ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានថ្កោលទោសចំពោះវិធានការរបស់អាមេរិក ដែលបានដាក់ទណ្ឌកម្មលើក្រុម Union Development Group(UDG) របស់ចិនក្នុងទឹកដីខេត្តកោះកុង ប្រទេសកម្ពុជា។ ជាមួយគ្នាដែរ ស្ថានទូតចិននិងក្រុមហ៊ុនមេរបស់ UDG អះអាងថាអាមេរិកចេញព័ត៌មានមិនពិត រួមទាំងប្រើច្បាប់របស់ប្រទេសខ្លួននៅលើប្រទេសដទៃ។
ការថ្កោលទោសរបស់ស្ថានទូតចិនប្រចាំកម្ពុជាទៅលើវិធានការរបស់អាមេរិកនេះ ធ្វើឡើងបន្ទាប់ពីក្រសួងហិរញ្ញវត្ថុ នៃសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍ពីការដាក់ទណ្ឌកម្មលើក្រុមហ៊ុន UDG នៅកម្ពុជា តាមច្បាប់ The Global Magnitsky Human Right ដោយ អះអាងថា ក្រុមហ៊ុន UDG រំលោភសិទ្ធិមនុស្ស។
អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១៦កញ្ញានេះ បានចេញសេចក្ដីថ្លែងការណ៍មួយលើទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា ថា តំបន់សាកល្បងការវិនិយោគអភិវឌ្ឍចម្រុះ និងគម្រោងតំបន់ពិសេសទេសចរណ៍លំហែកាយតារាសាគរនៅកម្ពុជា ជាការវិនិយោគរបស់ក្រុមហ៊ុន UDG ដែលជាក្រុមហ៊ុនក្រោមសម្ព័ន្ធរបស់ Tianjin Union Group ហើយជាសហគ្រាសឯកជនរបស់ចិន។ គម្រោងនេះបានអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនានារបស់កម្ពុជា ហើយបានចូលរួមលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
សេចក្ដីថ្លែងការនេះ អះអាងថា ការប្រឌិតរឿងរបស់អាមេរិក ហើយប្រើច្បាប់របស់ខ្លួនកៀបសង្កត់ មិនត្រឹមតែប៉ះពាល់ដល់សហគ្រាសនោះទេ គឺជាការរំលោភអធិបតេយ្យភាពកម្ពុជា។
«រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រែក្រឡាស់រឿងពិត ចោទប្រកាន់មិនសមហេតុផល បានប្រើច្បាប់ក្នុងប្រទេសខ្លួន មកដាក់ទណ្ឌកម្មលើគម្រោងរបស់សហគ្រាសចិនក្នុងទឹកដីប្រទេសកម្ពុជា នេះគឺជាសកម្មភាពដែលប្រើអំណាចកៀបសង្កត់ជាខ្លាំង។ ការកៀបសង្កត់របស់សហរដ្ឋអាមេរិកទៅលើការវិនិយោគស្របច្បាប់របស់សហគ្រាសចិនក្នុងប្រទេសកម្ពុជា មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អត្ថប្រយោជន៍សិទ្ធិស្របច្បាប់ របស់សហគ្រាសនោះទេ ហើយរឹតតែជាការរំលោភបំពានទាំងស្រុងលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាផងដែរ» នេះជាលើកឡើងរបស់អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំកម្ពុជា ដោយបានទទូចឲ្យភាគីអាមេរិក កែប្រែវិធីសាស្ត្រខុសមួយនេះជាបន្ទាន់ និងដកទណ្ឌកម្មវិញផងដែរ។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥កញ្ញានេះ បានចេញសេចក្ដីថ្លែងការណ៍ដាក់ទណ្ឌកម្មលើក្រុមហ៊ុន UDG ដោយអះអាងថា ក្រុមហ៊ុនេះ បានរឹបអូសយកដីធ្លី និងបំផ្លាញលំនៅដ្ឋានរបស់ពលរដ្ឋកម្ពុជា ក្នុងខេត្តកោះកុង ដើម្បីអភិវឌ្ឍតំបន់តារាសាគរ។
ការដាក់ទណ្ឌនេះ ធ្វើឡើងតាមច្បាប់ The Global Magnitsky Human Right ដោយផ្ដោតលើបុគ្គល ឬស្ថាប័នណា ដែលរំលោភសិទ្ធិមនុស្សនិងប្រព្រឹត្តអំពើពុករលួយ៉ាងធ្ងន់ធ្ងរ រួមទាំងអ្នកគាំទ្រផងដែរ។
សេចក្ដីថ្លែងការរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក បញ្ជាក់ថា៖ «សកម្មភាពរបស់ក្រុមហ៊ុន UDG គឺបង្ខំឲ្យពលរដ្ឋកម្ពុជាចេញពីដីធ្លីរបស់ពួកគេ និងបំផ្លាញបរិស្ថានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ទាំងអស់នេះគឺធ្វើឡើងក្រោមការក្លែងបន្លំ ដោយប្រែក្លាយកម្ពុជាឲ្យទៅជាកន្លែងភ្ជាប់ភស្តុភារថ្នាក់តំបន់និងគោលដៅទេសចរណ៍»។
ទន្ទឹមនឹងនេះ អាមេរិក បានបង្ហាញការព្រួយបារម្ភមួយទៀត បន្ទាប់ពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់លើកឡើងថា តំបន់តារាសាគរ អាចប្ដូរទៅជាមូលដ្ឋានយោធាបាន។ ប៉ុន្តែការអះអាងរបស់អាមេរិក មិនបានបញ្ជាក់ថា លោក ផៃ ស៊ីផាន និយាយបែបនេះ នៅពេលណានោះទេ ដោយបញ្ជាក់ត្រឹមថា អ្នកនាំពាក្យរូបនេះបានថ្លែងប្រាប់សារព័ត៌មាននាពេលកន្លងមក។
លោក ផៃ ស៊ីផាន បានឆ្លើយតបលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៦កញ្ញាថា ការលើកឡើងរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក គឺជារឿងបំភ្លៃការពិតទាំងស្រុង ហើយស្នើឲ្យភាគីអាមេរិកពិនិត្យខ្លឹមសារឡើងវិញ។
លើសពីនេះ សេចក្ដីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុអាមេរិក បានសង្កត់ធ្ងន់ថា ចិនបានប្រើប្រាស់គម្រោងអភិវឌ្ឃន៍របស់ក្រុមហ៊ុន UDG នៅកម្ពុជា ដើម្បីមហិច្ឆតាអំណាចទូទាំងពិភពលោករបស់ចិន។ អាមេរិកថា UDG គឺជាសហគ្រាសគ្រប់គ្រងដោយរដ្ឋចិន ដែលទទួលបានដីសម្បទាន៣៦០០០ហិកតា កាលពីឆ្នាំ២០០៨ សម្រាប់ជួលក្នុងរយៈពេល៩៩ឆ្នាំ ក្នុងទឹកប្រាក់ ៣,៨ពាន់លានដុល្លារ។ ក្នុងគម្រោងនេះ គឺមានសង់ព្រលានយន្តហោះធំជាងគេបំផុតនៅកម្ពុជា ដែលអាចប្រើប្រាស់សម្រាប់យន្តហោះយោធាធុនធំចុះចតបានផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាមូលដ្ឋានទ័ពនេះ កន្លងមកភាគីចិន និងកម្ពុជា បានច្រានចោលជាសាធារណៈលើព័ត៌មានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឲ្យកងទ័ពជើងទឹករបស់ចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកសមុទ្ររាមរបស់កម្ពុជា។
នៅថ្ងៃទី១៦កញ្ញានេះ ក្រុមហ៊ុន Tianjin Union Group(TUG) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន UDG ក៏បានចេញសេចក្ដីថ្លែងការណ៍ថា ក្រុមហ៊ុនខ្លួនមិនមែនជាសហគ្រាសរបស់រដ្ឋចិនទេ ហើយការរំលោភសិទ្ធិមនុស្ស គឺជារឿងមិនពិត ដែលអាមេរិកបំភ្លៃដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។
«ក្រុមហ៊ុនUDG អនុលោមតាមខ្លឹមសារនៃកិច្ចសន្យាយ៉ាងតឹងរឹង ហើយអនុវត្តរាល់គម្រោងសាងសង់ស្របតាមច្បាប់និងបទប្បញ្តត្តិរបស់កម្ពុជា ... ដីគម្រោងតារាសាគរ គឺជាដីដែលក្រុមហ៊ុនយើងខ្ញុំបានជួលពីរដ្ឋាភិបាលកម្ពុជាដោយស្របតាមច្បាប់កម្ពុជា មិនមែនជាដីសម្បទានទេ យោតាមច្បាប់កម្ពុជាដីជួលមិនមានការកំណត់លើទំហំផ្ទៃដីអតិបរមាឡើយ»។ នេះបើតាមបញ្ជាក់របស់ក្រុមហ៊ុន TUG។
TUG ថា ការចោទប្រកាន់របស់អាមេរិកពីការសាងសង់អាកាសយានដ្ឋានយោធា និងមូលដ្ឋានកងទ័ពនៅតារាសាគរ គឺរឿងប្រឌិត។ លើសពីនេះ TUG ចាត់ទុកការដាក់ទណ្ឌកម្មរបស់អាមេរិកដោយប្រើច្បាប់របស់ខ្លួនមកអនុវត្តថា «យុត្តាធិការដៃវែង»។
របាយការណ៍ក្រសួងការពារជាតិអាមេរិក បានផ្សាយកាលពីដើមខែកញ្ញានេះថា រដ្ឋាភិបាលចិន កំពុងសម្លឹងដាក់មូលដ្ឋានទ័ពបន្ថែមនៅបរទេស ហើយក្នុងចំណោមនោះ មានប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន៤ ស្ថិតជាគោលដៅរបស់យក្សអាស៊ីមួយនេះ។ គោលដៅនៃការដាក់មូលដ្ឋានទ័ពនេះ គឺដើម្បីអនុញ្ញាតឲ្យកងទ័ពរំដោះប្រជាជនចិនពង្រឹង និងរក្សាអំណាចយោធាខ្លួននៅក្រៅប្រទេស៕