ជាតិ
សេដ្ឋកិច្ច
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សង្ឃឹមថាអាមេរិកនឹងពិចារណាឡើងវិញ ជុំវិញទណ្ឌកម្មលើក្រុមហ៊ុន UDG
20, Sep 2020 , 3:09 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)  សង្ឃឹមថាក្រសួងរតនាគារសហរដ្ឋអាមេរិក ពិចារណាឡើងវិញ ជុំវិញការសម្រេចដាក់ទណ្ឌកម្ម លើក្រុមហ៊ុន UDG ដែលកំពុងអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ នៅក្នុងខេតត្កោះកុង ប្រទេសកម្ពុជា។ សម្រាប់ CDC ហេតុផលនៃការដាក់ទណ្ឌកម្មនេះ របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក គឺមិនឆ្លុះបញ្ចាំងពីការពិត ដែលមិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុន UDG ប៉ុណ្ណោះទេ តែក៏អាចប៉ះពាល់ធ្ងន់ធ្ងរដល់ការងារប្រជាជនស្លូតត្រង់ជាច្រើន ដល់បរិស្ថានធុរកិច្ច និងទិដ្ឋភាពវិនិយោគ នៅកម្ពុជាទាំងមូលដែរ។

 
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្តែងការសោកស្តាយ ចំពោះការសម្រេចដាក់ទណ្ឌកម្ម របស់ក្រសួងរតនាគាររបស់អាមេរិ លើក្រុមហ៊ុន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី (Union Development Group -UDG)។ ក្រុមហ៊ុន UDG កំពុងអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ មានទីតាំងស្ថិតនៅក្នុងស្រុកបុទុមសាគរ និងស្រុកគិរីសាគរ ខេតត្កោះកុង ប្រទេសកម្ពុជា។ 
តាមរយៈសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២០ កញ្ញា ឆ្នាំ២០២០នេះ CDC ចាត់ទុកការសម្រេចនេះ គឺក្រោមហេតុផលដែលមិនឆ្លុះបញ្ចាំងពីការពិត។ មិនតែប៉ុណ្ណោះ CDC ក៏សង្ឃឹមដែរថា ក្រសួងរតនាគារអាមេរិក នឹងពិចារណាឡើងវិញ ចំពោះការសម្រេចចិត្តដាក់ទណ្ឌកម្មលើក្រុមហ៊ុន UDG ផងដែរ។ 
 
ក្រៅពីរំពឹងដូច្នេះ CDC ក៏បានបង្ហាញភស្តុតាងមួយចំនួនដែលបញ្ជាក់ថា ហេតុផលចោទប្រកាន់លើក្រុមហ៊ុន UDG ពីសំណាក់ ក្រសួងរតនាគារអាមេរិក គឺមិនឆ្លុះពីបញ្ចាំងការពិតដែរ។
 
តាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការអះអាងថា ក្រុមហ៊ុន UDG ជាក្រុមហ៊ុនរបស់រដ្ឋាភិបាលចិន គឺមិនស្របនឹងឯកសារតម្កល់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពជា។ តាមឯកសារតម្កល់នោះ UDG គឺជាក្រុមហ៊ុនឯកជនសុទ្ធសាធ ដែលចុះបញ្ជីនៅប្រទេសចិន ហើយដាក់សំណើសុំវិនិយោគនៅកម្ពុជា មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពជា នាដើមឆ្នាំ២០០៨។ ក្រោយឆ្លងកាត់ការពិភាក្សា និងពិនិត្យពីភាគីពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពជា បានសម្រេចចេញវញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុន UDG នៅពាក់កណ្តាលឆ្នាំ២០០៨។ 
 
ពាក់ព័ន្ធនឹងការផ្តល់ទីតាំងវិនិយោគលើស១ម៉ឺនហិកតានោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពជា បានពន្យល់ថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន UDG ពុំមែនជាករណីទទួលបានដីសម្បទានសេដ្ឋកិច្ចទេ តែជាករណីជួលទីតាំងដែលពុំមានច្បាប់កំណត់ទំហំជួលអតិបរមាឡើយ។ ដូច្នេះការជួលទីតាំងឲ្យក្រុមហ៊ុន UDG ក្នុងទំហំដីលើស១ម៉ឺនហិកតានោះមិនមែនជារឿងខុសច្បាប់ទេ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពជា បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដូច្នេះ។ 
 
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពជា ក៏បានបដិសេដចំពោះការលើកឡើងថា  ក្រុមហ៊ុន UDG បានបង្ខំពលរដ្ឋឲ្យចាកចេញពីដីរបស់ខ្លួនដែរ។ តាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពជាដដែល ទីតាំងវិនិយោគរបស់ ក្រុមហ៊ុន UDG គឺជាផ្នែកមួយនៃឧទ្យានជាតិបុទុមសាគរ ដែលជាទ្រព្យសម្បត្តសាធារណៈរបស់រដ្ឋ ហើយតាមច្បាប់ ពុំមានបុគ្គលណា មានសិទ្ធិកាន់កាប់ និងអាស្រ័យផលបានឡើយ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពជា បានបញ្ជាក់ទៀតថា ដោយមានពលរដ្ឋមួយចំនួនបានមកកាន់កាប់ និងអាស្រ័យផលលើទីតាំងដែលត្រូវបានជួលទៅឲ្យក្រុមហ៊ុន UDG  ក្រុមការងារអន្តរក្រសួងមួយត្រូវបានបង្កើតឡើង ក្រោយចុះកិច្ចសន្យាជួល ដើម្បីសម្របសម្រួល និងដោះស្រាយជាមួយពលរដ្ឋដែលកំពុងរស់នៅនោះ ដោយអនុវត្តន៍គោលការណ៍ស្ម័គ្រចិត្ត សន្តិវិធី និងគ្មានការបង្ខំ។
 
ដោយឡែកទាំងរឿងដែលក្រសួងរតនាគារអាមេរិកលើកឡើងថា ការអភិវឌ្ឍរបស់ក្រុមហ៊ុន UDG បំផ្លិចបំផ្លាញបរិស្ថាន និងការចោទថាគម្រោងវិនិយោគនេះ នឹងត្រូវប្រើប្រាស់ជាមូលដ្ឋានទ័ពចិន ក៏ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បដិសេដដែរ។ 
 
សម្រាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគរបស់ក្រុមហ៊ុន UDG បានចូលរួមចំណែកទាក់ទាញក្រុមហ៊ុនជាច្រើនបន្ថែមទៀតមកវិនិយោគនៅទីតាំងវិនិយោគក្នុងខេត្តកោះកុង តាមរយៈការជួលបន្តនូវទីតាំងតាមផ្នែកៗ ដល់ក្រុមហ៊ុនវិនិយោគនានាស្របតាមកិច្ចសន្យាជួល។ ដូច្នេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគាររបស់អាមេរិកនេះ នឹងជះឥទ្ធិពលអវិជ្ជមានដែលមិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុន UDG ប៉ុណ្ណោះទេ តែក៏អាចប៉ះពាល់ធ្ងន់ធ្ងរដល់ការងារប្រជាជនស្លូតត្រង់ជាច្រើន ក៏ដូចជាដល់បរិស្ថានធុរកិច្ច និងវិនិយោគទាំងមូលនៅកម្ពុជាដែរ។
 
សូមជម្រាបថា ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃទី ១៥ ខែកញ្ញា បានសម្រេចដាក់ទណ្ឌកម្ម លើក្រុមហ៊ុន Union Development Group បានចេញសេចក្ដីថ្លែងការណ៍ពីការដាក់ទណ្ឌកម្មលើក្រុមហ៊ុន UDG នៅកម្ពុជា តាមច្បាប់ The Global Magnitsky Human Right ដោយ អះអាងថា ក្រុមហ៊ុន UDG រំលោភសិទ្ធិមនុស្ស។ 
 
ភ្លាមៗ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រុមហ៊ុនមេរបស់ UDG បានថ្កោលទោសចំពោះវិធានការរបស់អាមេរិកនេះ ដោយអះអាងថា អាមេរិកចេញព័ត៌មានមិនពិត រួមទាំងប្រើច្បាប់របស់ប្រទេសខ្លួននៅលើប្រទេសដទៃ៕
 
 

Tag:
 UDG
 បុទុមសាគរ
 ឧទ្យានជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com