COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ស៊ូ​ហ្កា និង​លោក ត្រាំ ជជែក​តាម​ទូរ​សព្ទ​លើកដំបូង​ពី​សន្តិសុខ​និង COVID-19
21, Sep 2020 , 11:11 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ  និងនាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ។ រូបភាព AFP
ដោយ:
​នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជជែក​ពិភាក្សាគ្នា​លើកដំបូង​តាមរយៈ​ទូរ​សព្ទ នៅ​ថ្ងៃទី ២០ ខែកញ្ញា ចាប់តាំងពី​លោក​លោក ស៊ូ​ហ្កា ឡើងកាន់​អំណាច​មក​។ ក្នុង​កិច្ចសន្ទនា​នេះ ប្រមុខ​ដឹកនាំ​ទាំងពីរ បាន​ប្តេជ្ញា​ពង្រឹង​សម្ព័ន្ធភាព​សន្តិសុខ​រវាង​ប្រទេស​ទាំងពីរ​កាន់តែខ្លាំង​ថែមទៀត ហើយ​បន្ត​រួមដៃគ្នា​ដោះស្រាយ​វិបត្តិ​ជំងឺ​រាតត្បាត​សកល COVID-19 ដែល​កំពុង​យាយី​ពិភពលោក​ទាំងមូល​។

 
 
​លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ត្រូវបាន​បោះឆ្នោត​ដោយ​សភា​ជប៉ុន​ឲ្យ​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ជំនួស​លោក ស៊ិន​ហ្សូ អា​បេ កាលពី​សប្ដាហ៍​មុន​។ កាន់តំណែង​នេះ​អស់​ជិត ៨ ឆ្នាំ លោក អា​បេ បាន​ប្រឹងប្រែង​រឹតចំណង​មិត្តភាព​ស្និត​ស្នាល​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ដោយ​លេង​វាយ​កូន​ហ្គោល​ជាមួយគ្នា និង​ជជែក​ពិភាក្សាគ្នា​តាម​ទូរ​សព្ទ​ញឹកញាប់​ជាដើម​។​
 
​ជា​អតីត​មនុស្ស​ជំនិត​របស់លោក អា​បេ លោក ស៊ូ​ហ្កា នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​ជប៉ុន​-​អាមេរិក​ថែមទៀត​។ លោក ស៊ូ​ហ្កា បាន​ប្រាប់​ប្រធានាធិបតី ត្រាំ តាម​ទូរ​សព្ទ​ថា​៖«​សម្ព័ន្ធមិត្ត​ជប៉ុន​-​អាមេរិក គឺជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​នៃ​ស្ថិរភាព​និង​សន្តិភាព​ក្នុង​តំបន់​»​។ ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចសន្ទនា​នេះ លោក ស៊ូ​ហ្កា បញ្ជាក់ទៀតថា ប្រទេស​ទាំងពីរ ប្តេជ្ញា​បន្ត​ពង្រឹង​ចំណងទាក់ទង​នេះ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo នាយករដ្ឋមន្ត្រី​ជប៉ុន​វ័យ​៧១​ឆ្នាំ​រូបនេះ អះអាងថា លោក ត្រាំំ ស្វាគមន៍​ឲ្យ​លោក​ទាក់ទង​ទៅ​២៤​ម៉ោង បើ​មានរឿង​អ្វី​កើតឡើង​។ អំឡុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​រយៈពេល​២៥​នាទី​នេះ ប្រមុខ​ដឹកនាំ​ទាំងពីរ ក៏បាន​ពិភាក្សាគ្នា​ជុំវិញ​ស្ថានការណ៍​នៅ​កូរ៉េខាងជើង ក៏ដូចជា វិធានការ​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​សកល COVID-19 ហើយ​ថែមទាំង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ជុំវិញ​ប្រទេស​ចិន​ផងដែរ​។ 
 
​ម្យ៉ាងវិញទៀត យោងតាម​សេចក្តីថ្លែងការណ៍​ដែល​ចេញផ្សាយ​ដោយ​សេត​វិមាន​អាមេរិក លោក ស៊ូ​ហ្កា និង​លោក ត្រាំ ក៏បាន​លើកឡើង​ពី​សារសំខាន់​នៃ​ការប្រកាន់​ខ្ជាប់​នូវ​ទស្សនៈវិស័យ​រួម «​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ​» ក៏ដូចជា​យល់ព្រម​សហការគ្នា​ពង្រឹង​សេដ្ឋកិច្ច​សកល​ផងដែរ​។ 
 
​លោក ត្រាំ មិនមែនជា​មេដឹកនាំ​ទីមួយ​ទេ ដែល​បាន​ជជែក​ពិភាក្សា​ជាមួយ​លោក ស៊ូ​ហ្កា ចាប់តាំងពី​ឡើងកាន់តំណែង​មក​។ នៅមុន​ជំនួប​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​អាមេរិក នាយករដ្ឋមន្ត្រី ស៊ូ​ហ្កា បាន​ជជែក​ពិភាក្សា​តាម​ទូរ​សព្ទ​ជាមួយ​សម​ភាគី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន ។ ក្រោយ​ជំនួប​ជាមួយ​មេដឹកនាំ​ទាំងពីរ លោក ស៊ូ​ហ្កា បាន​អះអាងថា លោក​ចង់​ជជែក​គ្នា​តាម​ទូរ​សព្ទ​ជាមួយ​បណ្ដា​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត ។ យ៉ាងណា លោក​ពុំបាន​រៀបរាប់​ឈ្មោះ​ពួកគេ​ឡើយ​៕
 
 

Tag:
 ជប៉ុន​
  សហរដ្ឋអាមេរិក​
  ជប៉ុន​
  យូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com