ជាតិ
ពលរដ្ឋក្នុងស្រុកព្រៃនប់ត្រូវជម្លៀសចេញ ដោយសារទឹកជំនន់
18, Sep 2020 , 3:19 pm        
រូបភាព
រូបភាពពី ហ្វេសប៊ុកផេក ប្រជាជនខេត្តព្រះសីហនុ
រូបភាពពី ហ្វេសប៊ុកផេក ប្រជាជនខេត្តព្រះសីហនុ
ឥទ្ធិពលព្យុះទី១១ ឈ្មោះ នូល (NOUL) បានបង្កឲ្យមានភ្លៀងធ្លាក់នៅតាមបណ្ដាលខេត្តនានាក្នុងប្រទេសកម្ពុជា ពិសេសនៅតំបន់មាត់សមុទ្រ ដូចជាខេត្តព្រះសីហនុ កំពុងប្រឈមនឹងគ្រោះទឹកជំនន់ ក្នុងស្រុកព្រៃនប់ទាំងមូល។ រដ្ឋបាលខេត្តបានប្រកាសអាសន្ន និងឲ្យប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ ទាំងអស់ត្រូវជម្លៀសខ្លួនចេញពីគ្រោះ ធម្មជាតិដ៏កំណាចមួយនេះ។



លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់ ThmeyThmey តាមទូរសព្ទថា ភ្លៀងនៅតែបន្តធ្លាក់មិនឈប់ តាំងពីម៉ោង១០:២៥នាទីយប់ថ្ងៃទី១៧ ខែកញ្ញា រហូតមកដល់ពេលនេះនៅមិនទាន់បាត់នៅឡើយទេ។ លោក បន្តថា ក្រុមការងាររដ្ឋបាលខេត្តកំពុងធ្វើការយ៉ាងមមាញឹក ដើម្បីជម្លៀសពលរដ្ឋទាំងអស់ឲ្យចេញពីស្រុកព្រៃនប់នេះ។

«មានពលរដ្ឋរងគ្រោះខ្លះ» នេះជាការលើកឡើងរបស់ អ្នកនាំពាក្យរូបនេះ។ លោក មិនបានបញ្ជាក់ពីចំនួនពលរដ្ឋ ឬអ្នករងគ្រោះឡើយ ដោយបញ្ជាក់ថា ដោយាសារភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ដូច្នេះលោក មិនទាន់អាចជម្រាបបានទេ ព្រោះវាអាចនឹងមានករណីប្រែប្រួលនៅពេលបន្ទាប់។

លោកបានសង្កត់ធ្ងន់ថា ក្រុមការងាររដ្ឋបាលស្រុក និងក្រុងកំពុងសង្គ្រោះ និងជម្លៀសពលរដ្ឋក្នុងតំបន់រងគ្រោះ ហើយបន្តធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីការពារពលរដ្ឋក្នុងស្រុកដទៃ ដែលអាចនឹងប្រឈមផងដែរ៕



Tag:
 ជំនន់
  ខ្យល់ព្យុះ
© រក្សាសិទ្ធិដោយ thmeythmey.com