ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្ថានទូត​ចិន ថ្កោលទោស​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក លើ​ក្រុមហ៊ុន UDG នៅ​កម្ពុជា​
17, Sep 2020 , 4:59 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​ថ្កោលទោស​ចំពោះ​វិធានការ​របស់​អាមេរិក ដែល​បានដាក់​ទណ្ឌកម្ម​លើ​ក្រុម Union Development Group(UDG) របស់​ចិន​ក្នុង​ទឹកដី​ខេត្តកោះកុង ប្រទេស​កម្ពុជា​។ ជាមួយគ្នា​ដែរ ស្ថានទូត​ចិន​និង​ក្រុមហ៊ុនមេ​របស់ UDG អះអាងថា​អាមេរិក​ចេញ​ព័ត៌មាន​មិន​ពិត រួមទាំង​ប្រើ​ច្បាប់​របស់​ប្រទេស​ខ្លួន​នៅលើ​ប្រទេស​ដទៃ​។



​ការ​ថ្កោលទោស​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ទៅលើ​វិធានការ​របស់​អាមេរិក​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ហិរញ្ញវត្ថុ នៃ​សហរដ្ឋអាមេរិក បានចេញ​សេចក្ដីថ្លែងការណ៍​ពី​ការដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន UDG នៅ​កម្ពុជា តាមច្បាប់ The Global Magnitsky Human Right ដោយ អះអាងថា ក្រុមហ៊ុន UDG រំលោភសិទ្ធិ​មនុស្ស​។ 
 
​អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១៦​កញ្ញា​នេះ បានចេញ​សេចក្ដី​ថ្លែង​ការ​ណ៍មួយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ថា តំបន់​សាកល្បង​ការវិនិយោគ​អភិវឌ្ឍ​ចម្រុះ និង​គម្រោង​តំបន់​ពិសេស​ទេសចរណ៍​លំហែកាយ​តារា​សាគរ​នៅ​កម្ពុជា ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន UDG ដែលជា​ក្រុមហ៊ុន​ក្រោម​សម្ព័ន្ធ​របស់ Tianjin Union Group ហើយ​ជា​សហគ្រាស​ឯកជន​រប​ស់​ចិន​។ គម្រោង​នេះ​បាន​អនុលោម​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា​របស់​កម្ពុជា ហើយ​បាន​ចូលរួម​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​។ 
 
​សេចក្ដី​ថ្លែង​ការ​នេះ អះអាងថា ការ​ប្រឌិត​រឿង​របស់​អាមេរិក ហើយ​ប្រើ​ច្បាប់​របស់ខ្លួន​កៀបសង្កត់ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សហគ្រាស​នោះទេ គឺជា​ការរំលោភ​អធិបតេយ្យភាព​កម្ពុជា​។ 
 
«​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ប្រែ​ក្រឡាស់​រឿង​ពិត ចោទប្រកាន់​មិន​សម​ហេតុផល បាន​ប្រើ​ច្បាប់​ក្នុងប្រទេស​ខ្លួន មក​ដាក់ទណ្ឌកម្ម​លើ​គម្រោង​របស់​សហគ្រាស​ចិន​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា នេះ​គឺជា​សកម្មភាព​ដែល​ប្រើ​អំណាច​កៀបសង្កត់​ជាខ្លាំង​។ ការកៀបសង្កត់​របស់​សហរដ្ឋអាមេរិក​ទៅលើ​ការវិនិយោគ​ស្របច្បាប់​របស់​សហគ្រាស​ចិន​ក្នុងប្រទេស​កម្ពុជា មិន​ត្រឹមតែ​ធ្វើឱ្យប៉ះពាល់​ដល់​អត្ថប្រយោជន៍​សិទ្ធិ​ស្របច្បាប់ របស់​សហគ្រាស​នោះទេ ហើយ​រឹតតែ​ជាការ​រំលោភបំពាន​ទាំងស្រុង​លើ​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​ផងដែរ​» នេះ​ជា​លើកឡើង​របស់​អ្នកនាំពាក្យ​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ដោយបាន​ទទូច​ឲ្យ​ភាគី​អាមេរិក កែប្រែ​វិធីសាស្ត្រ​ខុស​មួយ​នេះ​ជាបន្ទាន់ និង​ដក​ទណ្ឌកម្ម​វិញ​ផងដែរ​។ 
 
​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១៥​កញ្ញា​នេះ បានចេញ​សេចក្ដី​ថ្លែង​ការណ៍ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន UDG ដោយ​អះអាងថា ក្រុម​ហ៊ុ​នេះ បាន​រឹបអូស​យក​ដីធ្លី និង​បំផ្លាញ​លំនៅដ្ឋាន​របស់​ពលរដ្ឋ​កម្ពុជា ក្នុង​ខេត្តកោះកុង ដើម្បី​អភិវឌ្ឍ​តំបន់​តារា​សាគរ​។ 
 
​ការដាក់​ទណ្ឌ​នេះ ធ្វើឡើង​តាមច្បាប់ The Global Magnitsky Human Right ដោយ​ផ្ដោតលើ​បុគ្គល ឬ​ស្ថាប័ន​ណា ដែល​រំលោភ​សិទ្ធិមនុស្ស​និង​ប្រព្រឹត្ត​អំពើ​ពុករ​លួ​យ៉ាងធ្ងន់ធ្ងរ រួមទាំង​អ្នកគាំទ្រ​ផងដែរ​។ 
 
​សេចក្ដី​ថ្លែង​ការ​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បញ្ជាក់ថា​៖ «​សកម្មភាព​របស់​ក្រុមហ៊ុន UDG គឺ​បង្ខំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ចេញពី​ដីធ្លី​របស់​ពួកគេ និង​បំផ្លាញ​បរិស្ថាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍​មូលដ្ឋាន ទាំងអស់នេះ​គឺធ្វើឡើង​ក្រោម​ការ​ក្លែងបន្លំ ដោយ​ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅជា​កន្លែង​ភ្ជាប់​ភស្តុភារ​ថ្នាក់​តំបន់​និង​គោលដៅ​ទេសចរណ៍​»​។ 
 
​ទន្ទឹមនឹងនេះ អាមេរិក បានបង្ហាញ​ការព្រួយបារម្ភ​មួយទៀត បន្ទាប់ពី​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់​លើកឡើងថា តំបន់​តារា​សាគរ អាច​ប្ដូរ​ទៅជា​មូលដ្ឋាន​យោធា​បាន​។ ប៉ុន្តែ​ការអះអាង​របស់​អាមេរិក មិនបាន​បញ្ជាក់ថា លោក ផៃ ស៊ី​ផាន និយាយ​បែបនេះ នៅពេលណា​នោះទេ ដោយ​បញ្ជាក់​ត្រឹម​ថា អ្នកនាំពាក្យ​រូបនេះ​បាន​ថ្លែងប្រាប់​សារព័ត៌មាន​នាពេល​កន្លងមក​។ 
 
​លោក ផៃ ស៊ី​ផាន បាន​ឆ្លើយតប​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី​១៦​កញ្ញា​ថា ការលើកឡើង​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក គឺជា​រឿង​បំភ្លៃ​ការពិត​ទាំងស្រុង ហើយ​ស្នើ​ឲ្យ​ភាគី​អាមេរិក​ពិនិត្យ​ខ្លឹមសារ​ឡើងវិញ​។ 
 
​លើសពីនេះ សេចក្ដីថ្លែងការណ៍​រប​ស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បាន​សង្កត់ធ្ងន់ថា ចិន​បាន​ប្រើប្រាស់​គម្រោង​អភិវឌ្ឃន៍​របស់​ក្រុមហ៊ុន UDG នៅ​កម្ពុជា ដើម្បី​មហិច្ឆតា​អំណាច​ទូទាំង​ពិភពលោក​របស់​ចិ​ន​។ អាមេរិក​ថា UDG គឺជា​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន ដែល​ទទួលបាន​ដី​សម្បទាន​៣៦០០០​ហិកតា កាលពី​ឆ្នាំ​២០០៨ សម្រាប់​ជួល​ក្នុង​រយៈពេល​៩៩​ឆ្នាំ ក្នុង​ទឹកប្រាក់ ៣,៨​ពាន់​លាន​ដុល្លារ​។ ក្នុង​គម្រោង​នេះ គឺមាន​សង់​ព្រលានយន្តហោះ​ធំជាងគេ​បំផុត​នៅ​កម្ពុជា ដែល​អាច​ប្រើប្រាស់​សម្រាប់​យន្តហោះ​យោធា​ធុន​ធំ​ចុះចត​បាន​ផងដែរ​។​
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​មូលដ្ឋានទ័ព​នេះ កន្លងមក​ភាគី​ចិន និង​កម្ពុជា បាន​ច្រានចោល​ជា​សាធារណៈ​លើ​ព័ត៌មាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុញ្ញាត​ឲ្យ​កងទ័ពជើងទឹក​របស់​ចិន​ប្រើប្រាស់​មូលដ្ឋាន​ទ័ពជើងទឹក​សមុទ្រ​រាម​របស់​កម្ពុជា​។ 
 
​នៅ​ថ្ងៃទី​១៦​កញ្ញា​នេះ ក្រុមហ៊ុន Tianjin Union Group(TUG) ដែលជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន UDG ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា ក្រុមហ៊ុន​ខ្លួន​មិនមែនជា​សហគ្រាស​របស់​រដ្ឋ​ចិន​ទេ ហើយ​ការរំលោភ​សិទ្ធិមនុស្ស គឺជា​រឿង​មិន​ពិត ដែល​អាមេរិក​បំភ្លៃ​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​។ 
 
«​ក្រុមហ៊ុន​UDG អនុលោម​តាម​ខ្លឹមសារ​នៃ​កិច្ចសន្យា​យ៉ាង​តឹងរឹង ហើយ​អនុវត្ត​រាល់​គម្រោង​សាងសង់​ស្របតាម​ច្បាប់​និង​បទ​ប្ប​ញ្ត​ត្តិ​របស់​កម្ពុជា ... ដី​គម្រោង​តារា​សាគរ គឺជា​ដី​ដែល​ក្រុមហ៊ុន​យើងខ្ញុំ​បាន​ជួល​ពី​រដ្ឋាភិបាល​កម្ពុជា​ដោយ​ស្របតាម​ច្បាប់​កម្ពុជា មិនមែនជា​ដី​សម្បទាន​ទេ យោ​តាមច្បាប់​កម្ពុជា​ដី​ជួល​មិនមាន​ការកំណត់​លើ​ទំហំ​ផ្ទៃដី​អតិបរមា​ឡើយ​»​។ នេះ​បើតាម​បញ្ជាក់​របស់​ក្រុមហ៊ុន TUG​។ 
 
TUG ថា ការចោទប្រកាន់​របស់​អាមេរិក​ពី​ការសាងសង់​អាកាសយាន​ដ្ឋា​ន​យោធា និង​មូលដ្ឋាន​កងទ័ព​នៅ​តារា​សាគរ គឺ​រឿងប្រឌិត​។ លើសពីនេះ TUG ចាត់ទុក​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​ដោយ​ប្រើ​ច្បាប់​របស់ខ្លួន​មក​អនុវត្ត​ថា «​យុត្តាធិការ​ដៃ​វែង​»​។ 
 
​របាយការណ៍​ក្រសួងការពារជាតិ​អាមេរិក បាន​ផ្សាយ​កាលពីដើម​ខែកញ្ញា​នេះ​ថា រដ្ឋាភិបាល​ចិន កំពុង​សម្លឹង​ដាក់​មូលដ្ឋានទ័ព​បន្ថែម​នៅ​បរទេស ហើយ​ក្នុងចំណោម​នោះ មាន​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន​៤ ស្ថិត​ជា​គោលដៅ​របស់​យក្ស​អាស៊ី​មួយ​នេះ​។ គោលដៅ​នៃ​ការដាក់​មូលដ្ឋានទ័ព​នេះ គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​កងទ័ព​រំដោះប្រជាជន​ចិន​ពង្រឹង និង​រក្សា​អំណាច​យោធា​ខ្លួន​នៅក្រៅ​ប្រទេស​៕ 
 

Tag:
 ចិន​
  អាមេរិក​
  កម្ពុជា​
  នយោបាយ​
  ទណ្ឌកម្ម​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com