អន្តរជាតិ
ជម្លោះប៉ាឡេស្ទីននិងអ៊ីស្រាអែល៖ បញ្ហាចាក់ឬសដែលពិបាករកច្រកចេញនៅមជ្ឈិមបូព៌ា
20, Sep 2020 , 8:29 pm        
រូបភាព
ការជួបជុំអបអរសាទរ ក្រោយអង្គការសហប្រជាជាតិសម្រេចបង្កើតរដ្ឋអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅថ្ងៃ២៩ វិច្ឆិកា ១៩៤៧។ រូបភាព៖ AFP
ការជួបជុំអបអរសាទរ ក្រោយអង្គការសហប្រជាជាតិសម្រេចបង្កើតរដ្ឋអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅថ្ងៃ២៩ វិច្ឆិកា ១៩៤៧។ រូបភាព៖ AFP
ដោយ:
ទំនាក់ទំនងរវាងបណ្តាប្រទេសអារ៉ាប់ និងអ៊ីស្រាអែល ក៏ដូចជាជម្លោះជាមួយប៉ាឡេស្ទីន នៅតែបន្តជាចំនុចកណ្តាល នៃបញ្ហាដ៏ស្មុគស្មាញ និងក្តៅគគុកដែលកំពុងកើតមាននៅមជ្ឈិមបូព៌ា។ ប៉ុន្តែក្នុងពេលថ្មីៗនេះ ចំនុចរបត់ដ៏សំខាន់នៃទំនាក់ទំនងនៃបណ្តាប្រទេសអារ៉ាប់ និងអ៊ីស្រាអែលបានចេញជារូបរាងជាថ្មី ដោយអេមីរ៉ាតអារ៉ាប់រួម និងក្រោយមកបារ៉ែនបានភ្ជាប់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ក្រោមការជ្រោមជ្រែងរបស់អាមេរិក។

 
ហេតុអ្វីប្រទេសអារ៉ាប់ ធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល?
 
នៅក្រោយការផុតរលត់ទៅនៃសង្គ្រាមលោកលើកទី២ ជនជាតិជ្វីហ(Jew)រាប់លាននាក់ដែលហត់ចិត្តនឹងការរស់នៅគ្មានទឹកដី ក៏ដូចជាការប្រល័យពូជសាសន៍ដោយណាស៊ីអាល្លឺម៉ង់នៅអឺរ៉ុប បានសម្រេចចាកចេញទាំងលាននាក់មកតាំងទីនៅដែនដីប៉ាឡេស្ទីន ក្រោមអះអាងថាដែនដីនោះជាដែនដីរបស់ពួកគេតាំងតែពីបុរាណកាលមក ប៉ុន្តែត្រូវបានគេបណ្តេញចេញ។ នៅឆ្នាំ១៩៤៧ ជនជាតិជ្វីហ្វបានសម្រេចបង្កើតរដ្ឋអ៊ីស្រាអែល បើទោះបីជាសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ បានចែងពីរដ្ឋអ៊ីស្រាអែល និងប៉ាឡេស្ទីន រួមរស់ក្នុងដែនដីជាមួយគ្នាក្តី។
 

ការបាត់បង់ដីរបស់ប៉ាឡេស្ទីន និងការទន្ទ្រានយកដីរបស់អ៊ីស្រាអែល។ រូបភាព៖ ALJAZEERA 
 
ការបង្កើតរដ្ឋនេះហើយដែលបង្កើតជាទំនាស់រវាងអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីន នឹងបណ្តាប្រទេសអារ៉ាប់ឯទៀតដូចជា អ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ីរី អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម ហ្ស៊កដានី បារ៉ែន និងលីបង់រហូតនាំឲ្យមានសង្គ្រាម និងជម្លោះប្រដាប់អាវុធជាច្រើនលើកផងដែរ គឺពីឆ្នាំ១៩៤៨-៤៩ ១៩៥៦ ១៩៦៧ ១៩៧៣ ១៩៨២ និង ២០០៦។គ្រានោះ ប្រទេសទាំងនោះមិនទទួលស្គាល់អ៊ីស្រាអែលជារដ្ឋឡើយ ថែមទាំងមានបំណងកម្ទេចរដ្ឋដែលទើបតែបង្កើតថ្មីនេះទៅទៀត។ 
 
នៅឆ្នាំ១៩៤៨ ក្រោយពេលអង់គ្លេសបញ្ចប់ការគ្រប់គ្រងនិងចាកចេញពីដែនដីប៉ាឡេស្ទីន ប្រទេសអារ៉ាប់ រួមមានអេហ្ស៊ីប អ៊ីរ៉ាក់ ស៊ីរី និងលីបង់បានប្រកាសសង្គ្រាមនឹងអ៊ីស្រាអែលនៅថ្ងៃ១៥ ធ្នូ ឆ្នាំ១៩៤៨ ដើម្បីក្តោបក្តាប់ទឹកដីដែលអង្គការសហប្រជាជាតិពុំទាន់បានពុះចែកឲ្យអ៊ីស្រាអែល និងទីក្រុងហ្សេរុយសាឡឹមខាងកើត។ ទោះជាយ៉ាងណាក្តី អ៊ីស្រាអែលបានវាយបកទប់ទល់ នៅដើមឆ្នាំ១៩៤៩។ ពីខែកុម្ភៈ ដល់កក្កដាឆ្នាំ១៩៤៩ អ៊ីស្រាអែលបានចុះកិច្ចព្រមព្រៀងឈប់បាញ់ជាមួយប្រទេសអារ៉ាប់នីមួយៗ។ អ៊ីស្រាអែលចាត់ទុកសង្គ្រាមនេះជា «សង្គ្រាមឯករាជ្យ» ឯរដ្ឋអារ៉ាប់ចាត់ទុកជាគ្រោះមហន្តរាយ។
 
នៅឆ្នាំ១៩៦៧ អ៊ីស្រាអែល ត្រូវតទល់នឹងស៊ីរី ហ្ស៊កដានី និងអេហ្ស៊ីបក្នុងសង្គ្រាមជាថ្មី ដែលគេឲ្យឈ្មោះថា៖«សង្គ្រាម៦ថ្ងៃ»។ ក្នុងសង្គ្រាមរយៈពេល៦ថ្ងៃដែលចាប់ផ្តើមដោយស៊ីរី អ៊ីស្រាអែលបានទប់ទល់ និងវាយបកកាន់កាប់ ឧបទ្វីបស៊ីណៃ និងហ្កាសាពីអេហ្ស៊ី ក៏ដូចជាគ្រប់គ្រងបានទីក្រុងបុរាណហ្សេរុយសាឡឹមទាំងស្រុង។
 

ទង់ជាតិ និងកងទ័ពអ៊ីស្រាអែល នៅត្រើយខាងកើយព្រែកជីកស៊ុយអេ ក្រោយចប់សង្គ្រាមយមគីពួ។ រូបភាព៖ AP
 
សង្គ្រាមទ្រង់ទ្រាយធំ ជាមួយអ៊ីស្រាអែល និងប្រទេសអារ៉ាប់ជាលើកចុងក្រោយគឺក្នុងឆ្នាំ១៩៧៣ ដែលគេឲ្យឈ្មោះថាសង្គ្រាមយមគីពួរ(Yum Kippur War)។ ក្នុងគ្រានោះ ចំពេលដែលអ៊ីស្រាអែលកំពុងប្រារព្ធពិធីសាសនា យោធាអេហ្ស៊ីបបានឆ្លងកាត់ព្រែកជីកស៊ុយអេ ចូលមកវាយប្រហារអ៊ីស្រាអែលក្នុងឧបទ្វីបស៊ីណៃ ចំណែកឯស៊ីរីបើកការវាយប្រហារពីខ្ពង់រាប Golan Height។ 
 
អ៊ីស្រាអែល បានវាយតបដោយឆ្លងព្រែកជីកស៊ុយអេ ចូលក្នុងទឹកដីអេហ្ស៊ីប និងទឹកដីស៊ីរី។ អ៊ីស្រាអែល និងអេហ្ស៊ីបព្រមចុះកិច្ចព្រមព្រៀងឈប់បាញ់ នៅខែមករាឆ្នាំ១៩៧៤ ដោយភាគីទាំង២ថយកងទ័ពចេញពីត្រើយសងខាងនៃព្រែកជីកស៊ុយអេ ចំណែកស៊ីរីព្រមចុះកិច្ចព្រមព្រៀងក្នុងខែកញ្ញាឆ្នាំ១៩៧៤ ដោយបង្កើតតំបន់ទ្រនាប់ និងផ្តោះប្តូរអ្នកទោសសង្គ្រាម។
 
ដំណោះស្រាយជម្លោះ
 
ក្នុងការដោះស្រាយជម្លោះរវាងបណ្តាប្រទេសអារ៉ាប់ និងអ៊ីស្រាអែល គេឃើញថាអាមេរិក ដើរតួនាទីយ៉ាងចម្បងក្នុងការសម្របសម្រួលជម្លោះ។ នៅក្រោមអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិកជីមី កាទ័រ ( Jimmy Carter) អាមេរិកបានសម្របសម្រួលការចចាររវាងមេដឹកនាំអេហ្ស៊ីប និងអ៊ីស្រាអែលអស់រយៈពេល១៣ថ្ងៃរហូតសម្រេចបានលទ្ធផល។ 
 
កិច្ចព្រមព្រៀងដែលសម្រេចបានដែលគេហៅថា Camp David Accords នាំឲ្យមានការភ្ជាប់ទំនាក់ទំនងការទូតផ្លូវការរវាងអេហ្ស៊ីប និងអ៊ីស្រាអែល ក៏ដូចជាការប្រគល់ត្រឡប់ទៅវិញដែនដីឧបទ្វីស៊ីណៃរបស់អេហ្ស៊ីប ដែលអ៊ីស្រាអែលកាន់កាប់បានក្នុងសង្គ្រាម៦ថ្ងៃ។ ក្នុងន័យនេះ អេហ្ស៊ីបក៏ទទួលស្គាល់ផងដែរសិទ្ធិរបស់អ៊ីស្រាអែលក្នុងការកកើតជារដ្ឋ។
 
កិច្ចព្រមព្រៀងនេះ ក៏ភ្ជាប់មកជាមួយផងដែរស្វ័យភាពក្នុងការគ្រប់គ្រងតំបន់ត្រើយខាងលិច(West Bank) និងហ្កាសា(Gaza) ដោយអេហ្ស៊ីប និងហ្ស៊កដានី លើដែនដីរបស់ប៉ាឡេស្ទីន បើទោះបីជាគ្មានការចូលរួមចចារពីអង្គការរំដោះប៉ាឡេស្ទីន(Palestine Liberation Organization PLO)ក៏ដោយ និងដោយពុំបញ្ជូលមាតុភូមិនិវត្តន៍របស់ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ ដែលភៀសខ្លួនដោយសារសង្គ្រាម និងការបណ្តេញចេញ។
 

ប្រធានាធិបតីអេហ្ស៊ីប សាដាដ(ឆ្វេង) ប្រធានាធិបតីអាមេរិក ខាតធ័រ (កណ្តាល) និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៉ីហ្គីន(ស្តាំ)
 
នៅឆ្នាំ១៩៩៣ ក្រោមការសម្រេបសម្រួលរបស់ន័រវេស អង្គការ PLO និងអ៊ីស្រាអែល បានសម្រេចកិច្ចព្រមព្រៀងមួយដែលមានឈ្មោះថា Oslo Accord នៅរដ្ឋធានីវ៉ាស៊ីនតោន។ កិច្ចព្រមព្រៀងនេះ យោងទៅតាម Camp David Accords ដែលក្នុងនោះភាគីទាំងសងខាងទទួលស្គាល់គ្នាទៅវិញទៅមក។ ក្នុងន័យនេះ PLO ទទួលស្គាល់អ៊ីស្រាអែលជារដ្ឋ ចំណែកឯអ៊ីស្រាអែលវិញទទួលស្គាល់ PLO ជាតំណាងស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន និងភាគីក្នុងការចរចា។ កិច្ចព្រមព្រៀងនេះ ក៏បង្កើតផងដែរនូវអាជ្ញាធរប៉ាឡេស្ទីន ដែលមានសិទ្ធិក្នុងការគ្រប់គ្រងតំបន់ហ្កាសា និងត្រើយខាងលិច។
 

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល រ៉ាបីន(ឆ្វេង) និងថ្នាក់ដឹកនាំPLO អារ៉ាហ្វាត់(ស្តាំ) និងប្រធានាធិបតីអាមេរិក គ្លីនតុន(កណ្តាល)។ រូបភាព៖ AP
 
នៅថ្ងៃទី១៣ សីហា ឆ្នាំ២០២០ ក្រោមការជួមជ្រោមជ្រែងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អេមីរ៉ាតអារ៉ាប់រួម និងអ៊ីស្រាអែល បានចុះកិច្ចព្រមព្រៀងដែលមានឈ្មោះថា Abraham Accord ដែលក្នុងនោះប្រទេសទាំងពីបានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាជាធម្មតា ប៉ុន្តែអ៊ីស្រាអែលត្រូវឈប់ឬផ្អាកការទន្ទ្រានយកដីរបស់ប៉ាឡេស្ទីន។អេមីរ៉ាតអារ៉ាប់រួម អះអាងថាកិច្ចព្រមព្រៀងនេះនឹងបើកផ្លូវឲ្យអ៊ីស្រាអែល និងPLO អាចចចារបញ្ជប់ជម្លោះនឹងគ្នា។ 
 
ការភ្ជាប់ទំនាក់ទំនងថ្មីនេះ ធ្វើឡើងនៅក្នុងបរិបទមួយដែលអ៊ីស្រាអែល អេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាអាមេរិក កំពុងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខប្រឆាំងអ៊ីរ៉ង់ និងចំពេលដែលអ៊ីស្រាអែលកាន់តែឯកោក្នុងឆាកអន្តរជាតិ ក្រោយពេលត្រូវបណ្តាប្រទេសឯទៀតថ្កោលទោសផែនការលេបយកទឹកដីប៉ាឡេស្ទីន។
 
ការភ្ជាប់ទំនាក់ទំនងរវាងអេមីរ៉ាតអារ៉ាប់រួម និងអ៊ីស្រាអែលនេះ ត្រូវបានប្រទេសដូចជាអេហ្ស៊ីប បារ៉ែន ហ្ស៊ដានី និងអូម៉ង់ អបអរសាទរ។ បារ៉ែន ថែមទាំងភ្ជាប់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលផងដែរ នៅថ្ងៃទី១៣ កញ្ញា ២០២០ ដោយក្លាយជាប្រទេសទី៤ បន្ទាប់ពីអេហ្ស៊ីប ហ្ស៊កដានី និងអេមីរ៉ាតអារ៉ាប់រួម។ ក៏មានផងដែរការរិះគន់ពីសំណាក់អ៊ីរ៉ង់ តួកគី និងកាតា ដែលថែមទាំងគំរាមហៅទូតខ្លួនពីអេមីរ៉ាតអារ៉ាប់រួមផងដែរ។ 
 
ចំណែកឯអារ៉ាប៊ីសាអីឌីតវិញ នៅស្ទាក់ស្ទើរដោយសារតែព្រះចៅ Salman ប្រឆាំងដាច់ខាតទៅនឹងការភ្ជាប់ទំនាក់ទំនងនេះ ប៉ុន្តែបុត្រព្រះអង្គដែលនឹងឡើងសោយរាជ្យគឺព្រះអង្គ Mohammed bin Salman ចង់សម្រួលទំនាក់ទំនង៕

© រក្សាសិទ្ធិដោយ thmeythmey.com