ជាតិ
កម្ពុជា សោកស្តាយដែលមន្រី្តជាន់ខ្ពស់អាមេរិកវាយតម្លៃខុសចំពោះការអនុវត្តច្បាប់នៅកម្ពុជា
19, Sep 2020 , 3:29 pm        
រូបភាព
លោក Robert A. Destro ឧបការីរដ្ឋមន្រី្តក្រសួងការបរទេស (ខាងឆ្វេង) និង លោក Alan Lowenthal សមាជិកសភា (ខាងស្ដាំ)។ (រូបពី AFP និង IG របស់លោក Alan Lowenthal )
លោក Robert A. Destro ឧបការីរដ្ឋមន្រី្តក្រសួងការបរទេស (ខាងឆ្វេង) និង លោក Alan Lowenthal សមាជិកសភា (ខាងស្ដាំ)។ (រូបពី AFP និង IG របស់លោក Alan Lowenthal )
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ខកចិត្តចំពោះមន្រី្តនយោបាយអាមេរិកពីររូប គឺលោក Alan Lowenthal សមាជិកសភា និងលោក Robert A. Destro ឧបការីរដ្ឋមន្រី្តក្រសួងការបរទេស ដែលវាយតម្លៃមិនត្រឹមត្រូវទាល់តែសោះពីការអនុវត្តច្បាប់ សិទ្ធិសេរីភាពនៅកម្ពុជា។


 
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាអះអាងថា មន្រី្តនយោបាយអាមេរិកពីររូបនេះ មិនបានគិតពីទិដ្ឋភាពអង្គហេតុនិងច្បាប់នៃវិធានការរបស់អាជ្ញាធរកម្ពុជា ក្នុងការធានាសន្តិភាព សណ្ដាប់ធ្នាប់ និងសុខភាពសាធារណៈឡើយ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីអាមេរិកទាំងពីរ បានអំពាវនាវឲ្យដោះលែងក្រុមយុវជនដែលអាជ្ញាធរបានចាប់ខ្លួនជាបន្តបន្ទាប់មកនេះ រួមទាំងការស្នើឲ្យកម្ពុជាគោរពនីតិរដ្ឋ។ 
 
សេចក្ដីថ្លែងការរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចេញថ្ងៃទី១៨កញ្ញានេះថា ភាគីកម្ពុជាសោកស្ដាយយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដោយហេតុផលនយោបាយ របស់លោក លោក Alan Lowenthal និងលោក Robert A. Destro ។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា កម្ពុជាលើកតម្កើងសេរីភាពនៃការបញ្ចេញមតិ សមាគម និងការជួបជុំដោយសន្តិវិធី ដូចដែលបានធានាក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែការប្រើប្រាស់សិទ្ធិនិងសេរីភាពត្រូវអនុលោមតាមច្បាប់។ 
 
«គ្រប់អង្គការក្រៅរដ្ឋាភិបាលទាំងអស់ រួមទាំងអ្នកការពារសិទ្ធិមនុស្ស  និងក្រុមយុវជន មានសេរីភាពក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីរួមចំណែកក្នុងកិច្ចអភិវឌ្ឍជាតិ ដរាបណាសកម្មភាពអស់ទាំងនោះស្ថិតនៅក្រោមដែនកំណត់នៃច្បាប់»។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដោយសង្កត់ធ្ងន់ថា ការអំពាវនាវឲ្យដោះលែងក្រុមពិសេសមួយចំនួន របស់មន្រី្តនយោបាយអាមេរិកគឺផ្ទុយទៅនឹងការអនុវត្តនៃដំណើរការនីតិវិធីតុលាការ ហើយបែរជាអំពាវនាវឲ្យគោរពនីតិរដ្ឋទៅវិញ។ 
 
សេចក្ដីប្រកាសព័ត៌មានរបស់លោក Alan Lowenthal កាលពីថ្ងៃទី១៦កញ្ញានេះថា សកម្មជននិងអ្នករិះគន់រដ្ឋាភិបាលនៅកម្ពុជា ដែលបានចូលរួមនយោបាយនិងសកម្មភាពស៊ីវិលដោយក្ដីស្រឡាញ់ប្រទេសជាតិ បែរជាទទួលរងការបង្ក្រាបយ៉ាងចាស់ដៃទៅវិញ។ សកម្មជនទាំងនោះ គួរតែទទួលបានការអបអរ ជំនួសការឃុំខ្លួន។ លោកសង្កត់ធ្ងន់ថា ការចាប់ខ្លួនសកម្មជនបែបនេះគឺជាការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យដែលរដ្ឋាភិបាលកម្ពុជាបានសន្យាជាមួយពលរដ្ឋក្នុងរដ្ឋធម្មនុញ្ញ។ ទន្ទឹមនឹនេះ លោក Alan Lowenthal ស្នើឲ្យមានការដោះលែងសកម្មជនដែលអាជ្ញាធរកម្ពុជាបានចាប់ខ្លួនជាបន្តបន្ទាប់កាលពីពេលនេះថ្មីៗនេះ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ 
 
រីឯ លោក Robert A. Destro កាលពីថ្ងៃទី ១៥ ក៏បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនដែលបានចាប់ខ្លួនកាលពីចុងខែកក្កដានេះផងដែរ ដោយអះអាងថាសកម្មជនទាំងនោះគ្រាន់តែអនុវត្តសិទ្ធិសេរីភាពពួកគេតាមរដ្ឋធម្មនុញ្ញកម្ពុជាប៉ុណ្ណោះ។ 
 
សូមបញ្ជាក់ថា នៅចុងខែកក្កដានិងក្នុងខែសីហានេះ សកម្មជន១២នាក់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួន ក្នុងនោះមានយុវជនខ្មែរថាវរៈ យុវជនមាតាធម្មជាតិ និងយុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ រួមទាំងព្រះអង្គ កើត សារ៉ាយ៕ 
 

Tag:
 កម្ពុជា
  អាមេរិក
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com