COVID-19
អន្តរជាតិ
នាយកកម្មវិធីស្បៀង UN ទទូចឲ្យសហគមន៍អន្តរជាតិកុំបែរខ្នងដាក់ប្រជាជនកំពុងរងគ្រោះរាប់លាននាក់
20, Sep 2020 , 10:01 am        
រូបភាព
រូបភាព WFP
រូបភាព WFP
ដោយ:
ភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ បានព្រមានពីការផ្ទុះឡើងនៃភាពស្រេកឃ្លានរបស់ប្រជាជនពិភពលោករាប់រយលាននាក់ ដែលបណ្តាលមកពីជម្លោះរ៉ាំរ៉ៃ និងវិបត្តិ Covid-19។ ភ្នាក់ងារជំនាញ បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជាពិសេសប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍ចូលរួមចំណែកទទួលខុសត្រូវ ដើម្បីទប់ស្កាត់វិបត្តិមនុស្សជាតិក្នុងសតវត្សរ៍ទី២១នេះ។

 
នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) លោក David Beasley នៅថ្ងៃ១៧ កញ្ញាកន្លងទៅ តាមរយៈវេទិការបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្លែងសាទរពីការចូលរួមរបស់ម្ចាស់ជំនួយ និងមេដឹកនាំពិភពលោកទាំងតូចនិងធំ ក្នុងការផ្តល់ថវិកាដើម្បីសង្គ្រោះអាយុជីវិតប្រជាជនពិភពលោក ដែលកំពុងតែជួបការលំបាក។ 
 
តាមសេចក្តីថ្លែងការណ៍ដែលត្រូវបានចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ WFP លោក David Beasley បានអះអាងថាការចូលរួមចំណែករបស់ម្ចាស់ជំនួយ និងមេដឹកនាំពិភពលោក ក៏ដូចជាស្ថាប័នផ្តល់កម្ចីធំៗរបស់ពិភពលោក ដែលបានពន្យារពេលការសងបំណុលសម្រាប់ប្រទេសក្រីក្រ ពិតជាបានជួយសម្រួលដល់ផលប៉ះពាល់សេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងតែជាប់ផុងនឹងវិបត្តិ និងមានប្រជាជនប្រឈមភាពស្រេកឃ្លាន។
 
តាមលោក Beasley រយៈពេលប្រាំមួយខែដើមឆ្នាំមកនេះ ភ្នាក់ងាររបស់កម្មវិធីចំណីអាហារពិភពលោក បានយកជំនួទៅយដល់ប្រជាជនដែលប្រឈមនឹងភាពទីទ័លក្រប្រមាណ ៨៥ លាននាក់មកហើយ ខណៈគោលដៅរបស់ក្រុមភ្នាក់ងារ គ្រោងឲ្យបានដល់ប្រជាជនសរុបប្រមាណ ១៣៨ លាននាក់។ សម្រាប់ប្រមុខ WFP រូបនេះ ទាំងជំនួយ និងគោលដៅដែលបានសម្រេចក្នុងឆ្នាំនេះ គឺជាតួលេខប្រវត្តិសាស្ត្រហើយរបស់ WFP។
 
យ៉ាងណាក៏ដោយ នាយកប្រតិបត្តិរូបនេះ ក៏បានគូសបញ្ជាក់ថា បញ្ហានេះ ក៏មិនទាន់ទៅណាឆ្ងាយនៅឡើយនោះទេ។ លោក ទទួលស្គាល់ពីថវិកាបម្រុងគ្រប់គ្រាន់ក្នុងឆ្នាំ២០២០នេះ ក៏ប៉ុន្តែលោក ថាសម្រាប់ឆ្នាំ២០២១ អាចនឹងក្លាយជាឆ្នាំល្អប្រសើរ ឬមហន្តរាយ អាស្រ័យលើជំនួយ និងការគាំពាររបស់សហគមន៍អន្តរជាតិ។ 
 
ខណៈដែលប្រទេសជាច្រើនជាពិសេសនោះប្រទេសក្រីក្រ កំពុងរងការគំរាមកំហែងពីវិបត្តិ Covid-19លោក បានទទូចឲ្យសហគមន៍អន្តរជាតិ កុំទាន់អាលដើរចេញពីការប្តេជ្ញាចិត្តក្នុងកិច្ចការជំនួយមនុស្សធម៌ ហើយក៏កុំបែរខ្នងដាក់ប្រជាជនដែលកំពុងស្រេកឃ្លាន ដែលលោក ព្យាករថា អាចនឹងមានរហូតដល់ជាង ២៧០ លាននាក់៕ 

Tag:
 UN
  ក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com