ជាតិ
ភ្លៀង ជាមូលហេតុចម្បងដែលធ្វើឲ្យខេត្តស្ទឹងត្រែង មានទេសចរតិចជាងគេ នាអំឡុងភ្ជុំបិណ្ឌ
20, Sep 2020 , 10:29 pm        
រូបភាព
ដោយ:
នាអំឡុងបុណ្យភ្ជុំបិណ្ឌកន្លងទៅ មានទេសចរតែប្រមាណ៦ពាន់នាក់ប៉ុណ្ណោះ ដែលបានទៅលេងកម្សាន្តនៅក្នុងខេត្តស្ទឹងត្រែង។ ចំនួននេះធ្លាក់ចុះប្រមាណ១ពាន់នាក់ បើធៀបនឹងរដូវបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០១៩។ នេះបើតាមលោក  អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានប្រាប់សារព័ត៌មានThmeythmey25។


 
ប្រធានមន្ទីរទេសចរណ៍រូបនេះ ប្រាប់ Thmeythmey25 ទៀតថា ភ្លៀងធ្លាក់នៅក្នុងរយៈពេល៣ថ្ងៃនៃបុណ្យភ្ជុំ បិណ្ឌ គឺជាកត្តាដែលធ្វើឲ្យភ្ញៀវទេសចរធ្លាក់ចុះ។ លោក អ៊ុន ប៉ោសឿន ពន្យល់ដូច្នេះ៖« ថយចុះភ្ញៀវទេសចរមួយពាន់អ្នកនេះ គឺមកពីអាកាសធាតុមានភ្លៀងធ្លាក់រហូត ដែលធ្វើឲ្យភ្ញៀវទេសចរមានការអាក់ខាន ក្នុងការធ្វើដំណើរទៅកាន់រមណីយដ្ឋាននានា។ បើតាមការប្រមូលរបាយការណ៍ គឺមានភ្ញៀវទេសចរច្រើន បានចូលស្នាក់នៅក្នុងទីរួមខេត្តស្ទឹងត្រែង តែតាមតំបន់ទេសចរណ៍មិនសូវមានភ្ញៀវទេសចរ ហើយតំបន់ទេសចរណ៍របស់យើង មាននៅឆ្ងាយៗពីក្រុងផង។ មួយវិញទៀតជំងឺកូវីដ-១៩ ក៏ជាកត្តាធ្វើឲ្យភ្ញៀវទេសចរធ្លាក់ចុះដែរ»។
 
សូមជម្រាបផងដែរថាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខេត្តស្ទឹងត្រែង ស្ថិតក្នុងចំណោមខេត្តដែលមានទេសចរតិចជាងគេ ដែលមានទេសចរទៅកម្សាន្តមិនដល់មួយម៉ឺននាក់ ហើយបន្ទាប់ពីខេត្តស្ទឹងត្រែងនោះ គឺខេត្តស្វាយរៀង ដែលមានទេសចរទៅកម្សាន្ត ជិតពីរពាន់នាក់ប៉ុណ្ណោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com