដោយ​ចាប់ផ្តើម​សិក្សា​អក្សរ និង​ភាសា​វៀតណាម មុននឹង​ចាកចេញ​ទៅ​សិក្សា​ផ្ទាល់​នៅ​ទីនោះ នៅក្នុង​ខែតុលា​ខាងមុខនេះ ប្រសិនបើ​ស្ថានភាព​កូ​វីដ​-១៩ នៅ​ប្រទេស​វៀតណាម​ស្រាកស្រាន្ត​។ និស្សិត ឆុត សំណាង រៀបរាប់​ដូច្នេះ​ថា​៖«​បើ​ខ្ញុំ​រៀន​នៅ​នេះ វា​រាង​លំបាក​បន្តិច ដោយសារ​ខ្ញុំ​ត្រូវ​រៀន​បណ្តើរ និង​ធ្វើការ​បណ្តើរ​។ នៅទីនេះ ខ្ញុំ​អត់​សូវ​បាន​រៀន​ច្រើន​ទេ ដោយសារ​ពេលខ្លះ​ខ្ញុំ​អស់កម្លាំង​។ បើ​ខ្ញុំ​ទៅ​រៀន​នៅ​វៀតណាម ខ្ញុំ​អាច​នឹង​ផ្តោតលើ​ការរៀន​ខ្លាំង​ជាង​ហ្នឹង​»​។​
 
​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ដំណើរ​ចាកចេញ​របស់​និស្សិត​ខ្មែរ​ទៅ​បន្ត​ការសិក្សា​នៅ​បរទេស ត្រូវបាន​ពន្យារ​។ លោក ប៉ាន់ បូ​នី ដែល​តាមពិត​ត្រូវ​ចាក​ចេញទៅ​សិក្សា​ផ្នែក​ផលិត​ភាពយន្ត នៅ​ប្រទេស​ថៃ នា​ពាក់កណ្តាល​ឆ្នាំ​២០២០​នេះ កំពុង​ស្ថិតនៅ​ប្រទេស​កម្ពុជា​នៅឡើយ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ កាលបរិច្ឆេទ​នៃ​ការ​នោះ ត្រូវបាន​លើក​ពេល​ទៅ​សិក្សា​នៅ​ឆ្នាំ​២០២១​វិញ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ 
 
​ទោះបីជា​ការពន្យារពេល​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ មាន​រយៈពេល​យូរ​ក៏ដោយ លោក ប៉ាន់ បូ​នី ក៏​នៅតែ​រង់ចាំ​ការសិក្សា​ការផលិត​ភាព​យន្ត​នៅ​ប្រទេសជិតខាង​មួយ​នេះដែរ​។ លោក ប៉ាន់ បូ​នី ពន្យល់​ដូច្នេះ​៖«​ដោយសារ​ខ្ញុំ​គិតថា វិស័យ​កុន​នៅ​ប្រទេស​ថៃ រាង​រីកចម្រើន​ជាង​នៅ​កម្ពុជា​។ អ៊ីចឹង​បាន​ខ្ញុំ ចង់ទៅ​រៀន​ដក​បទពិសោធន៍ ពី​វិស័យ​ថតកុន​នៅ​ប្រទេស​ថៃ ដើម្បី​យកមក​បណ្តុះបណ្តាល និង​ចែករំលែក​ដល់​កូន​ខ្មែរ អំពី​អ្វីដែល​យើង​រៀន​ចប់ ពី​ប្រទេស​ថៃ​មក និង​យកមក​អភិវឌ្ឍ​វិស័យ​ថតកុន នៅ​ប្រទេស​កម្ពុជា​»​។​


លោក ប៉ាន់ បូនី 

​ការចាកចេញ​ទៅ​ប្រទេស​ថៃ ស្ថិតក្នុង​ភាពមិនច្បាស់លាស់​ព្រោះ​វិបត្តិ​កូ​វីដ​-១៩ ក៏ដោយ ប៉ុន្តែ បូ​នី បាន​ឆ្លៀត​សិក្សា​ភាសា​ថៃ​តាម​អន​ឡាញ​ជាមួយ​គ្រូ​ជនជាតិ​ថៃ មុននឹង​ការសិក្សា​របស់ខ្លួន​ចាប់ផ្តើម ដែល​តាម​ការកំណត់​គឺ​នៅ​អំឡុង​ដើមឆ្នាំ​២០២១​។​
 
​និស្សិត​ខ្មែរ​ម្នាក់ទៀត ក៏មាន​គោលដៅ​ឥត​ងាករេ ចំពោះ​ការសិក្សា​ផ្នែក​ធុរកិច្ច នៅ​ប្រទេស​ថៃ​ដែរ នោះ​គឺ​យុវតី  ឃុន ហេង​លី​។ ដ្បិត​បច្ចុប្បន្ន ហេង​លី កំពុង​សិក្សា​អក្សរសាស្ត្រ​អង់គ្លេស នៅ​វិទ្យាស្ថាន​ភាសាបរទេស​មែន ប៉ុន្តែ​នាង​តែងតែ​ទន្ទឹង​ចាំ​អាហារូបករណ៍​ពី​រដ្ឋាភិបាល​ថៃ មក​ឲ្យ​និស្សិត​កម្ពុជា​។​
 
​និស្សិត ហេង​លី បាន​រៀបរាប់​ប្រាប់​ពី​មូលហេតុ​ដែល​នាង​ចង់ទៅ​រៀន​នៅ​ប្រទេស​ថៃ​ដូច្នេះ​ថា​៖«​ខ្ញុំ​ដឹងថា ប្រទេស​ថៃ សម្បូរ​សាកលវិទ្យាល័យ ដែលមាន​ជំនាញ​ដែល​ខ្ញុំ​ចង់​រៀន​ច្រើន​។ ណាមួយ​ខ្ញុំ​គិតថា បើ​ខ្ញុំ​ទៅ​ថៃ ហើយ​រៀន​ភាសា​ថៃ​ចេះ​ហើយ ពេល​ត្រឡប់មក​ខ្មែរ​វិញ ភាសា​ថៃ ក៏ត្រូវ​ប៉ាន់​នឹង​ទីផ្សារ​នៅ​កម្ពុជា ក៏​រាង​គ្រាន់បើ​ដែរ​។ អាច​យើង​ប្រើប្រាស់​វា ដើម្បី​ជា​ផលប្រយោជន៍ ព្រោះ​វា​ជា​ក្តី​ស្រមៃ​របស់​ប៉ា​ខ្ញុំ ដែល​គាត់​ចង់​ឲ្យ​ខ្ញុំ​រៀន​នៅ​ថៃ និង​ចេះ​ភាសា​ថៃ ដូច​គាត់​ដែរ​»​។ 


និស្សិត ឃុន ហេងលី 

​យ៉ាងណាក៏ដោយ អំឡុងពេល​រង់ចាំ​សេចក្តីប្រកាស​អាហារូបករណ៍ ទៅ​សិក្សា​នៅ​ប្រទេស​ថៃ និស្សិត ហេង​លី បាន​សាកល្បង​ប្រឡង​អាហារូបករណ៍​វៀតណាម និង​ជប៉ុន​ផងដែរ ដោយ​លទ្ធផល​គឺ ហេង​លី បាន​ជាប់​អាហារូបករណ៍​វៀតណាម​។ ប៉ុន្តែ​នាង​បោះបង់​ឱកាស​ទៅ​រៀន​នៅ​វៀតណាម​វិញ ដោយសារ ហេង​លី គ្រាន់តែ​ចង់​ទទួលបាន​បទពិសោធន៍​ប្រឡង​អាហារូបករណ៍​បរទេស​ប៉ុណ្ណោះ​។ កញ្ញា  ឃុន ហេង​លី បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ការពិត​ខ្ញុំ​ចង់បាន​បទពិសោធន៍​ទៅ​ប្រឡង​នៅ​ប្រទេស​វៀតណាម និង​ជប៉ុន ដោយសារ​ខ្ញុំ​ចង់បាន​បទពិសោធន៍​ដើម្បី​ឲ្យ​ខ្ញុំ​មាន​គ្រឹះ និង​ស្ពាន​ឆ្លង​ឲ្យ​ខ្ញុំ​អាច​ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​»៕
 
 

Tag:
 និស្សិត​
 ​អាហារូបករណ៍​
 ​បរទេស​
 ​សិក្សា​
 COVID-១៩
© រក្សាសិទ្ធិដោយ thmeythmey.com