ពីនេះ ពីនោះ
ពាក្យណា ដែលមាន «អប» នៅខាងដើម ពាក្យនោះ នឹងប្តូរពីន័យល្អ ទៅជាន័យអាក្រក់
21, Sep 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«អប» គឺជានិបាតសព្ទមួយ ដែលអាចឈរនៅពីមុខពាក្យដទៃ។ ការប្រើនិបាតសព្ទនៅខាងមុខពាក្យណាមួយ គឺដើម្បីបន្ថែមអត្ថន័យ ទៅឲ្យពាក្យនោះ។


 
និបាតសព្ទ «អប» នឹងធ្វើឲ្យពាក្យណាមួយ មានអត្ថន័យបែបអវិជ្ជមាន។ វា មានន័យថា ពាក្យណា ដែលមានអត្ថន័យល្អ នឹងប្រែជាមានអត្ថន័យអាក្រក់វិញ បើពាក្យនោះ មាន «អប» នៅពីខាងមុខ។ 
 
និបាតសព្ទ «អប» អាចមានន័យច្រើនយ៉ាង ដូចជា ប្រាសចាក, មិន, ឥត, ឃ្លាតចាក, ឆ្ងាយ, ទៅឆ្ងាយ, ត្រឡប់, ត្រឡប់ជា, បែរជា, ផុត, រួចផុត, ជាដើម។ ប៉ុន្តែ ជាទូទៅ «អប» តែងនិយមប្រែថា «ប្រាសចាក ឬ ឥត»  ដែល អាចនាំឲ្យពាក្យណាមួយ មានអត្ថន័យមិនសូវល្អ។ 
 
ជាក់ស្តែង ពាក្យ «មង្គល» ប្រែថា សេចក្តីចម្រើន, សេចក្តីសុខ, ហេតុដែលនាំឲ្យកើតសេចក្តីសុខចម្រើន។ ប៉ុន្តែ ពាក្យ «មង្គល» នឹងមានអត្ថន័យអាក្រក់វិញ នៅពេល «អប» ឈរនៅពីខាងមុខ ពោលគឺ «អបមង្គល» ប្រែថា ដែលប្រាសចាកមង្គល, ឥតមង្គល, ដែលឥតសេចក្តីចម្រើន។ 
 
នៅមានពាក្យជាច្រើនទៀត ដូចជា អបគមន៍ (ការប្រាសចាកពីគ្នា, ការបែកចេញពីគ្នា), អបយស (ដែលប្រាសចាកយស, ដែលខូចឈ្មោះ, ដែលអាប់មុខ, ដែលឥតគេរាប់អាន), អបលក្ខណ៍ (ដែលប្រាសចាកលក្ខណៈល្អ, ដែលឥតលក្ខណ៍, ដែលខាតលក្ខណ៍), អបសក្តិ (ដែលឥតសក្តិ, ដែលឥតអំណាច) ។ល៕
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com