អន្តរជាតិ
ចេញពីតំណែងថ្មីៗ លោក អាបេ ទៅវិហារតម្កល់វីរជនសង្រ្គាមយ៉ាស៊ូគូនី
19, Sep 2020 , 4:29 pm        
រូបភាព
អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ិនហ្សូ កំពុងដើរនៅវិហារយ៉ាស៊ូគូនី។ រូបភាព Twitter លោក អាបេ
អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ិនហ្សូ កំពុងដើរនៅវិហារយ៉ាស៊ូគូនី។ រូបភាព Twitter លោក អាបេ
អតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ិនហ្សូ បានទៅទស្សនកិច្ចនៅវិហារយ៉ាស៊ូគូនីដែលតម្កល់ឈ្មោះទាហានជប៉ុនដែលពលីក្នុងសង្រ្គាម។ ទស្សនកិច្ចនៅថ្ងៃទី១៩ ខែកញ្ញានេះ ជាដំណើរលើកដំបូងរបស់លោក អាបេ ក្នុងរយៈពេលជិត៧ឆ្នាំទៅកាន់ទីសក្ការមួយនេះ ហើយដែលវាទំនងធ្វើឲ្យចិន និងកូរ៉េខាងត្បូង មិនសប្បាយចិត្តខ្លាំង ព្រោះឧក្រិដ្ឋជនសង្រ្គាមលើកទីពីរ ក៏ត្រូវបានតម្កល់នៅទីនោះដែរ។

 
ក្នុងរូបថតលើបណ្ដាញសង្គម Twitter នៅថ្ងៃទី១៩ ខែកញ្ញា លោក អាបេ ស៊ិនហ្សូ ស្លៀកសម្លៀកបំពាក់បែបជប៉ុន អាវធំពណ៌ខ្មៅ ក្រវាត់កពណ៌ប្រផេះ។ លោកបានដើរក្នុងថែវឈើនៃវិហារយ៉ាស៊ូគូនីក្នុងទីក្រុងតូក្យូ ហើយត្រូវបានអមដំណើរដោយអាចារ្យសាសនាសិន្តូម្នាក់។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក អាបេ ទៅកាន់វិហារបព្វបុរសនេះតាំងពីឆ្នាំ២០១៣មក ដែលកាលនោះ ចិន និងកូរ៉េខាងត្បូងខឹងសម្បារយ៉ាងខ្លាំង។
 
«ថ្ងៃនេះ ខ្ញុំទៅគោរពនៅវិហារយ៉ាស៊ូគូនី និងបានរាយការណ៍ទៅកាន់ព្រលឹងវីរបុរសសង្រ្គាមពីការលាលែងពីតំណែងនាយករដ្ឋមន្រ្តី។» លោក អាបេ សរសេរបែបនេះក្នុងសាររបស់លោក។ លោក អាបេ ត្រូវបានជំនួសតំណែងនាយករដ្ឋមន្រ្តីដោយលោក ស៊ូហ្កា យូស៊ីហ៊ីដេ នៅថ្ងៃទី១៦ ខែកញ្ញាកន្លងទៅ។  
 
 
អំឡុងពេលកាន់តំណែងជានាយករដ្ឋមន្រ្តី លោក អាបេ ទៅកាន់យ៉ាស៊ូគូនីតែម្ដងប៉ុណ្ណោះនៅឆ្នាំ២០១៣ ។ ក្រោយៗមក អតីតនាយករដ្ឋមន្ត្រីរូបនេះ មិនបានធ្វើទស្សនកិច្ចនៅទីនោះឡើយ ហើយសូម្បីតែសមាជិករដ្ឋាភិបាលលោកក៏កម្រទៅដែរ។ ប៉ុន្តែអ្នកនយោបាយអភិរក្សនិយមរបស់ជប៉ុន តែបង្ហាញមុខនៅវិហារជាញឹកញាប់។
 
យ៉ាស៊ូគូនី ជាវិហាររំឭកដល់យោធាជប៉ុនជាងពីរលាននាក់ដែលពលីក្នុងសង្រ្គាម។ ប៉ុន្តែអ្វីដែលជារឿងចម្រូងចម្រាសនោះ វិហារនេះ ក៏ជាទីតម្កល់ឈ្មោះអ្នកនយោបាយ និងមេទ័ពជប៉ុនដែលត្រូវបានកាត់ទោសក្រោយចប់សង្រ្គាមលោកលើកទីពីរផងដែរ។ ចិន និងកូរ៉េខាងត្បូង តែងប្រឆាំងរាល់ដំណើរទស្សនកិច្ចរបស់មន្រ្តីជប៉ុនណាមួយ ដោយចាត់ទុកវិហារនេះជាតំណាងយោធានិយមរបស់ជប៉ុន និងការទៅកាន់វិហារនេះ ជាការមើលងាយជនរងគ្រោះផងដែរ៕

Tag:
 អាបេ ស៊ិនហ្សូ
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com