ជាតិ
រន្ទះបាញ់ស្លាប់មនុស្ស៦នាក់នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង ខណៈពួកគាត់បរិភោគបាយជុំគ្នា
18, Sep 2020 , 10:50 am        
រូបភាព
រូបភាពពី ហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
រូបភាពពី ហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ដែលត្រូវនឹងថ្ងៃបុណ្យភ្ជុំបិណ្ឌ មនុស្ស៦នាក់ មានប្រុស៤នាក់ និងស្រី២នាក់ ត្រូវបានស្លាប់ដោយសាររន្ទះបាញ់ និង៤នាក់ទៀតបានរងរបួស។ នេះបើតាមមន្ទីរព័ត៌មានខេត្តបាត់ដំបង ដែលបានរាយការណ៍ទៅលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ។

 
របាយការណ៍បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង៦នាក់ មាន៤នាក់ជាសមាជិកគ្រួសារ  ដោយឪពុកឈ្មោះ យ៉ុម ញិក អាយុ៥៦ឆ្នាំ ម្ដាយឈ្មោះ ដាំ សុខណា អាយុ៥៦ឆ្នាំ កូនប្រុស ម្នាក់ឈ្មោះ យ៉ុម រ៉ាវុធ អាយុ២៦ឆ្នាំ និងកូនស្រីម្នាក់ទៀតឈ្មោះ យ៉ុម ចរិយា អាយុ២៥ឆ្នាំ។ រីឯអ្នកស្លាប់២នាក់ទៀត ជាបុរស។
 
ករណីនេះ បានកើតឡើងនៅវេលាម៉ោង៦ និង១៥នាទី ក្នុងភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ខណៈពួកគេកំពុងបរិភោគអាហារពេលល្ងាចជុំគ្នានៅខាងក្រោមផ្ទះ។ នេះបើតាម ហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ។ 
 
ក្រៅពីនោះ ក៏មានជនរងគ្រោះ៤នាក់ផ្សេងទៀត (បុរស) ដែលត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ។ គ្រួសារស្លាប់ និងជនរងគ្រោះរងទាំងអស់ សុទ្ធតែជាពលរដ្ឋក្នុងខេត្តបាត់ដំបង៕
 

Tag:
 រន្ទះបាញ់
 បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com