ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កែវ សម្បត្តិ អតីត​តំណាងរាស្ត្រ CNRP ដែល​ជាប់​បម្រាម​នយោបាយ ទទួលមរណភាព​ក្នុង​អាយុ​៧៨​ឆ្នាំ​
21, Sep 2020 , 10:39 am        
រូបភាព
លោក កែវ សម្បត្តិ (សក់ស) នាពេលលោក កឹម សុខា ទៅកាន់សហរដ្ឋអាមេរិក កាលពីឆ្នាំ​២០១៥
លោក កែវ សម្បត្តិ (សក់ស) នាពេលលោក កឹម សុខា ទៅកាន់សហរដ្ឋអាមេរិក កាលពីឆ្នាំ​២០១៥
លោក កែវ សម្បត្តិ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានទទួល​មរណភាព​ក្នុង​អាយុ​៧៨​ឆ្នាំ នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​សារ​រំលែក​ទុក្ខ​ពី​សំណាក់​លោក កឹម សុខា អតីត​ប្រធាន CNRP​។​

 
​កើត​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​១៩៤២ នៅ​ភូមិ​ទួល​ចារ ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ លោក លោក កែវ សម្បត្តិ ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ ក្នុងចំណោម​មន្ត្រីជាន់ខ្ពស់ CNRP ១១៨​រូប ដែល​ត្រូវបាន​តុលាការ​កំពូល​ហាមឃាត់​សកម្មភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ ដោយ​គិត​ចាប់តាំងពី​ចុងឆ្នាំ​២០១៧​។​
 
​លោក កែវ សម្បត្តិ សញ្ជាតិ​ខ្មែរ​-​អាមេរិក ពី​ក្រុង​ឡូ​វែ​ល បាន​ក្លាយជា​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ តាំងពី​ការបោះឆ្នោត​នា​ឆ្នាំ​២០១៣​។ លោក​ក៏​ជា​វេជ្ជបណ្ឌិត​មួយរូប​ផងដែរ​។​
 
«​ការបាត់បង់​រូបលោក​វេជ្ជបណ្ឌិត កែវ សម្បត្តិ គឺជា​ការបាត់បង់​ស្វាមី ឪពុក ដែលជា​ទីស្រឡាញ់​បំផុត និង​ជា​បង្គោល​ដ៏​រឹងមាំ​របស់​ក្រុមគ្រួសារ ក៏ប៉ុន្តែ​ជាមួយគ្នានេះដែរ សម្រាប់​ខ្ញុំ ការបាត់បង់​លោក​វេជ្ជបណ្ឌិត កែវ សម្បត្តិ គឺជា​ការបាត់បង់​បញ្ញវន្ត បាត់បង់​អ្នកស្នេហាជាតិ​ខ្មែរ ជាពិសេស​បាត់បង់​សហការី​ដ៏​ឆ្នើម​របស់ខ្ញុំ​មួយរូប​ផងដែរ​»​។ លោក កឹម សុខា បាន​សម្តែង​ការសោកស្តាយ​ក្នុង​សារ​រំលែក​ទុក្ខ​ទៅកាន់​លោកស្រី វង្ស សុខ​ហែម ភរិយា​លោក កែវ សម្បត្តិ​។​
 
​លោក កែវ សម្បត្តិ ជា​មន្ត្រី​ទី​ពីរ​ដែល​ស្ថិតក្នុង​បម្រាម​នយោបាយ ហើយ​ទទួលមរណភាព ពោលគឺ​បន្ទាប់ពី​លោក ជាម ចន្ទ​នី អតីត​អ្នកតំណាងរាស្ត្រ CNRP ប្រចាំខេត្ត​កំពង់ធំ ដែល​បានទទួល​មរណភាព​ក្នុង​អាយុ​៥៧​ឆ្នាំ កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​។​
 
​បច្ចុប្បន្ន ក្រៅពី​មន្ត្រី​ពីរ​នាក់​ដែល​បានទទួល​មរណភាព អតីតមន្ត្រី​ជាន់ខ្ពស់ CNRP ចំនួន​១២​រូប​ហើយ ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ក្នុងនោះ​រួមមាន លោក គង់ គាំ លោក គង់ បូរ៉ា លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់​នី ,​លោក រៀល ខេ​ម​រិ​ន្ទ្រ ,​លោក អ៊ូ ច័ន្ទ​រ័ត្ន ,​លោក កង គឹម​ហាក់ ,​លោក ជីវ កត្តា ,​លោក ច័ន្ទ សិលា លោកស្រី ទេព សុ​ទ្ធី លោក សុន ឆ័យ , លោក វ៉ា សាម៉ុន និង​លោក តាវ គឹមឈុន​៕
 

Tag:
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com